32 C
Phnom Penh

អ្នក​ឃ្លាំមើល​អះអាង​ថា​លោក ដូណាល់ ត្រាំ នឹង​បន្ត​ជំហរ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តាមដាន​សង្គម​អះអាង​ថា អាមេរិក​ដែល​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក នឹង​មិន​បោះបង់​ជំហរ​របស់​ខ្លួន​ឡើយ​នៅ​ក្នុង​តំណែង​ប្រធានាធិបតី​អាមេរិក​ជា​លើក​ទី​ពីរ​របស់​លោក ដូណាល់ ត្រាំ ដោយសារ​អាមេរិក​ចាត់ទុក​ថា​សំណុំរឿង​នេះ​គឺជា​រឿង​នយោបាយ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មករា នេះ​ថា អាមេរិក​តែង​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ធ្លាប់​បដិសេធ​ថា អាមេរិក​មិន​នៅ​ពីក្រោយ​លោក កឹម សុខា ឬ​អតីត​គណបក្ស​ប្រឆាំង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ លោក​ថា ជំហរ​អាមេរិក​រឿង​លោក កឹម សុខា នេះ មិន​ដែល​ប្រែប្រួល​ទេ​គឺ​អាមេរិក​ចាត់ទុក​ថា​សំណុំរឿង​នេះ​ជា​រឿង​នយោបាយ និង​តែងតែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ​វិញ។

ប្រភព​ដដែល​បាន​អះអាង​ថា បាល់​នៅ​ជើង​កម្ពុជា មិនមែន​អាមេរិក​ទេ។ លោក​ថា កម្ពុជា​ខ្លួនឯង​ទេ​ដែល​ស្ថិត​ក្រោម​សម្ពាធ​នៃ​ទណ្ឌកម្ម​នៃ​ការ​ឈប់​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP បើ​កម្ពុជា​នៅតែ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ កម្ពុជា​មិន​មាន​ជម្រើស​ច្រើន​ទេ​ក្នុង​ពេលនេះ។ ចិន ដែល​ខ្លួន​ធ្លាប់​ពឹង​បាន ក៏​មាន​បញ្ហា​សេដ្ឋកិច្ច​ដែរ។

លោក មួង ណារ៉េត អះអាង​បន្ត​ថា ចំណែកឯ​វត្តមាន​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ជា​រដ្ឋមន្ត្រី​ការបរទេស​ក្នុង​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​នេះ មិនមែន​ជា​ពរជ័យ​សម្រាប់​កម្ពុជា​ទេ តែ​ជា​បណ្ដាសា ដ្បិត​គាត់​ធ្លាប់​ចូលរួម​ស្នើ​ច្បាប់​នៅ​ព្រឹទ្ធសភា​ចំនួន ៥​លើក ដើម្បី​ដាក់​ទណ្ឌកម្ម​កម្ពុជា និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រឿង​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

កន្លង​មក កម្ពុជា និង​អាមេរិក ធ្លាប់​ល្អក់កករ​ជាមួយ​គ្នា​តិចតួច ចាប់តាំងពី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​សង្ស័យ​ថា​លោក​លួច​ទៅ​សហការ​ជាមួយ​បរទេស ពិសេស​អាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​សំណុំរឿង​នេះ លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជាមួយ​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​ឡើយ ព្រមទាំង​ត្រូវ​ដកហូត​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ថែម​ទៀត។

កាលពី​ឆ្នាំ​២០១៩ លោក ដូណាល់ ត្រាំ ផ្ញើ​លិខិត​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​សរសេរ​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​គោរព​ឆន្ទៈ​អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា ហើយ​សហរដ្ឋ​អាមេរិក​មិន​ស្វែងរក​ឱ្យ​មាន​ការ​ប្តូរ​របប​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ដែល​គ្រោង​នឹង​ទៅ​ប្រចាំការ​នៅ​កម្ពុជា លោក រ៉ូបើត ហ្វតដេន (Robert Forden) ធ្លាប់​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៤ ថា ការ​កាត់ទោស​ពី​បទ «ក្បត់​ជាតិ» លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នយោបាយ​លោក កឹម សុខា គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ការ​ដែល​លោក កឹម សុខា ជាប់​ឃុំ​យូរ​បែប​នេះ គឺ​ដោយសារតែ​ប្រទេស​មួយ​ចំនួន​ស្រឡាញ់​លោក កឹម សុខា ពេក។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដែល​តំណាង​ប្រទេស​ខ្លួន​ទៅ​ជួប​លោក​ហើយ តែ​បែរ​ជា​នាំគ្នា​ទៅ​ជួប​លោក កឹម សុខា ទៀត​នោះ គឺ​លោក​ចាត់ទុក​ថា​ជា​ទំនាក់ទំនង​មិន​ស្មោះត្រង់ ឬ​ទំនាក់ទំនង​ចាប់​ដៃ​ជាន់ជើង​លើ​រដ្ឋាភិបាល​កម្ពុជា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស