33 C
Phnom Penh

មន្ត្រី​បក្ស​ជំទាស់​បន្ត​និយាយ​រឿង​កោះ​គុត ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​អះអាង​ថា​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ ប្រសិនបើ​កោះ​គុត​ត្រូវ​បាន​កាត់​ទៅ​ឱ្យ​ប្រទេស​ថៃ ដូច​ការ​អះអាង​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ​ថា ទោះ​ជា​មាន​ការ​អះអាង​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​ថា​កោះ​គុត​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ប្រទេស​ថៃ ក៏ដោយ ក៏​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ពលរដ្ឋ​ខ្មែរ​នៅ​មិន​ទាន់​ជឿ​សម្ដី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​នៅ​ឡើយ​ដែរ។

លោក មុត ចន្ថា លើកឡើង​ថា ការ​អះអាង​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ថា​កោះ​គុត​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ថៃ គឺ​ស្មើ​នឹង​ទះ​កំផ្លៀង​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត យ៉ាង​ដំណំ ដោយសារតែ​លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រាប់​ពលរដ្ឋ​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ​ថា គ្មាន​នរណា​ទាមទារ​យក​កោះ​គុត​ទេ សូម្បីតែ​ប្រទេស​ថៃ ក៏ដោយ។

លោក មុត ចន្ថា អះអាង​ថា ទោះបី​ប្រទេស​កម្ពុជា​បាន​ប្រគល់​កោះ​គុត​ទៅ​ឱ្យ​ប្រទេស​ថៃ តាមរយៈ​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ ក៏ដោយ ក៏​វា​មិន​អាច​ធ្វើ​ទៅ​រួច​ដែរ ព្រោះ​ទង្វើ​នេះ​គឺ​រំលោភ​បំពាន​លើ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ ដែល​បាន​ក្លាយ​ជា​ច្បាប់​អន្តរជាតិ អំពី​បញ្ហា​ដែនសមុទ្រ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម។

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា មាន​តែ​បងធម៌​របស់​លោក ថាក់ស៊ីន គឺ​លោក ហ៊ុន សែន ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​ឆ្លើយតប​ចំពោះ​ការ​អះអាង​របស់​លោក ថាក់ស៊ីន ដែល​ថា​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០១ ឬ MOU លេខ​៤៤ បាន​កាត់​ឆ្វៀល​កោះ​គុត​ទៅ​ប្រទេស​ថៃ មែន​ឬ​ក៏​អត់​នោះ។

លោក​គូស​បញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវតែ​ចេញ​មុខ​ស្រាយ​បំភ្លឺ​ចំពោះ​មុខ​ពលរដ្ឋ​ខ្មែរ​ពាក់ព័ន្ធ​នឹង​អនុស្សរណៈ​ឆ្នាំ​២០០១ ឬ MOU លេខ​៤៤ នេះ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​ចង់​ដឹង​ពី​រឿង​នេះ ថា​តើ​កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ឬ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ចេញពី​មាត់​ផ្ទាល់​របស់​គាត់​ដែល​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​នោះ។

កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន បាន​លើកឡើង​ក្នុង​កម្មវិធី​សិក្ខាសាលា​មួយ​ស្ដីពី «ការ​កសាង​សមត្ថភាព​សមាជិក​សភា និង​បុគ្គលិក​នយោបាយ» របស់​គណបក្ស​ភឿថៃ (Pheu Thai) ថា កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ ១​លាន​ភាគរយ ដោយ​គ្មាន​ប្រទេស​ណា​អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ លើកឡើង​ថា ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា​មួយ​ចំនួន​ដែល​បាន​ចុះផ្សាយ​ថា មេដឹកនាំ​ខ្មែរ​មិន​ចាត់ទុក​កោះ​គុត គឺជា​ដែន​អធិបតេយ្យ​របស់​ថៃ នោះ គឺជា​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្បនិម្មិត ឬ អេអាយ (AI) ដើម្បី​ផ្សព្វផ្សាយ​រឿង​ប្រតិដ្ឋ​តែប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ ធ្នូ ថា នាយករដ្ឋមន្ត្រី​ថៃ ទាំង​ឪពុក​ទាំង​កូន ចេញ​មុខ​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា «កោះ​គុត» ជា​របស់​ថៃ មួយ​លាន​ភាគរយ ខណៈ​មេដឹកនាំ​កម្ពុជា​មិន​ហ៊ាន​សូម្បីតែ​ប្រកាស​ជំហរ​លើ​កោះ​គុត ក្រោម​ហេតុផល​ថា ខ្លួន​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ។

គួរ​រំឭក​ថា លោក ហ៊ុន សែន បាន​សន្មត​យក​លោក ថាក់ស៊ីន ធ្វើ​ជា​បងប្អូន​ធម៌​នឹង​គ្នា ហើយ​យក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​មេទ័ព​ទម្លាក់​ពី​តំណែង​នោះ​ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច ដែល​គ្រា​នោះ​ធ្វើ​ឲ្យ​មេដឹកនាំ​ថៃ ក្តៅក្រហាយ​យ៉ាង​ខ្លាំង។ កាលពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ នៅ​មាន​ព្រះជន្ម​គង់​នៅ ព្រះអង្គ​ធ្លាប់​មាន​បន្ទូល​អំពី​លោក ថាក់ស៊ីន ថា​លោក​ដាក់​ទុន​រាប់​ពាន់​លាន​ដុល្លារ​រកស៊ី​ជាមួយ​លោក ហ៊ុន សែន នៅ​ក្នុង​ខេត្ត​កោះកុង។

ក្រោយពី​លោក ថាក់ស៊ីន អស់​តំណែង អស់​អំណាច លោក ហ៊ុន សែន បង្វែរ​ខេត្ត​កោះកុង ទៅ​ឲ្យ​ចិន អភិវឌ្ឍ​វិញ។ ចំពោះ​រឿង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ គឺ​លោក​ទេសរដ្ឋមន្ត្រី សុខ អាន ចុះហត្ថលេខា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ខ្មែរ​តាម​បញ្ជា​លោក ហ៊ុន សែន ក្នុង​មុខនាទី​ជា​ប្រធាន​អាជ្ញាធរ​ប្រេងឥន្ធនៈ​កម្ពុជា ជាមួយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​នៃ​រាជាណាចក្រ​ថៃ លោក ស៊ុរៈគៀត សាធីរ៉ាត់ថៃ។ ដូច្នេះ ពលរដ្ឋ​ខ្មែរ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចេញ​មុខ​បំភ្លឺ​អំពី​បញ្ហា​ជាតិ​មាតុភូមិ​នោះ មិន​ខុស​ទេ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស