អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ការទាមទារឱ្យលុបអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU-2001 ឬ MOU44) ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area) ដែលហៅកាត់ថា OCA របស់ពលរដ្ឋថៃ និងពលរដ្ឋខ្មែរ គឺមានបំណងតែមួយ តែស្ថិតក្នុងគោលដៅផ្ទុយគ្នា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Dailyនៅថ្ងៃទី២៥ ធ្នូ នេះថា ការទាមទារឲ្យលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នា គឺជារឿងល្អ និងសមហេតុផលសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ។
លោកថា ការធ្វើបែបនេះគឺដោយសារពលរដ្ឋខ្មែរមើលឃើញថា នៅពេលនេះ ថៃមានបំណងរំលោភយកព្រំដែនសមុទ្ររបស់ខ្មែរទំហំ ៣ម៉ឺនគីឡូម៉ែត្រក្រឡា (៣០០០០គីឡូម៉ែត្រក្រឡា) ទាំងអស់ រួមទាំងកោះគុតទាំងមូលផងដែរ។
កោះគុត គឺជាកោះដែលត្រូវបានកំណត់ជាខ្សែបន្ទាត់មូលដ្ឋាននៃការកំណត់ព្រំដែនសមុទ្រជាមួយថៃ ក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ត្រង់អនុប្រការ១ និងអនុប្រការ២ ដែលត្រូវបានភ្ជាប់ដោយផែនទីឧបសម្ពន្ធរួចទៅហើយនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះបញ្ជាក់ថា ចំណែកពលរដ្ឋថៃ ដែលទាមទារឲ្យលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ស្ដីពីតំបន់សមុទ្រត្រួតស៊ីគ្នានេះ គឺដោយសារពួកគេមិនពេញចិត្តនឹងគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ក្នុងការដឹកនាំរដ្ឋាភិបាលថៃ ផង និងចង់លេបយកកោះគុតទាំងមូលដែលមានទំហំ ២៦០០០គីឡូម៉ែត្រក្រឡាថែមទៀតផងដែរ។
កាលពីថ្ងៃទី២៤ ខែធ្នូ ក្រុមអាវលឿងថៃ បានប្រមូលផ្ដុំគ្នាទាមទារឱ្យរដ្ឋាភិបាលរបស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ផ្តល់ចម្លើយដល់ពួកគេ បន្ទាប់ពីអ្នកទាំងនោះអំពាវនាវឲ្យលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU2001 ឬ MOU44) ស្ដីពីតំបន់ត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា រួមទាំងបញ្ហាកោះគុតផងដែរ។
ក្នុងការប្រមូលផ្ដុំនោះ ក្រុមអាវលឿង និងក្រុមប្រឆាំងថៃ ប្រកាសទុកពេលឱ្យរដ្ឋាភិបាលថៃ ផ្តល់ចម្លើយដល់ពួកគេត្រឹមចុងឆ្នាំនេះ។ ផ្ទុយទៅវិញ បើគ្មានការឆ្លើយតបសមហេតុផលណាមួយទេ ពួកគេនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំនៅដើមឆ្នាំក្រោយតែម្តង។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ពលរដ្ឋខ្មែរក្រៅស្រុកក៏បានចេញសេចក្តីជូនដំណឹងស្ដីពីការធ្វើបាតុកម្មការពារកោះគុតនៅដើមឆ្នាំក្រោយនេះផងដែរ។
ដំណាលពេលគ្នានេះ អតីតនាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញាក្នុងជំនួបជាមួយប្រធានបក្សកុម្មុយនីស្តយៀកណាម ឡេ ហយជុង ថានឹងរក្សាទំនាក់ទំនងល្អជាប្រពៃណីជាមួយប្រទេសយៀកណាមលើគ្រប់វិស័យ ដោយហេតុថាប្រទេសយៀកណាម បានជួយអភិវឌ្ឍប្រទេសកម្ពុជារហូតដល់បានរីកចម្រើនមកដល់ពេលនេះ។
ជំហររបៀបលេងលោតអន្ទាក់របស់លោក ហ៊ុន សែន ពីហាណូយ-ប៉េកាំង ពីប៉េកាំង-ហាណូយ នេះ ធ្វើឲ្យពលរដ្ឋខ្មែរអស់សង្ឃឹមនឹងរាជរដ្ឋាភិបាលថានឹងមិនលើករឿងកោះត្រល់ទៅតវ៉ាសោះឡើយនាអនាគត។ គេរង់ចាំមើលថា តើនាយករដ្ឋមន្ត្រីឪកូន នឹងធ្វើដូចម្តេចរឿងកោះគុតជាមួយប្រទេសថៃឡង់ដ៍៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

