អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី លើកឡើងថា នៅប្រទេសកម្ពុជាស្ថិតក្រោមការដឹកនាំនៃរដ្ឋាភិបាលត្រកូលហ៊ុន មិនមានទីផ្សារស្រូវអង្ករសម្រាប់កសិករខ្មែរទេ។ ផ្ទុយទៅវិញ គឺមានតែទីផ្សារលក់គ្រឿងញៀនប៉ុណ្ណោះ។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ មករា នេះថា បញ្ហាគ្រឿងញៀននៅប្រទេសកម្ពុជាបានក្លាយទៅជាជំងឺរាតត្បាតយ៉ាងអនាធិបតេយ្យទៅហើយ ដែលប៉ះពាល់ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមជាតិទាំងមូលនាពេលបច្ចុប្បន្ននេះ។
ប្រភពដដែលលើកឡើងថា ការកើនឡើងនៃចំនួនអ្នកប្រើថ្នាំញៀន រួមទាំងអ្នកផលិត និងអ្នកចែកចាយនៅក្នុងរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ បានបង្កផលវិបាកអស្ថិរភាពសង្គមក្នុងប្រទេសគ្រប់ទីកន្លែង ហើយវិបត្តិនេះកាន់តែធ្ងន់ធ្ងរឡើងៗដោយសារតែអំពើពុករលួយចេញពីការគប់គិតគ្នារវាងមន្ត្រីរដ្ឋាភិបាលកំពូល និងក្រុមឧក្រិដ្ឋជន។
លោកបន្តថា ក្រុមម៉ាហ្វីយ៉ាបានប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិត ចែកចាយគ្រឿងញៀន និងប្រព្រឹត្តសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀត ដោយសារតែពួកគេមានការការពារពីរដ្ឋាភិបាលដែលដឹកនាំដោយត្រកូលហ៊ុននៅពីក្រោយខ្នង។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះបញ្ជាក់ថា បញ្ហាគ្រឿងញៀនមិនត្រឹមតែបំផ្លាញសហគមន៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសក្នុងតំបន់ បង្កើនឧក្រិដ្ឋកម្មឆ្លងដែន និងប៉ះពាល់ដល់អាយុជីវិតប្រជាជនក្នុងប្រទេសជាច្រើនថែមទៀតផងដែរ។
លោក សម រង្ស៊ី គូសបញ្ជាក់ថា ដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហានេះ គឺត្រូវលុបបំបាត់អំពើពុករលួយ និងកម្ចាត់ពួកម៉ាហ្វីយ៉ាទាំងអស់ បើមិនដូច្នោះទេ បញ្ហានេះមិនត្រឹមតែមិនអាចលុបបំបាត់បានទេ ថែមទាំងរីករាលដាលកាន់តែខ្លាំងឡើងថែមទៀត ខណៈអ្នកដែលចង់លុបបំបាត់បញ្ហានេះ នឹងក្លាយជាមុខសញ្ញាដែលត្រូវគេបំបាត់ចោលជំនួសគ្រឿងញៀនទៅវិញ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញសេចក្តីរាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា រយៈពេល ១ឆ្នាំក្នុងឆ្នាំ២០២៤ ប្រទេសកម្ពុជាបានរឹបអូសគ្រឿងញៀនខុសច្បាប់ជាង ១០តោន (១៤,៧តោន) និងបានឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាង ២ម៉ឺននាក់ដែលកើនឡើងជាង ៣០ភាគរយ (៣០,៥%) បើប្រៀបធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។
គួរកត់សម្គាល់ថា៖ ក្រៅពីការរីកសាយផលិតកម្ម ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន រាជាណាចក្រកម្ពុជា ក៏សម្បូរបនល្បែងស៊ីសងកាស៊ីណូណាស់ដែរ គឺសឹងតែមានកាស៊ីណូមួយសម្រាប់ពលរដ្ឋប្រមាណ ៨ម៉ឺន ៧ពាន់នាក់។
តាមការចុះផ្សាយក្នុងព្រឹត្តិបត្រ Asia Gaming Brief ក្នុងខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនកាស៊ីណូចំនួន ១៨៤ នៅទូទាំងប្រទេស។ បនកាស៊ីណូចំនួន ១០០ បង្កើតនៅតាមខេត្តជាប់មាត់សមុទ្រ រួមទាំងនៅខ្នងភ្នំបូកគោ ផង ៤៨កាស៊ីណូរាយតាមព្រំដែនខ្មែរ-ថៃ ៣៥កាស៊ីណូ រាយតាមព្រំដែនខ្មែរ-យៀកណាម។
ក្នុងឆ្នាំ២០២៤ ដដែល លោក ហ៊ុន ម៉ាណែត បានប្រកាសឈប់ចេញអាជ្ញាបណ្ណឲ្យបើកបនល្បែងស៊ីសងថែមទៀត ដោយសង្កត់ធ្ងន់លើការដាក់ទុនខាងទេសចរណ៍ បដិសណ្ឋារកិច្ច សណ្ឋាគារ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

