អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា បានឲ្យដឹងថា ជនភៀសខ្លួនទាំង ៦នាក់ដែលសមត្ថកិច្ចថៃ បានបញ្ជូនខ្លួនមកដាក់ទោសនៅកម្ពុជា កំពុងឃុំខ្លួននៅក្នុងពន្ធនាគារខុសៗគ្នាក្រោមបទចោទ «ក្បត់ជាតិ» ដែលអាចប្រឈមនឹងការដាក់គុកពី ៧ឆ្នាំទៅ ៣០ឆ្នាំ។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានបញ្ជាក់នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះថា ជនភៀសខ្លួនកម្ពុជាទាំង ៦នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខុសៗគ្នានៅពេលមកដល់ទឹកដីកម្ពុជាភ្លាម កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ពីបទចោទប្រកាន់ក្នុងបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមនឹងការដេកគុកពី ៧ឆ្នាំទៅ ៣០ឆ្នាំ។
គណៈកម្មការសម្របសម្រួលជនភៀសខ្លួននៅក្នុងប្រទេសថៃ លោក ខឹម មុនីកុសល បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៧ វិច្ឆិកា នេះថា សមត្ថកិច្ចថៃ បានចុះឡោមព័ទ្ធចាប់ខ្លួនជនភៀសខ្លួននយោបាយទាំង ៦នាក់ដល់ក្នុងបន្ទប់ជួលនៅម្ដុំស៊ីម៉ាំមឿង (Si Mum Muang) ខេត្តប៉ាធុមថានី (Pathum Thani) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា អាជ្ញាធរថៃ បានបញ្ជូនជនភៀសខ្លួនខ្មែរទាំង ៦នាក់ឱ្យអាជ្ញាធរកម្ពុជា ទោះបីជាមានការជួយអន្តរាគមន៍ពីមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិក៏ដោយ។
លោក ខឹម មុនីកុសល អះអាងថា ជនភៀសខ្លួនទាំង ៦នាក់រួមមានលោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន ជាមួយចៅប្រុសអាយុ ៧ឆ្នាំ សមាជិកបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសថៃ លោក មាន ចាន់ថុន ព្រមទាំងជនភៀសខ្លួនខ្មែរក្រោម ៣នាក់ទៀត គឺលោកស្រី យ៉ិន ចន្ធូ លោកស្រី សឺង គន្ធា និងលោកស្រី វ៉ន ច័ន្ទរចនា។
លោកបន្តថា អាជ្ញាធរថៃ បានចាប់ខ្លួនជនភៀសខ្លួនខ្មែរទាំងនេះពីបទ «រស់នៅខុសច្បាប់ក្នុងប្រទេសថៃ»។
លោក ខឹម មុនីកុសល បញ្ជាក់ថា ជនភៀសខ្លួនទាំង ៦នាក់នេះជាជនភៀសខ្លួនស្ថិតនៅក្រោមការសម្របសម្រួលរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ។ លោកថា ប្រទេសថៃ លែងជាទីតាំងមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួននយោបាយខ្មែរទៀតហើយ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា បញ្ជាក់ថា បច្ចុប្បន្ន លោក ប៉ែន ច័ន្ទសង្គ្រាម កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង «ម៣»។ ចំណែកលោកស្រី ហុង អាន លោកស្រី យ៉ិន ចន្ធូ លោកស្រី វ៉ន ច័ន្ទរចនា កំពុងជាប់ឃុំនៅពន្ធនាគារ «ម២» រាជធានីភ្នំពេញ។ រីឯលោកស្រី សឺង គន្ធា និងលោក មាន ចាន់ថុន កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល។
លោកបន្តថា ការឃុំខ្លួនពួកគេ គឺជាការអនុវត្តតាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ វិច្ឆិកា នេះថា ការចាប់ខ្លួនសកម្មជននយោបាយដែលភៀសខ្លួន និងពលករខ្មែរ បានបង្ហាញពីការសហការគ្នារវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ក្រោមរូបភាពគាបសង្កត់ឆ្លងដែន។
លោក ស៊ឹង សែនករុណា អំពាវនាវឱ្យអង្គការសហប្រជាជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា ជួយធានាដល់សិទ្ធិរបស់ជនភៀសខ្លួនដែលត្រូវរងនូវការគាបសង្កត់ឆ្លងដែនពីសំណាក់រដ្ឋាភិបាលកម្ពុជានៅពេលនេះ ដើម្បីធានាឲ្យបាននូវសិទ្ធិជាមូលដ្ឋានស្របតាមច្បាប់អន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
ទាក់ទិននឹងបញ្ហានេះ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា ‘Swap Mart ឬ ផ្សារជួញដូរក្នុងប្រទេសថៃ កំពុងត្រូវបានកំណត់ជាទីតាំងគោលដៅក្នុងការដោះដូរជនភៀសខ្លួន ឬអ្នកដែលស្វែងរកសិទ្ធិជ្រកកោននយោបាយពីប្រទេសជិតខាង ដូចជាមកពីប្រទេសកម្ពុជា ជាដើម៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

