28.7 C
Phnom Penh

ប្រធានាធិបតី​ហ្វីលីពីន​ថា​ការ​ពង្រឹង​សម្ព័ន្ធភាព​ជា​មូលដ្ឋានគ្រឹះ​នៃ​ទស្សនកិច្ច​ទៅ​កាន់​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​២៩ មករា នេះ​បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ហ្វីលីពីន ហ្វឺឌឺណង់ ម៉ាសកូសជៀ បាន​ទៅ​ដល់​ប្រទេស​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ សំដៅ​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ដែល​មាន​ជម្លោះ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ប្រទេស​ចិន។

វៀតណាម ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​ខ្លាំង​មួយ ទាំង​សេដ្ឋកិច្ច នយោបាយ រួម​ទាំង​វិស័យ​យោធា​ផង​ដែរ។ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ បើ​ទោះជា​ប្រកាន់​យក​របប​ដឹកនាំ​កុម្មុយនីស្ត​ក៏ដោយ តែ​ទីក្រុង​ហាណូយ នេះ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុងតែ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​នឹង​ប្រទេស​ដែល​មាន​ជម្លោះ​ព្រំដែន​សមុទ្រ​ជាមួយ​នឹង​ចិន ហើយ​ក្នុង​នោះ​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ប្រធានាធិបតី​ហ្វីលីពីន បាន​ហៅ​ប្រទេស​វៀតណាម ជា​កម្លាំង​យុទ្ធសាស្ត្រ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​តំបន់​សមុទ្រ​ចិន​ខាងត្បូង។ មុន​ឡើង​យន្តហោះ​ទៅ​កាន់​ទីក្រុង​ហាណូយ លោក ម៉ាសកូស បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ដែល​លោក​បាន​និយាយ​ថា ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​ហាណូយ មាន​គោលដៅ​សំខាន់​គឺ​ពង្រឹង​សន្តិភាព​ស្ថិរភាព​ក្នុង​តំបន់ និង​បើក​ចំហ​កម្លាំង​វិនិយោគទុន​របស់​ហ្វីលីពីន និង​វៀតណាម​រួម​គ្នា។

លោក ម៉ាសកូសជៀ ត្រូវ​ជួប​មន្ត្រី​កំពូលៗ​របស់​វៀតណាម មាន​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី។

លោក ម៉ាសកូសជៀ បាន​ថ្លែង​បន្ត​ថា ក្នុង​ឱកាស​ទស្សនកិច្ច​នេះ លោក​សង្ឃឹម​ថា​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​វៀតណាម កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ហើយ​ការ​ចរចា​គ្រប់​វិស័យ​ទាំងអស់​ត្រូវតែ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ដែល​ក្នុង​នោះ​រាប់​ទាំង​មុខជំនួញ​ពាណិជ្ជកម្ម ការ​អប់រំ និង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​មេដឹកនាំ​ហ្វីលីពីន​រូប​នេះ​បញ្ជាក់​ថា បញ្ហា​តំបន់​ដែល​កំពុងតែ​តានតឹង ដូចជា​ករណី​សមុទ្រ​ចិន​ខាងត្បូង ជាដើម គឺជា​ចំណុច​គន្លឹះ​នៃ​ការ​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​វៀតណាម។

វៀតណាម និង​ហ្វីលីពីន ក៏​មាន​ខ្សែបន្ទាត់​ព្រំដែន​សមុទ្រ​ចិន​ខាងត្បូង​ត្រួត​ស៊ី​គ្នា​ផង​ដែរ ប៉ុន្តែ​ប្រទេស​ពីរ​នេះ​មិន​ដែល​មាន​ភាព​តានតឹង​ដាក់​គ្នា​នោះ​ទេ លើកលែងតែ​ក្រុង​ម៉ានីល តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ហាណូយ តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង ប៉ុណ្ណោះ។

ដំណាក់កាល​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​ហ្វីលីពីន និង​ចិន ឡើង​កម្ដៅ​ផ្នែក​យោធា​ជា​ខ្លាំង ដែល​ឈាន​ដល់​ការ​បញ្ចេញ​នាវាចម្បាំង​ប្រឈមមុខ​ដាក់​គ្នា​ទៀត​ផង​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។

ស្រប​ពេល​ដែល​ហ្វីលីពីន តានតឹង​ជាមួយ​ចិន ករណី​សមុទ្រ​ចិន​ខាងត្បូង​នេះ វៀតណាម​ឯណោះ​វិញ​ក៏​តានតឹង​ជាមួយ​ចិន​ផង​ដែរ។ ជា​រឿយៗ នាវា​ល្បាត​ចិន តែងតែ​បើក​បណ្ដេញ​ទូក​នេសាទ​របស់​វៀតណាម ជាពិសេស​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសែល ដែល​ធ្លាប់​មាន​សង្គ្រាម​សមុទ្រ​ជាមួយ​គ្នា​នៃ​ប្រទេស​ពីរ​នេះ​កាលពី​ឆ្នាំ​១៩៧៤។

ប្រធានាធិបតី​ហ្វីលីពីន តែងតែ​ប្រាប់​មេដឹកនាំ​អាស៊ាន​ថា ដើម្បី​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ផល​ប្រយោជន៍​ដែនសមុទ្រ​ចិន​ខាងត្បូង លុះត្រាតែ​ប្រទេស​នៅ​សមាគម​អាស៊ាន ជាពិសេស​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន នៃ​សមុទ្រ​ចិន​ខាងត្បូង រួម​កម្លាំង​គ្នា។

ប្រទេស​ក្នុង​សមាគម​អាស៊ាន​ដែល​មាន​ជម្លោះ​ជាមួយ​ចិន ករណី​សមុទ្រ​ចិន​ខាងត្បូង រួម​មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី។ ប្រទេស​ប្រាំ​នេះ​តែងតែ​រួម​គំនិត​គ្នា​ដើម្បី​បញ្ចេញ​ឱ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ ប៉ុន្តែ​ជិត ២០​ឆ្នាំ​មក​ហើយ ច្បាប់​សមុទ្រ​តំបន់​មួយ​នេះ​មិន​ដែល​កើត​រូបរាង​នោះ​ទេ។

ប្រទេស​ខ្លះ​ក្នុង​សមាគម​អាស៊ាន​ដែល​មិន​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ចេតនា​លម្អៀង​ទៅ​រក​ចិន ខណៈ​ដែល​ក្រុង​ប៉េកាំង ចង់​មាន​ក្រម​ប្រតិបត្តិ​សមុទ្រ​នេះ​និយាយ​យោង​ដល់​អត្ថប្រយោជន៍​ទូលំទូលាយ​របស់​ខ្លួន ព្រោះ​ក្រុង​ប៉េកាំង អះអាង​ថា ខ្លួន​គេ​មាន​កម្មសិទ្ធិ​ព្រំដែន​សមុទ្រ​រហូត​ដល់​ទៅ ៩០​ភាគរយ​នៃ​លំហ​សមុទ្រ ៣​លាន ៥​សែន​គីឡូម៉ែត្រ​ក្រឡា។

លោក ម៉ាសកូសជៀ ដែល​ផ្ដើម​ទស្សនកិច្ច​នៅ​វៀតណាម​លើកដំបូង​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ត្រូវ​បាន​គេ​មើល​ឃើញ​ថា មេដឹកនាំ​ហ្វីលីពីន​រូប​នេះ​ត្រូវ​បញ្ចុះបញ្ចូល​មេដឹកនាំ​វៀតណាម ឱ្យ​តស៊ូ​រួម​គ្នា​ក្នុង​សមាគម​អាស៊ាន​ទប់ទល់​នឹង​ឥទ្ធិពល និង​ការ​រំលោភ​បំពាន​ពី​សំណាក់​ប្រទេស​ចិន នៅ​ក្នុង​ជម្លោះ​ព្រំដែន​សមុទ្រ​ចិន​ខាងត្បូង។

ក្នុង​ន័យ​នេះ​ហើយ​ដែល​ហ្វីលីពីន ឈាន​ទៅ​ដល់​ការ​ចាប់​យក​កិច្ចព្រមព្រៀង​យោធា​ជាមួយ​នឹង​ប្រទេស​ដែល​មាន​សក្ដានុពល​ផ្នែក​យោធា មាន​ដូចជា​សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា និង​ប្រទេស​ជប៉ុន។ ប្រទេស​ទាំងអស់​នេះ​សុទ្ធតែ​បាន​ធ្វើ​សមយុទ្ធ​នាវាចម្បាំង យន្តហោះ​ចម្បាំង​ជាមួយ​ប្រទេស​ហ្វីលីពីន។

ក្នុង​ស្ថានភាព​ដែល​ប្រឈមមុខ​ជាមួយ​ចិន ក្រុង​ម៉ានីល ចាប់ផ្ដើម​ស្វែងរក​អាវុធ​ទំនើបៗ​ពី​សហរដ្ឋ​អាមេរិក ពី​ឥណ្ឌា មាន​ដូចជា​ហ្វីលីពីន​កំពុងតែ​ដាក់​ស្នើ​ទិញ​យន្តហោះ​ចម្បាំង F-16 ពី​សហរដ្ឋ​អាមេរិក និង​មីស៊ីល BrahMos រយៈ​ចម្ងាយ​មធ្យម​ពី​ប្រទេស​ឥណ្ឌា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស