មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អួតថារយៈពេលជាង ១៦ខែក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលលើសការរំពឹងទុក ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
អតីតនាយករដ្ឋមន្ត្រីដែលកំពុងក្តោបអំណាច លោក ហ៊ុន សែន លើកឡើងក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ថា ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត សព្វថ្ងៃនេះ កំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួនប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងមុតមាំ។
លោក ហ៊ុន សែន លើកឡើងថា បេសកកម្មនេះគឺដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍ កំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ហើយការដឹកនាំរបស់អ្នកបន្តវេននេះ គឺមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន ដែលមានទាំងសក្ដានុពល ថាមពល មធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់ដើម្បីដឹកនាំនាវាកម្ពុជាទៅថ្ងៃអនាគត។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា រយៈពេលដឹកនាំជាង ១ឆ្នាំរបស់លោក ហ៊ុន ម៉ាណែត មកនេះបានបំផ្លាញប្រទេសកម្ពុជាមិនខុសពីការដឹកនាំរបស់លោក ហ៊ុន សែន ដែលជាឪពុករបស់គាត់ឡើយ។
នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត បានបន្តកាន់កាប់អំណាចពីឪពុក គឺលោក ហ៊ុន សែន អស់រយៈពេល ១៦ខែហើយ បើគិតចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ប៉ុន្តែការដឹកនាំរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ត្រូវគេកត់សម្គាល់ឃើញថានៅតែស្ថិតក្រោមទម្រង់នៃការដឹកនាំបំផ្លាញជាតិរបស់លោក ហ៊ុន សែន ដែលជាឪពុកដដែល។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ មករា នេះថា ទោះបីលោក ហ៊ុន សែន ប្រឹងអួតពីការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេល ១ឆ្នាំកន្លងមកថាសម្រេចបានសមិទ្ធផលលើសពីការរំពឹងទុកក៏ដោយ ប៉ុន្តែបើគេពិនិត្យទៅលើស្ថានភាពសេដ្ឋកិច្ច ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាដើម នោះគេនឹងរកឃើញថាការដឹកនាំនេះកាន់តែអាក្រក់ខ្លាំងឡើងៗទៅវិញ។
លោក ស៊ឹង សែនករុណា អះអាងថា ភស្តុតាងជាក់ស្តែងដោយសារតែកម្ពុជាជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្ស ទើបសហគមន៍អឺរ៉ុបព្រមានកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ ៨០% កាលពីពេលថ្មីៗនេះ។
បន្ថែមពីនេះ កម្ពុជាក៏ជាប់ឈ្មោះជាប្រទេសដែលជាជម្រករបស់ឧក្រិដ្ឋជនដែរ ដូចជាប្រតិបត្តិការជួញដូរ ផលិត និងចែកចាយគ្រឿងញៀន ការលាងលុយកខ្វក់ ប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ និងការចាប់ជំរិត ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

