ពាក្យស្លោកខ្មែរពោលថា៖ ក្បាលអ្នកណា សក់អ្នកហ្នឹង! ឬយោងតាមព្រះពុទ្ធដីកាថា៖ ខ្លួនទីពឹងខ្លួន! នេះជាវាសនាពលរដ្ឋរស់នៅប្រទេសកម្ពុជា ដែលហ៊ាននិយាយរិះគន់អ្នកដឹកនាំបែបកុម្មុយនីស្តផ្ដាច់ការ ទុច្ចរិត អសីលធម៌ អយុត្តិធម៌ អមនុស្សធម៌។
ខណៈដែលខ្មែរបាក់ស្បាត គឺខ្មែរបាក់ចិត្តខ្លាចរអាលែងហ៊ានបញ្ចេញវាចា រូបរាង ស្រុះគ្នាជួយគ្នាហើយ។ ខ្មែរមួយនគរគ្មាននរណាជួយគាំទ្រ បន្លឺបំពងសំឡេងអ្នកនិយាយការពិត សច្ចៈ ក្នុងសង្គមទេ គឺសុខចិត្តពួនសម្ងំយកសុខក្នុងសង្គមពោរពេញដោយឧក្រិដ្ឋកម្ម និងចោរកម្មរហូតដល់មានអំពើយង់ឃ្នងណាមួយធ្លាក់លើខ្លួនធ្វើឲ្យឈឺចាប់ ទើបទ្រហោយំរកយុត្តិធម៌។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី ដោយចារកម្មរុស្ស៊ី និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោកកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតអ្នកឧកញ៉ារូបនេះត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យចាប់ខ្លួនពីបទ គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។
ជុំវិញបញ្ហានេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរ លោក យី សុខវួច បញ្ជាក់ថា ការចេញដីកាចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីយល់ឃើញថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានប្រព្រឹត្តល្មើសឧក្រិដ្ឋ ហើយរត់គេចខ្លួននៅពេលនេះ។
ជុំវិញបញ្ហានេះ អាជ្ញាធរប្រទេសកម្ពុជា ក៏បានស្នើសុំប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតអ្នកឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬនិវេទក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ។
ក្នុងលិខិតស្នើសុំនោះ អាជ្ញាធរសរសេរថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានគំរាមបុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរ ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ជំរិតទារប្រាក់ ២លានដុល្លារសហរដ្ឋអាមេរិក ហើយបើជនរងគ្រោះមិនព្រមធ្វើតាម នោះគេនឹងបង្ហោះរូបថតជនរងគ្រោះដើម្បីបរិហារកេរ្តិ៍តាមបណ្ដាញទំនាក់ទំនង។
បន្ទាប់ពីជនរងគ្រោះមិនផ្តល់ប្រាក់ទៅតាមការគំរាមកំហែង អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានប្រើគណនីហ្វេសប៊ុកឈ្មោះ សិទ្ធី ហេង ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យ បង្ហោះរូបថតជនរងគ្រោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនជាតិសិង្ហបុរីរូបនេះ។
យ៉ាងណាក៏ដោយ អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានអះអាងកាលពីថ្ងៃទី២៣ ធ្នូ កន្លងទៅថា បុរសជនជាតិសិង្ហបុរីសញ្ជាតិខ្មែរ ឈ្មោះ Phua Gek Seng (ភួ ហ្គិច សេង) ហៅ Tak (តាក់) បានសូកប៉ាន់លុយចំនួន ៥លានដុល្លារសហរដ្ឋអាមេរិក ទៅឱ្យអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដើម្បីដាក់ឈ្មោះរបស់លោកទៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់ប៉ូលិសអន្តរជាតិអាំងទែប៉ូលនេះ (Interpol)។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក អតីតអ្នកឧកញ៉ា ហេង សិទ្ធី បានទម្លាយពីការគប់គិតរវាងមន្ត្រីរដ្ឋាភិបាលមួយចំនួន ដូចជា លោក គួច ចំរើន លោក ស ថេត លោក ស សុខា លោក សុខ ផល និងមន្ត្រីនគរបាលព្រហ្មទណ្ឌ រួមទាំងមន្ត្រីខាងអន្តោប្រវេសន៍ផងដែរ ជាមួយនឹងក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់ និងប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហេង សិទ្ធី ក៏បានទម្លាយពីអំពើឧក្រិដ្ឋរបស់អ្នកឧកញ៉ា ហ៊ុន តូ តែម្តង។
លោកបានស្នើឱ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការច្បាប់ស៊ើបអង្កេតរឿងនេះ ប៉ុន្តែគ្មានការអនុវត្តច្បាប់ណាមួយធ្វើតាមការស្នើសុំនេះទេ។ ផ្ទុយទៅវិញ លោក ហេង សិទ្ធី បែរជាត្រូវរងការចោទប្រកាន់ និងគំរាមចាប់ខ្លួនពីរដ្ឋាភិបាលត្រកូលហ៊ុនទៅវិញ។
បញ្ហានេះក៏ទាក់ទងនឹងការអនុវត្តច្បាប់ដែលគេតែងតែនាំគ្នានិយាយថា នីតិរដ្ឋ rule of law នោះដែរ។ បើមានពលរដ្ឋលើករឿងបំពានច្បាប់កម្រិតឧក្រិដ្ឋកម្មធ្ងន់ធ្ងរដូចលោក ហេង សិទ្ធី រ៉ាយរ៉ាប់ក្នុងសេចក្តីរាយការណ៍ក្នុងបណ្តឹងនោះ អាជ្ញាធរមានសមត្ថកិច្ចគួរតែស្រាវជ្រាវរកការពិតថា តើវាពិត ឬវាជាការមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះលោកអ្នកធំ។
តើមានលោកធំណាប្រើមុខនាទីរបស់ខ្លួនបំពានច្បាប់ឬទេ ពីព្រោះអ្នកណាក៏ដឹងដែរថា ស្រុកខ្មែរឧក្រិដ្ឋជនមានការការពារពីមន្ត្រីមានអំណាច ពីព្រោះសារព័ត៌មានបរទេសបានចុះផ្សាយសេចក្តីរាយការណ៍ស៊ើបអង្កេតពាសពេញពិភពលោកយូរមកហើយ។
រាជរដ្ឋាភិបាលមិនគប្បីប្រើតុលាការប្រកបដោយឆន្ទាគតិ និងភយាគតិ ទៅចាប់ទោសអ្នកនិយាយការពិតនោះឡើយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

