ឯកសារពីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា ICE បានបង្ហាញថា មានជនអន្តោប្រវេសន៍ជាជនជាតិខ្មែរចំនួន ១៧៤៧នាក់ នឹងត្រូវបណ្ដេញចេញពីអាមេរិកមកប្រទេសកំណើតរបស់ខ្លួនវិញ តាមរយៈវិធានការដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ឯកសារពី ICE បានឲ្យដឹងថា ICE នឹងបញ្ជូនពលរដ្ឋទាំងនោះត្រឡប់មកប្រទេសកំណើតវិញបន្ទាប់ពីនីតិវិធីចុងក្រោយនៃការបញ្ជូនចេញ។ រដ្ឋាភិបាលអាមេរិក ជឿជាក់ថាប្រទេសទាំងនោះនឹងទទួលនូវការបញ្ជូនពលរដ្ឋពួកគេត្រឡប់វិញ ដោយព្រមានថានឹងដាក់ប្រទេសដែលមិនព្រមទទួលទៅក្នុងប្រទេសដែលមិនសហការ ឬមានហានិភ័យដែលមិនព្រមធ្វើតាមច្បាប់។
ក្នុងឯកសារនោះបានបញ្ជាក់ថា សហរដ្ឋអាមេរិកស្នើឲ្យរដ្ឋាភិបាលបរទេសចាត់វិធានការសមស្របដើម្បីបញ្ជាក់សញ្ជាតិរបស់ជនដែលសង្ស័យ រួមមានការសម្ភាស ការចេញឯកសារធ្វើដំណើរទាន់ពេល និងទទួលយកការវិលត្រឡប់របស់ជនជាតិរបស់ពួកគេ។
ឯកសារដដែលបានបញ្ជាក់ថា ប្រទេសជិតខាងកម្ពុជាក៏មានក្នុងបញ្ជីនោះផងដែរ ដោយថៃ មាន ៦១៩នាក់ ឡាវ មាន ៤៨៥០នាក់ និងវៀតណាម មាន ៨៦៧៥នាក់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់ច្បាស់ពីចំនួននៅឡើយទេ តែថារដ្ឋាភិបាលកម្ពុជានឹងសហការទទួលយកជនជាតិខ្មែរត្រឡប់មកវិញ។ លោកថា ជាគោលការណ៍ រាជរដ្ឋាភិបាលត្រូវទទួលយកបងប្អូនទាំងនោះត្រឡប់មកវិញ ពីព្រោះពួកគាត់ជាជនជាតិខ្មែរ។
សកម្មជនក្នុងសហគមន៍ខ្មែរនៅទីក្រុងឡងប៊ិច លោក មួង ណារ៉េត លើកឡើងថា រដ្ឋាភិបាលប្រទេសកម្ពុជាប្រាកដជាទទួលយកជនភៀសខ្លួនដែលគ្មានឯកសារស្របច្បាប់ នៅពេលដែលសហរដ្ឋអាមេរិកចាប់បញ្ជូនត្រឡប់ទៅស្រុកខ្មែរវិញដោយដៃពីរ ដើម្បីជាការដោះដូរកុំឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើខ្លួន ព្រោះតែការបដិសេធមិនទទួលយកអ្នកត្រូវបានចាប់បញ្ជូនខ្លួនទាំងនោះ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រេចផ្អាកទទួលយកជនភៀសខ្លួនក្នុងរយៈពេល ៩០ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះតទៅ ក្នុងនោះមិនមែនមានតែជនអន្តោប្រវេសន៍ដែលស្ថិតក្នុងការតាមប្រមាញ់ពីរដ្ឋបាលដែលលោកដឹកនាំនោះទេ សូម្បីជនភៀសខ្លួននយោបាយដែលលោក ដូណាល់ ត្រាំ គិតថាជាបន្ទុកលើសហរដ្ឋអាមេរិក ក៏លោកមិនស្វាគមន៍ដែរ។
ក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា មានជនអន្តោប្រវេសន៍រហូតដល់ទៅប្រមាណ ១១លាននាក់ដែលរស់នៅលើទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់គិតត្រឹមខែមករា ឆ្នាំ២០២២។ នេះមានន័យថា តួលេខជនអន្តោប្រវេសន៍ខុសច្បាប់ជាក់ស្ដែង គិតមកទល់នឹងចុងឆ្នាំ២០២៤ អាចមានចំនួនច្រើនជាងនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

