ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ប្រាប់សមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំងឲ្យរួបរួមគ្នាបន្តរក្សាស្មារតីដើមដែលមាន ៤ចំណុច ខណៈមេដឹកនាំគណបក្សកាន់អំណាចកំពុងបន្តបង្ហាញពីចរន្តផ្តាច់ខ្លួនក្នុងចំណោមសមាជិកបក្សប្រឆាំង ដែលចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានប្រាប់សមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំងនៅស្រុកបវេល ខេត្តបាត់ដំបង ឲ្យប្រកាន់ស្មារតីដើម ៤ចំណុច គឺ៖
- ទី១ រក្សាការពារបូរណភាពទឹកដីប្រទេសកម្ពុជា
- ទី២ រក្សាប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
- ទី៣ បំបាត់អំពើពុករលួយ ផ្តល់យុត្តិធម៌សង្គមដល់ពលរដ្ឋខ្មែរ
- និងទី៤ បម្រើ និងការពារពលរដ្ឋខ្មែរទាំងអស់។
នៅដើមឆ្នាំ២០២៥ នេះ ក្រុមមេដឹកនាំគណបក្សប្រឆាំងបានបង្ហាញពីភាពសកម្មក្នុងការចុះជួបសំណេះសំណាលជាមួយសមាជិកគាំទ្ររបស់ខ្លួន និងបន្តលើកស្លាកគណបក្សតាមបណ្តាខេត្តនានារំលេចដោយពាក្យ «រួមគ្នារក្សាស្មារតីដើម»។
ក្រុមមេដឹកនាំសម្ព័ន្ធភាពគណបក្សប្រឆាំងបានចាប់ផ្តើមបង្ហាញមុខចាប់ពីដើមឆ្នាំ២០២៥ នេះ តាមរយៈកម្មវិធីលើកស្លាកគណបក្ស និងការជួបសំណេះសំណាលជាមួយសមាជិករបស់ខ្លួននៅតាមបណ្តាខេត្ត ក្រុងនានានៅទូទាំងប្រទេស។
នៅក្នុងក្រុមតេឡេក្រាមរបស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន តែងតែបង្ហាញពីសមាជិក និងអ្នកគាំទ្រគណបក្សប្រឆាំង ជាពិសេសគណបក្សភ្លើងទៀន សុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារៀងរាល់ថ្ងៃ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily កន្លងមកថា អ្នកនយោបាយដែលចុះចូលជាមួយគណបក្សកាន់អំណាច លោក ហ៊ុន សែន បានព្យាយាមប្រើប្រាស់ឱ្យពួកគេអូសទាញមន្ត្រីបក្សប្រឆាំង និងបង្ក្រាបអ្នកណាដែលនៅតែមិនព្រមចុះចូលជាមួយបក្សកាន់អំណាច។
លោក ស៊ឹង សែនករុណា អះអាងថា អ្នកនយោបាយគួរប្រកាន់ជំហររឹងមាំ អត់ធ្មត់ឱ្យបានខ្ពស់ ពីព្រោះការប្តូរជំហរនយោបាយមិនបានត្រឹមត្រូវ នឹងអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស គុណតម្លៃនយោបាយរបស់ខ្លួន និងបាត់បង់ការគាំទ្រពីពលរដ្ឋនៅថ្ងៃអនាគត។
កាលពីពាក់កណ្តាលឆ្នាំ២០២៣ លោក ហ៊ុន សែន បានចេញសារព្រមានមន្ត្រីបក្សប្រឆាំងដែលមកចុះចូលជាមួយគណបក្សកាន់អំណាចថា បើហ៊ានក្បត់លោក គេនឹងប្រឈមវិធានការផ្លូវច្បាប់គ្រប់ពេល ដូចជា ការសើរើលើបទល្មើសចាស់ៗ ឬសំណុំរឿងដែលមិនទាន់បានលើកលែងទោស៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

