31.7 C
Phnom Penh

ឥណ្ឌា​ទាត់​ចោល​ផែនការ​របស់​ចិន​និង​រុស្ស៊ី​បង្កើត​រូបិយប័ណ្ណ​រួម​ប្រឆាំង​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឥណ្ឌា ជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​នៃ​សហប្រតិបត្តិការ​សេដ្ឋកិច្ច BRICS មាន ៥​ប្រទេស ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

ប្រទេស​ដៃគូ​របស់ BRICS មាន Egypt, Ethiopia, Iran, United Arab Emirates និង​ឥណ្ឌូនេស៊ី ចុងក្រោយ​គេ​ដែល​ទើប​ត្រូវ​បាន​ក្រុមប្រឹក្សា​នាយក​របស់ BRICS អនុម័ត​ទទួល​យក​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ខ្លួន។

កាលពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ រដ្ឋាភិបាល​ឥណ្ឌា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាត់​ចោល​ផែនការ​របស់​ប្រទេស​ចិន និង​រុស្ស៊ី ដែល​កំពុង​កំណត់​យុទ្ធសាស្ត្រ​រួម​គ្នា​ឈាន​ដល់​ការ​បង្កើត​រូបិយប័ណ្ណ​អន្តរជាតិ​រួម​គ្នា​ប្រើប្រាស់​សម្រាប់​ប្រទេស BRICS និង​ប្រទេស​ដៃគូ សំដៅ​កាត់បន្ថយ​ភាព​ពេញ​និយម​នៃ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ដែល​កំពុង​ធ្វើ​ចរាចរ​នៅ​ទូទាំង​ពិភពលោក។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​បញ្ជាក់​ថា៖ ឥណ្ឌា​មិន​អាច​ចូលរួម​កំណត់​យុទ្ធសាស្ត្រ​របស់ BRICS ទប់ស្កាត់ ឬ​កាត់បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​របស់​ឥណ្ឌា ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន​ឡើយ។ ឥណ្ឌា មិន​ចង់​ធ្វើ​ឱ្យ​មាន​ជម្លោះ​លើ​ទិដ្ឋភាព​នយោបាយ​ហិរញ្ញវត្ថុ​នឹង​សហរដ្ឋ​អាមេរិក​ឡើយ។

ក្រុង​ញូវដេលី ដឹង​ច្បាស់​ថា ពុំ​មាន​អ្វី​ដែល​អាច​បញ្ចប់​ការ​ធ្វើ​ចរាចរ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​បាន ទោះ​រយៈពេល​យូរ​ទៅ​មុខ​ទៀត​ក្ដី។ ក្រុង​ញូវដេលី នៅតែ​ពឹងផ្អែក​ខ្លាំង​លើ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រព័ន្ធ​ចរន្ត​នៃ​ផ្ទេរ​ប្រាក់​អន្តរជាតិ​មួយ​នេះ។

ក្រុង​ញូវដេលី បាន​ជំទាស់​ដាច់ខាត​គំនិត​ផ្ដួចផ្ដើម​របស់​ចិន និង​រុស្ស៊ី ដែល​ព្យាយាម​កាត់បន្ថយ​ការ​ធ្វើ​ចរាចរ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ ដែល​ក្រុង​ញូវដេលី យល់​ឃើញ​ថា វា​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ មិន​តែប៉ុណ្ណោះ អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ​ជំនួញ​លើ​មុខទំនិញ​ផ្សេងៗ​ដល់​ផលិតផល​ប្រទេស​ឥណ្ឌា ទៀត​ផង។

ឥណ្ឌា ជឿ​ថា ចិន​ជា​មេ​គំនិត​ជាង​រុស្ស៊ី ទៅ​ទៀត ព្រោះ​ក្រុង​ប៉េកាំង គិត​ថា​ទំនិញ​របស់​ចិន ដែល​មាន​អនុភាព​លើ​ទីផ្សារ​អន្តរជាតិ ចាំបាច់​ត្រូវ​ប្រើ​រូបិយប័ណ្ណ​ដាច់ដោយឡែក​ពី​រូបិយប័ណ្ណ​ប្រាក់​ដុល្លារ​អាមេរិក។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Jaishankar សង្កត់​ធ្ងន់​ថា ប្រទេស​ឥណ្ឌា មិន​ចាប់អារម្មណ៍​ក្នុង​យុទ្ធសាស្ត្រ​ដណ្ដើម​ឥទ្ធិពល​នៃ​ការ​ធ្វើ​ចរាចរ​រូបិយប័ណ្ណ​ថ្មី​ណា​មួយ​ឡើយ។ បើ​តាម​លោក​ប្រមុខ​ការទូត​ឥណ្ឌា​រូប​នេះ អះអាង​ថា វា​គ្មាន​ផល​ប្រយោជន៍​ដែល​ឥណ្ឌា ត្រូវ​ចូលរួម​ផ្លាស់ប្ដូរ​គំនិត​របស់​ឥណ្ឌា ប្រឆាំង​នឹង​អាមេរិក​នោះ។

លោក Jaishankar ប្រាប់​ទៅ​ប្រទេស​ក្នុង BRICS ថា ក្រុង​ញូវដេលី នៅតែ​បន្ត​ប្រើប្រាស់​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​រហូត​ម្ចាស់​រូបិយប័ណ្ណ​អន្តរជាតិ​មួយ​ដោះដូរ​ទម្រង់​រូបិយប័ណ្ណ​ថ្មី។

លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា បាន​បញ្ជាក់​ដូចនេះ​ថា៖ សេដ្ឋកិច្ច​ឥណ្ឌា​កំពុងតែ​រីក​លូតលាស់​ខ្លាំង​ក៏​វា​អាស្រ័យ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​នៃ​ចរន្ត​អេឡិចត្រូនិក Swift code របស់​អាមេរិក។ លោក​បន្ត​ថា ប្រទេស​ក្នុង​សម្ព័ន្ធភាព BRICS ខ្លះ​កំពុង​សាកល្បង​កាត់បន្ថយ​ចរាចរ​រូបិយប័ណ្ណ​ប្រាក់​ដុល្លារ​អាមេរិក​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​ជាមួយ​ដៃគូ តែ​នៅតែ​មិន​អាច​បោះបង់​ចោល​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​នៃ​ចរន្ត​អេឡិចត្រូនិក Swift code របស់​សហរដ្ឋ​អាមេរិក​បាន​ឡើយ។ ដូចនេះ វា​ពុំ​មែន​ជា​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ឥណ្ឌា ឡើយ។

ជា​រួម​ទៅ រដ្ឋមន្ត្រី​ការបរទេស Jaishankar ជូន​ជា​ដំណឹង​ថា ឥណ្ឌា​បាន​សម្រេច​ដកខ្លួន​ពី​គំនិត​ប្រឆាំង​ការ​ធ្វើ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ ទោះ​មាន​ប្រព័ន្ធ​ចរន្ត​ផ្ទេរ​ប្រាក់​ថ្មី​ណា​មួយ​ក៏ដោយ។ លោក Jaishankar បន្ថែម​ថា ក្រុង​ញូវដេលី មិន​ចង់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ឥណ្ឌា រង​ការ​ឈឺចាប់​ឡើយ។

ឥណ្ឌា នៅតែ​សន្យា​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ជាមួយ​នឹង​ការ​ដោះដូរ​ទំនិញ​របស់​ឥណ្ឌា និង​ក្រដាសប្រាក់​របស់​ឥណ្ឌា នៅ​គ្រប់​ធនាគារ​ទាំងអស់​របស់​ឥណ្ឌា ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

ហេតុ​អ្វី​បាន​ជា​ឥណ្ឌា ទាត់​ចោល​ផែនការ​របស់​ចិន និង​រុស្ស៊ី បង្កើត​រូបិយប័ណ្ណ​រួម​របស់ BRICS?

លោក ដូណាល់ ត្រាំ ព្រមាន​ក្រុម​ប្រទេស BRICS ថា លោក​នឹង​ទាមទារ​ថា ក្រុម​នេះ​នឹង​មិន​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រូបិយប័ណ្ណ​ថ្មី​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ឡើយ។

សំណេរ​ក្នុង​បណ្ដាញ​សង្គម Truth Social លោក ត្រាំ ព្រមាន​ដូចនេះ​ថា៖ អាមេរិក​ទាមទារ​ឱ្យ​មាន​ការ​ប្ដេជ្ញាចិត្ត​ពី​ប្រទេស​ទាំងនេះ​ថា ពួកគេ​នឹង​មិន​បង្កើត​រូបិយប័ណ្ណ BRICS ថ្មី ឬ​គាំទ្រ​រូបិយប័ណ្ណ​ផ្សេង​ទៀត​ឱ្យ​ជំនួស​ប្រាក់​ដុល្លារ​អាមេរិក​ទេ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ប្រឈម​នឹង​ការ​បង្កើន​ពន្ធ​គយ ១០០% ហើយ​មិន​អាច​លក់​ទំនិញ​មក​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​បាន​ឡើយ។

លោក ត្រាំ បញ្ជាក់​ថា៖ គ្មាន​ឱកាស​ទេ​ដែល​ក្រុម​ប្រទេស BRICS នឹង​ជំនួស​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​ជា​រូបិយប័ណ្ណ​បម្រុង​របស់​ពិភពលោក។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Bloomberg។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០២៣ ក្រុម​ប្រទេស BRICS បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​ដុល្លារូបនីយកម្ម​ប្រឆាំង​នឹង​ការ​គ្របដណ្ដប់​របស់​ប្រាក់​ដុល្លារ​អាមេរិក​លើ​ពាណិជ្ជកម្ម​ពិភពលោក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង នៅ​ឆ្នាំ​២០២២ នៅ​ពេល​ដែល​អាមេរិក​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​រុស្ស៊ី ករណី​លើក​ទ័ព​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ក្នុង​ចំណោម​ប្រទេស​នៃ​ក្រុម BRICS ប្រទេស​ចិន ចេញ​មុខ​គេ​ប្រើ​យុទ្ធសាស្ត្រ​បន្សាប​ប្រាក់​ដុល្លារ​របស់​សហរដ្ឋ​អាមេរិក ជាមួយ​នឹង​ការ​ប្រើប្រាស់​ប្រាក់ yuan របស់​ចិន ហើយ​ចំ​ពេល​រុស្ស៊ី រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​លោកខាងលិច លោក ពូទីន ក៏​មាន​បំណង​កាត់បន្ថយ​ការ​ពឹងផ្អែក​របស់​រុស្ស៊ី លើ​ប្រាក់​ដុល្លារ​ផង​ដែរ។

ទណ្ឌកម្ម​ដែល​រួម​បញ្ចូល​នូវ​ការ​បង្កក​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស និង​ទ្រព្យសកម្ម​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​ឱ្យ​រុស្ស៊ី មាន​ការ​លំបាក​ក្នុង​ការ​ទូទាត់​ផ្នែក​ពាណិជ្ជកម្ម ជាពិសេស​ប្រទេស​ណា​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី។

ក្នុង​ឱកាស​នៃ​វេទិកា​ធុរកិច្ច BRICS ក្រុង​មូស្គូ បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ទូទាត់​សកល​ថ្មី​របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា BRICS Pay ដែល​ជឿ​ថា​នៅ​ពេល BRICS អាច​រំដោះ​ខ្លួន​ចេញពី​ឥទ្ធិពល​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក គឺ​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់ BRICS Pay អាច​រុញ​ឱ្យ​មាន​ការ​កំណត់​ឡើងវិញ​នូវ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។

តែ​យ៉ាងណា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប្រទេស​ជា​សមាជិក​នៃ​ក្រុម BRICS បាន​ខិតខំ​ស្វែងរក​ជម្រើស​ជំនួស​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ពួកគេ។ ការ​បើក​ដំណើរការ BRICS Pay គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក។

នៅ​ពេលនេះ សហរដ្ឋ​អាមេរិក​មាន​លោក ដូណាល់ ត្រាំ ជា​ប្រធានាធិបតី ជា​មេដឹកនាំ​អាមេរិក មាន​សម្ព័ន្ធភាព​ខ្លាំង​ជាមួយ​មហាសេដ្ឋី​គ្រាក់ៗ​នៅ​អាមេរិក យ៉ាងហោចណាស់​ធ្វើ​ឱ្យ​ក្រុង​ញូវដេលី ត្រូវតែ​គិត​ពី​ផលវិបាក​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​ឥណ្ឌា និង​ដៃគូ​សហប្រតិបត្តិការ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ដែល​ក្រុង​ញូវដេលី មិន​ចង់​ធ្លាក់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឡើយ។

ម្យ៉ាង​ទៀត ក្រុង​ញូវដេលី គិត​ច្បាស់​ណាស់​ថា មិន​អាច​រំលាយ​ទម្លាប់​នៃ​ការ​ធ្វើ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ក៏​គ្មាន​ក្បួន​ច្បាប់​បទដ្ឋាន​ថ្មី​ណា​អាច​វាយលុក​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ដុល្លារ Swift code របស់​អាមេរិក​បាន​នោះ​ទេ ទោះ​ច្រើន​ទសវត្សរ៍​ទៅ​មុខ​ទៀត​ក្ដី៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស