28.8 C
Phnom Penh

តុលាការ​កាត់ទោស​មេ​បក្ស​កម្លាំង​ជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពិន័យ​ប្រាក់ ៤​លាន​រៀល និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​អស់​មួយ​ជីវិត។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​បាន​ដាក់​បម្រាម​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ សកម្មជន និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ចូលរួម​ស្តាប់​ក្នុង​ពេល​ប្រកាស​សាលក្រម​នេះ​ទេ ខណៈ​ភរិយា​របស់​លោក ស៊ុន ចន្ធី ដែល​កំពុង​មាន​គភ៌ និង​ទំនង​ជា​សម្រាល​កូន​នៅ​ថ្ងៃ​នេះ ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ការ​ផ្ដន្ទាទោស​លើ​លោក ស៊ុន ចន្ធី គឺជា​ទណ្ឌកម្ម​ហួសហេតុ​សម្រាប់​លោក​ក្នុង​នាម​ជា​អ្នក​នយោបាយ ហើយ​ការ​សម្រេច​នេះ​ក៏​ប្រាសចាក​ពី​ការ​ធានា​បាន​នូវ​សិទ្ធិ​នយោបាយ​ដល់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផង​ដែរ។

លោក សេក សុជាតិ អះអាង​ថា ការ​សម្រេច​នេះ​បាន​ឆ្លុះបញ្ចាំង​ទៅ​លើ​ទិដ្ឋភាព​នយោបាយ ជាជាង​ត្រឹមតែ​ការ​អនុវត្ត​ច្បាប់​ដើម្បី​ធានា​នូវ​ភាព​យុត្តិធម៌ ព្រោះ​ការ​ហាមប្រាម​នូវ​សិទ្ធិ​បែប​នេះ មាន​ន័យ​ថា​សិទ្ធិ​របស់​លោក ស៊ុន ចន្ធី ត្រូវ​បាន​កំណត់​មិន​ឱ្យ​ស្មើ​នឹង​ពលរដ្ឋ​សាមញ្ញ​ទូទៅ​នោះ​ផង។

លោក​ថា តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ពិចារណា​ឡើងវិញ ព្រោះ​ការ​សម្រេច​ដក​សិទ្ធិ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត មិន​ឆ្លើយតប​នឹង​សង្គម​ប្រជាធិបតេយ្យ​ដែល​ប្រកាន់ខ្ជាប់​នូវ​នីតិរដ្ឋ​នោះ​ឡើយ។

អ្នក​ប្រឹក្សា​យោបល់​រូប​នេះ​បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ដែល​ទទួល​បាន​មក​វិញ​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ ដូច្នេះ​តុលាការ​គួរ​ទម្លាក់​ចោល​នូវ​បទ​ចោទ និង​ផ្តល់​សិទ្ធិ​នយោបាយ​សម្រាប់​រូបលោក​ឡើងវិញ ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​ជា​គោល។

អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ បន្ទាប់ពី​លោក​បាន​លើកឡើង​ជុំវិញ​បញ្ហា​ការ​ចែក​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ ដែល​លោក​អះអាង​ថា​ការ​ចែក​បណ្ណ​នេះ​មាន​ការ​រើសអើង​និន្នាការ​នយោបាយ​ដោយ​លម្អៀង​ទៅ​បក្ស​កាន់​អំណាច ដែល​សព្វថ្ងៃ​នេះ​លោក​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ «ម​៤» ក្នុង​ខេត្ត​ពោធិ៍សាត់។

ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យល់​ថា​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក ស៊ុន ចន្ធី យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ។ លោក​ថា​រដ្ឋាភិបាល​ហាក់ដូចជា​ភិតភ័យ​ពី​វត្តមាន​របស់​លោក ស៊ុន ចន្ធី ក្នុង​ឆាក​នយោបាយ ដោយ​លោក​គ្រាន់តែ​ជា​យុវជន​មួយ​រូប។

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project (WJP)) បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​ស្ដីពី​នីតិរដ្ឋ​កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៤ កន្លង​ទៅ ដោយ​ដាក់​ឱ្យ​ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៤១ ក្នុង​ចំណោម​ប្រទេស​ទាំង​១៤២ នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៤៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស