27.4 C
Phnom Penh

សកម្មជន​ខ្មែរ-អាមេរិកាំង​ចង់​ឃើញ​រាជរដ្ឋាភិបាល​បកស្រាយ​រឿង​កោះ​គុត​ឱ្យ​អស់​ចម្ងល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត និង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​ថា តើ​កោះ​គុត​នៅ​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ទៀត​ដែរ​ឬ​ក៏​អត់ ក្រោយ​នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា កោះ​គុត​គ្មាន​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​នោះ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បកស្រាយ​ពី​បញ្ហា​កោះ​គុត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា ពិត​មែន​តែ​ក្នុង​មាត្រា​២ នៃ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ បាន​និយាយ​អំពី​ការ​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ក្នុង​សន្ធិសញ្ញា​នេះ​ក៏​បាន​ភ្ជាប់​ឧបសម្ពន្ធ​ផ្សេង​ទៀត​ដែល​និយាយ​អំពី​ដែន​រវាង​កម្ពុជា-ថៃ ដែរ។

លោក មួង ណារ៉េត លើកឡើង​ថា បើ​ទោះបីជា​បារាំង បាន​ចុះសន្ធិសញ្ញា​ជាមួយ​សៀម ដោយ​កាត់​ខេត្ត​ត្រាត ឱ្យ​ទៅ​ប្រទេស​ថៃ ដែល​មាន​កោះ​គុត​នៅ​ក្នុង​នោះ​ក៏ដោយ ក៏​កោះ​គុត​មិន​បាន​កាត់​បញ្ចូល​ទៅ​ក្នុង​ខេត្ត​ត្រាត នេះ​ទេ ព្រោះ​កោះ​គុត​ជា​តំបន់​ដែល​ស្ថិត​នៅ​ដែនទឹក ដូច្នេះ​កោះ​នេះ​ត្រូវ​ស្ថិត​ក្នុង​ការ​កំណត់​នៃ​ឧបសម្ពន្ធ​ផ្សេង​ទៀត​នៃ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧។

លោក​បន្ត​ថា រាល់​ការ​បកស្រាយ​អំពី​កោះ​គុត​ត្រូវតែ​រាប់​បញ្ចូល​ឧបសម្ពន្ធ​ទាំងអស់​ដែល​ភ្ជាប់​ជាមួយ​សន្ធិសញ្ញា​នេះ នោះ​ទើប​រក​ឃើញ​ថា​កោះ​គុត​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ខ្មែរ។

លោក​បន្ថែម​ថា បើ​មើល​ត្រឹមតែ​មាត្រា​២ នៃ​សន្ធិសញ្ញា​បារាំង-សៀម ចុះ​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​១៩០៧ នោះ​គេ​ប្រាកដជា​ច្រឡំ​ថា បារាំង​បាន​ប្រគល់​កោះ​គុត​ឱ្យ​ទៅ​ប្រទេស​ថៃ ផ្ដាច់មុខ​ជាមិនខាន​ព្រោះ​កោះ​នេះ​ស្ថិត​ក្នុង​ដែនសមុទ្រ​នៃ​ខេត្ត​ត្រាត ប្រទេស​ថៃឡង់ដ៍។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​រូប​នេះ​អះអាង​ថា ដើម្បី​ឱ្យ​ដឹង​ថា​ខ្មែរ​មាន​ចំណែក​កម្មសិទ្ធិ​លើ​កោះ​គុត ឬ​ក៏​អត់ គេ​ត្រូវ​មើល​ឧបសម្ពន្ធ​ផ្សេង​ទៀត​ដែល​ភ្ជាប់​ជាមួយ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ដូចជា ផែនទី​ដែល​ជា​ឧបសម្ពន្ធ​ភ្ជាប់​ជាមួយ​សន្ធិសញ្ញា​នេះ ជាដើម។

លោក​ថា បើ​ពិនិត្យ​លើ​ផែនទី​ឧបសម្ពន្ធ​នេះ ទើប​គេ​អាច​ដឹង​ថា កោះ​គុត​មាន​ចំណែក​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ព្រោះ​ខ្សែបន្ទាត់​ក្នុង​ការ​កំណត់​ដែនសមុទ្រ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ គឺ​ត្រូវ​កំណត់​ពី​បង្គោល​ព្រំដែនគោល​លេខ​៧៣ នៅ​ឆ្នេរ​ចាំយាម ខេត្ត​កោះកុង រត់​ត្រង់​ទៅ​ចំណុច​ខ្ពស់​បំផុត​លើ​កោះ​គុត។

លោក​គូសបញ្ជាក់​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​ដោះស្រាយ​ដោយ​យុត្តិធម៌​ជាមួយ​ប្រទេស​ជិតខាង និង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​អស់ចិត្ត គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ការ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ទេ ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​មិនមែន​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​ពិធី​ដាច់ដោយឡែក​ពី​គ្នា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​អំពី​កោះ​គុត​ដែរ ប៉ុន្តែ​ឪពុក​កូន​ពីរ​នាក់​នេះ​មិន​បាន​បញ្ជាក់​ថា តើ​កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ ផ្ដាច់មុខ ឬ​កម្ពុជា​មាន​ចំណែក​កម្មសិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​លើ​កោះ​នេះ​ឬ​ក៏​អត់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​បំផុត​នោះ គឺ​លោក ហ៊ុន សែន គំរាម​ថា លោក​ត្រៀម​បង្កើត​ច្បាប់​ដាក់​អ្នក​ដែល​ទាមទារ​ឱ្យ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ជុំវិញ​បញ្ហា​កោះ​គុត​នេះ ជា​ក្រុម​ភេរវករ​ទៅវិញ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​អះអាង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថៃ ថា គ្មាន​ការ​សង្ស័យ​ទេ កោះ​គុត​ជា​ទឹកដី​អធិបតេយ្យភាព​របស់​ថៃ ផ្ដាច់មុខ​ទៅ​ហើយ ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ចេញ​មក​បំភ្លឺ​លើ​ករណី​នេះ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។

ទោះជា​យ៉ាង​ដូចម្តេច​ក៏ដោយ រឿង​ព្រំប្រទល់​ដែន​រវាង​ប្រទេស​និង​ប្រទេស ទាំង​លើ​គោក លើ​ទឹក និង​លើ​អាកាស ជា​កាតព្វកិច្ច​រដ្ឋាភិបាល ហើយ​ករណី​ប្រទេស​កម្ពុជា គឺជា​កាតព្វកិច្ច​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស