28.7 C
Phnom Penh

នាយករដ្ឋមន្ត្រី​ត​ត្រកូល​រំឭក​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​កាន់ទុក្ខ​ថា​កុំ​យក​រឿង​ឃាតកម្ម​ធ្វើ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ត​ត្រកូល លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​បញ្ជូន​ឃាតករ​ដែល​បាន​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទៅ​ឱ្យ​ប៉ូលិស​ថៃ ស៊ើបអង្កេត គឺ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​ភូមិ​ប៊ុនរ៉ានី​សែនជ័យ​ដំណាក់ទ្រយឹង ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​២០ ខែ​មករា នេះ លោក ហ៊ុន ម៉ាណែត អះអាង​ថា បើ​រដ្ឋាភិបាល​អ្នក​ចាត់ចែង​អ្នក​នៅ​ពីក្រោយ​នៃ​ការ​សម្លាប់​លោក លិម គិមយ៉ា តើ​ចាំបាច់​ចាប់​ឃាតករ​បញ្ជូន​ទៅ​ឱ្យ​ថៃ ស៊ើប​ធ្វើ​អី។

លោក ហ៊ុន ម៉ាណែត បាន​បន្ថែម​ទៀត​ថា បើ​រដ្ឋាភិបាល​ជា​អ្នក​ធ្វើ ត្រឹមតែ​អ្នក​បាញ់​មួយ ជន​ដៃ​ដល់​មួយ​បាញ់​នៅ​ថៃ រួច​រត់​ចូល​ដី​ខ្មែរ តើ​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​លាក់​បំបាំង​ម្នាក់​ហ្នឹង​ឬ​ទេ? រដ្ឋាភិបាល​មាន​លទ្ធភាព​គ្រប់​បែប​យ៉ាង ប៉ុន្តែ​សួរ​ថា​ហេតុ​អី​បាន​ជា​ចូល​ភ្លាម កម្លាំង​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​នោះ​ភ្លាម ហើយ​បញ្ជូន​ទៅ​ថៃ តាម​ការ​ស្នើសុំ​របស់​គេ​ដើម្បី​ស៊ើបអង្កេត​បន្ត។

ប្រភព​ដដែល​អះអាង​ថា ការ​បញ្ជូន​ទៅ​ថៃ តាម​ការ​ស្នើសុំ​របស់​គេ ព្រោះ​លោក​ចង់​ដឹង​ថា​តើ​រឿង​នេះ​វា​យ៉ាងម៉េច ព្រោះ​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ចោទប្រកាន់​ដោយ​អយុត្តិធម៌​រួច​ទៅ​ហើយ មិន​ទាន់​ទាំង​មាន​សួរ មិន​ទាន់​ទាំង​រក​ឃើញ​មុខសញ្ញា​ឃាតករ​ផង។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រកាស​ថ្កោលទោស​ចំពោះ​ជន​ដៃ​ដល់ និង​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​សព​ផង​ដែរ។ លោក​ក៏​ទទូច​ឱ្យ​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស កុំ​យក​សព​លោក លិម គិមយ៉ា មក​ធ្វើ​អាជីវកម្ម​នយោបាយ​ដូច​ដែល​ធ្លាប់​ធ្វើ​លើ​សព​ជនរងគ្រោះ​ផ្សេង​ទៀត។

ជនជាតិ​ថៃ ដែល​ធ្វើ​ឃាត​លោក លិម គិមយ៉ា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​បាងកក ឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​១៣ហាង សង្កាត់​ប៊ូរិន និវេទវិហារ ខណ្ឌ​ព្រះនគរ។ ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៥ ក្រោយ​រត់​គេច​ចេញពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា តាម​ខេត្ត​ថៃ ស្រះកែវ ឬ​សាកែវ។

តាម​អ្នកវិភាគ​ព័ត៌មាន​មួយ​ចំនួន បើ​អាជ្ញាធរ​ថៃ បណ្តោយ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ឃុំ​ទុក អេកាឡាក់ ភាណយ នៅ​ប្រទេស​កម្ពុជា បុរស​ដៃ​ដល់​នេះ​អាច​នឹង​ត្រូវ​សម្លាប់​ចោល​បំបិទ​មាត់​សាក្សី។ មួយ​វិញ​ទៀត វា​ជា​ការ​ឆ្លើយតប​សមរម្យ ពីព្រោះ​គាត់​ជា​ជនជាតិ​ថៃ បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្នុង​ដី​ថៃ ទៅ​លើ​ជនបរទេស​ជា​សញ្ជាតិ​បារាំង។ បន្ថែម​លើ​នេះ​ទៀត លោក ហ៊ុន ម៉ាណែត ក៏​គួរតែ​បំពេញ​បំណង​តាម​សំណូមពរ​ថៃ បែប​ហ្នឹង​ដែរ ពីព្រោះ​លោក​គិត​អំពី​ផល​ប្រយោជន៍​របស់​លោក​ផ្ទាល់ និង​មន្ត្រី​រដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ក្នុង​ស្រុក​ថៃ ដូចជា សណ្ឋាគារ អគារ​ផ្ទះល្វែង និង​អាជីវកម្ម​ដទៃ​ទៀត​នៅ​ក្រុង​បាងកក ជំនួញ​ឆ្លងដែន ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​កំពុង​ធ្វើ​ការងារ​ផ្តល់​ចំណូល​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ក្នុង​មួយ​ឆ្នាំៗ។ ទាំងអស់​នេះ​គេ​ចាត់ទុក​ជា​នយោបាយ​ចំណេញ-ចំណេញ ឬ​ហៅថា ឈ្នះ-ឈ្នះ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថៃ ចុះផ្សាយ​នៅ​ថ្ងៃទី​២០ មករា នេះ​ថា ឧត្ដមសេនីយ៍​ប៉ូលិស​ផ្កាយ​៤ និង​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នេះ គឺ​លោក លី រតនៈរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ដើម្បី​កាត់ទោស​តាម​នីតិវិធី​នៃ​តុលាការ​ថៃ។

ប្រភព​ផ្ទៃក្នុង​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា គឺជា​ថ្វីដៃ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្មែរ ដូចជា លោក យឹម លាង លោក យឹម ល័ក្ខណ៍ លោក ឃ្លាំង ហួត និង​លោក ជា សុផារ៉ា ដែល​បាន​សហការ​ជាមួយ​ក្រុម​ប៉ូលិស​ងងឹត​របស់​ថៃ។

សូម​រង់ចាំ​ស្តាប់​សេចក្តី​រាយការណ៍​ពិពណ៌នា​មួយ​នា​ពេល​ឆាប់ៗ​នេះ ដើម្បី​ពិចារណា​អំពី​រឿងហេតុ​ឃាតកម្ម​កើត​ឡើង​លើ​លោក លិម គិមយ៉ា ថា​តើ​អាច​ទាក់ទង​ជាមួយ​អ្វី​ខ្លះ ហើយ​និង​នរណា​ខ្លះ ឬ​ក៏​ជា​រឿង​គាប់​ជួន​ចៃដន្យ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស