28 C
Phnom Penh

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន នឹង​មិន​យក​ករណី​កោះ​គុត​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​មិន​លើក​យក​ករណី​កោះ​គុត​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ​ពី​ប្រទេស​ថៃ វិញ​ទេ។

កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សារ​សំឡេង​បែកធ្លាយ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រវែង​ជាង ២​នាទី ដែល​បាន​និយាយ​ទៅ​កាន់​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ សិទ្ធី ជា​ពលករ​នៅ​ប្រទេស​ជប៉ុន ដែល​បាន​លើកឡើង​បញ្ហា​កោះ​គុត។ ក្នុង​សារ​សំឡេង​នោះ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ​យុវជន​រូប​នោះ​បញ្ឈប់​នូវ​ការ​លើកឡើង​ពី​បញ្ហា​កោះ​គុត​បន្ត​ទៀត និង​ប្រាប់​ឱ្យ​រូបគេ​ត្រូវតែ​ជឿ​លើ​រដ្ឋាភិបាល ជាជាង​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង។

លោក​ថា ការ​លើកឡើង​ពី​បញ្ហា​កោះ​គុត នឹង​ធ្វើ​ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​បំណង​របស់​ក្រុម​ប្រឆាំង​ដែល​មាន​លោក អ៊ុំ សំអាន និង​លោក សម រង្ស៊ី ជាដើម កំពុង​ទាមទារ​ឱ្យ​យក​បញ្ហា​នេះ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ រហូត​មក​នោះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចរចា​ជាមួយ​ថៃ អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ផ្ទុយទៅវិញ​បើ​ដក​ការ​ចរចា​នេះ ហើយ​បែរជា​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ នោះ​នឹង​នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ជាមិនខាន ខណៈ​កម្ពុជា​ក៏​នឹង​រង​នូវ​ការ​ស្ដីបន្ទោស​ចំពោះ​បញ្ហា​នេះ​ដែរ ដូច្នេះ​រឿង​នេះ​មាន​តែ​ទុក​ឱ្យ​រដ្ឋាភិបាល​ជា​អ្នក​ដោះស្រាយ​ប៉ុណ្ណោះ ដើម្បី​ចៀសវាង​នូវ​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ កុម្ភៈ នេះ​ថា តាមរយៈ​សារ​សំឡេង​បែកធ្លាយ​នៅ​ពេលនេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន ប្រាកដជា​មិន​លើក​យក​ករណី​កោះ​គុត​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​កម្ពុជា​ដែល​ថៃ បាន​រំលោភ​បំពាន យក​ត្រឡប់​មក​វិញ​តាម​ការ​ចង់បាន​របស់​ពលរដ្ឋ​ខ្មែរ​ទេ។

លោក អ៊ុំ សំអាន អះអាង​ថា លោក ហ៊ុន សែន បាន​សម្រេច​ចិត្ត​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ដោយ​យក​ករណី​កោះ​គុត​នេះ​ទៅ​ចរចា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​នឹង​ប្រទេស​ថៃ ប៉ុន្តែ​ការ​ចរចា​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​បាត់បង់​កោះ​គុត​ជាមិនខាន។

ជុំវិញ​បញ្ហា​នេះ ចលនា​ក្រៅ​ស្រុក​ជាច្រើន រួម​មាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល និង​អង្គការ​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ជាដើម នឹង​ប្រារព្ធ​កម្មវិធី សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន ស្តីអំពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស អំពើ​អយុត្តិធម៌​សង្គម ការ​បំផ្លាញ​ប្រជាធិបតេយ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​បញ្ហា​កោះ​គុត​ផង​ដែរ នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ។

ជុំវិញ​បញ្ហា​កោះ​គុត​នេះ គេ​សម្គាល់​ឃើញ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅតែ​មិន​ទាន់​បញ្ជាក់​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ​ថា កម្ពុជា​មាន​ចំណែក​គ្រប់គ្រង​លើ​កោះ​គុត ឬ​ក៏​អត់​នោះ។

ដោយឡែក​ភាគី​ថៃ បាន​ចេញ​មុខ​បញ្ជាក់​ច្បាស់ៗ​ទៅ​កាន់​ពលរដ្ឋ​របស់​គេ​ថា កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ តែ​មួយ​គត់ ហើយ​គ្មាន​ប្រទេស​ណា​អាច​ដណ្ដើម​កាន់កាប់​កោះ​នេះ​បាន​ដាច់ខាត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស