36.7 C
Phnom Penh

សង្គ្រាម​ពាណិជ្ជកម្ម៖ Google ប្ដូរ​ឈ្មោះ​ឈូង​សមុទ្រ​ម៉ិកស៊ិក ខណៈ​ប៉ាណាម៉ា​បោះបង់​ចោល​គម្រោង​វិយោគ​របស់​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ចន្ទ ទី​១០ ខែ​កុម្ភៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​សហរដ្ឋ​អាមេរិក Google បាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​នូវ​ឈ្មោះ «ឈូង​សមុទ្រ​ម៉ិកស៊ិក» ទៅ​ជា «ឈូង​សមុទ្រ​អាមេរិក» នៅ​លើ Google Maps ដែល​នាំ​ឱ្យ​ឈ្មោះ «ឈូង​សមុទ្រ​ម៉ិកស៊ិក» បើ​មើល​ក្នុង​កម្មវិធី​ផែនទី Google Maps មើល​នៅ​លើ​ទឹកដី​អាមេរិក​ឃើញ​ឈ្មោះ «ឈូង​សមុទ្រ​អាមេរិក»។

ការ​ប្តូរ​ឈ្មោះ «ឈូង​សមុទ្រ​ម៉ិកស៊ិក» ធ្វើឡើង​ស្រប​តាម​បទបញ្ជា​នីតិប្រតិបត្តិ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

តែ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC អ្នក​ប្រើប្រាស់ Google Maps អន្តរជាតិ ដែល​ក្រៅ​ពី​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​បន្ត​មើល​ឃើញ​ទាំង​ឈ្មោះ​ដើម «ឈូង​សមុទ្រ​ម៉ិកស៊ិក» ដូច​គ្នា​ទៅ​នឹង​គោលការណ៍​សម្រាប់​ទីតាំង​ដទៃ​ទៀត​ដែរ​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​បញ្ហា​វិវាទ​រឿង​ឈ្មោះ​កំណត់​សម្គាល់​ភូមិសាស្ត្រ​សកល។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Google អ្នក​ប្រើប្រាស់ Google Maps នៅ​សហរដ្ឋ​អាមេរិក មើល​ឃើញ​ឈ្មោះ «ឈូង​សមុទ្រ​អាមេរិក» រីឯ​អ្នក​នៅ​ម៉ិកស៊ិក នឹង​មើល​ឃើញ​ឈ្មោះ «ឈូង​សមុទ្រ​ម៉ិកស៊ិក»។ ចំណែក​អ្នក​ផ្សេង​ទៀត​ខុស​ពី​នៅ​លើ​ទឹកដី​អាមេរិក និង​ម៉ិកស៊ិក មើល​ឃើញ​ឈ្មោះ​ទាំង​ពីរ​នេះ។ វា​មាន​ន័យ​ថា​មើល​ឃើញ​នៅ​ពេល​តែ​មួយ គឺ «ឈូង​សមុទ្រ​ម៉ិកស៊ិក» និង «ឈូង​សមុទ្រ​អាមេរិក» នៅ​លើ Google Maps។

ភ្លាមៗ​ក្រោយពី​ទទួល​ដំណឹង​ថា​ក្រុមហ៊ុន Google បាន​សម្រេច​ដោយ​ជោគជ័យ​នៃ​ការ​ផ្លាស់ប្ដូរ «ឈូង​សមុទ្រ​ម៉ិកស៊ិក» នៅ​លើ Google Maps លោក ត្រាំ បាន​ជិះ​យន្តហោះ​ហោះ​លើ​លំហ​សមុទ្រ​នៃ​ឈូង​សមុទ្រ​ម៉ិកស៊ិក ដែល​ប្ដូរ​ទៅ «ឈូង​សមុទ្រ​អាមេរិក»។ លោក ត្រាំ បាន​ថ្លែង​ដូចនេះ​ថា៖ ថ្ងៃ​នេះ​ខ្ញុំ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅ​កាន់​ឈូង​សមុទ្រ​អាមេរិក គឺ​ភ្លាមៗ​ក្រោយពី​ប្ដូរ​ឈ្មោះ​ដើម​របស់​វា។

សេចក្ដី​ថ្លែងការណ៍​របស់​លោក ត្រាំ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អាទិត្យ ទី​១០ កុម្ភៈ បាន​បង្ហាញ​ពី​មោទនភាព​របស់​ពលរដ្ឋ​អាមេរិក ដែល​លោក​ថា​ជា​រឿង​អស្ចារ្យ​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក។ លោក ត្រាំ បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​នេះ​ទៅ យើង​មើល​ឃើញ «ឈូង​សមុទ្រ​អាមេរិក»។ វា​មាន​ន័យ​ថា​ឈូង​សមុទ្រ​ម៉ិកស៊ិក គឺជា​កម្មសិទ្ធិ​របស់​សហរដ្ឋ​អាមេរិក និង​ជា​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​អាមេរិក។ នេះ​ក៏​ជា​ការ​ផ្ដើម​ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក ត្រាំ ផង​ដែរ។

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ជម្លោះ ឬ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក និង​ចិន ទាក់ទិន​នឹង​ឥទ្ធិពល​របស់​ប្រទេស​ទាំង​ពីរ​ទៅ​លើ​បណ្តា​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន កំពុង​ផ្ទុះ​ឡើង។

លោក Marco Rubio រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​អាមេរិក ដែល​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​អាមេរិក​កណ្តាល បាន​គំរាម​ថា អាមេរិក​អាច​នឹង​ចាត់​វិធានការ​ប្រឆាំង​ទៅ​លើ​ប្រទេស​ប៉ាណាម៉ា ប្រសិនបើ​ប្រទេស​នេះ​មិន​ព្រម​កាត់បន្ថយ​ឥទ្ធិពល​របស់​ចិន លើ​ការ​គ្រប់គ្រង​ព្រែកជីក​ប៉ាណាម៉ា។ ភ្លាមៗ ចិន​បាន​ប្រតិកម្ម​តប​វិញ ដោយ​ហៅ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋការ​លោក ត្រាំ ថា​កំពុង​បង្ក​ទៅ​សង្គ្រាម​ត្រជាក់។

ទោះជា​ចិន ប្រតិកម្ម​ដូចនេះ​ក្ដី តែ​សម្រាប់​ប៉ាណាម៉ា ដែល​មើល​ទៅ​ខ្លាច​អាមេរិក​ជាង​ចិន ក៏​បាន​សម្រេច​បោះបង់​ចោល​គម្រោង​ទុន​វិយោគ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន ដែល​ចិន​ដាក់​ទុន​វិនិយោគ​ពាន់​លាន​ដុល្លារ។ ប្រធានាធិបតី​ប៉ាណាម៉ា Jose Raul Mulino បាន​ចុះ​បទបញ្ជា​ប្រតិបត្តិ​ឱ្យ​បោះបង់​ចោល​គម្រោង​ទុន​វិយោគ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បទបញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី​ប៉ាណាម៉ា ធ្វើឡើង​ក្រោយពី​រដ្ឋការ​លោក ត្រាំ បន្ថែម​សម្ពាធ​ថែម​ទៀត ដោយ​ក្រុង​វ៉ាស៊ីនតោន ព្រមាន​ថា​រាល់​ឥទ្ធិពល​ចិន នៅ​លើ​ដែនដី​ប៉ាណាម៉ា ត្រូវ​កាត់បន្ថយ​ឱ្យ​បាន​ទាប​បំផុត បើ​ពុំ​នោះ​ទេ ព្រែកជីក​ប៉ាណាម៉ា នឹង​ត្រូវ​បាន​រឹបអូស​ទាំងស្រុង។

ក្នុង​សំណុំរឿង​នេះ រដ្ឋាភិបាល​លោក​ប្រធានាធិបតី Jose Raul Mulino បាន​ជូនដំណឹង​ទៅ​ស្ថានទូត​ចិន នៅ​ប៉ាណាម៉ា ឱ្យ​ដឹង​ជា​ផ្លូវការ​ហើយ។

សេចក្តី​សម្រេច​របស់​ប៉ាណាម៉ា ត្រូវ​បាន​លោក Marco Rubio រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​អបអរ​សាទរ។ លោក Rubio ចាត់ទុក​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​ឱ្យ​ប៉ាណាម៉ា ងាក​ទៅ​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ។

យ៉ាងណា អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន Lin Jian បាន​លើកឡើង​ថា ចិន​សូម​ប្រឆាំង​ដាច់ខាត​ចំពោះ​ទង្វើ​ដើរ​គំរាម​បំភិតបំភ័យ ដែល​អាមេរិក​កំពុងតែ​បង្ហាញ​ដូចនេះ គឺជា​ការ​បំផ្លាញ​គម្រោង​សហប្រតិបត្តិការ ឬ​ក៏​ទំនាក់ទំនង​ល្អ ដែល​ប្រទេស​ប៉ាណាម៉ា មាន​ជាមួយ​ចិន។ ចិន បាន​ហៅ​ទង្វើ​របស់​រដ្ឋការ​លោក ត្រាំ ថា​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចរិត​វាតទី​និយម​ដែល​អាមេរិក​តែងតែ​ប្រព្រឹត្ត​លើ​ប្រទេស​ទន់ខ្សោយ។

ក្នុង​រយៈពេល ១០​ឆ្នាំ​មក​នេះ ចិន​លូក​ដៃ​ចូល​កាន់តែ​ជ្រៅ​ដោយ​ប្រើ​ឥទ្ធិពល​របស់​ចិន តាមរយៈ​គម្រោង​ទុន​វិយោគ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រទេស​មួយ​ចំនួន​នៅ​អាមេរិក​ឡាទីន ហើយ​រហូត​ក្រុង​ប៉េកាំង មាន​យុទ្ធសាស្ត្រ​ប្រើប្រាស់​គម្រោង​ទុន​វិនិយោគ​នេះ​ជាមួយ​នឹង​ផែនការ​ពង្រាយ​ទ័ព​ចិន នៅ​លើ​ប្រទេស​ដែល​ជា​កូនបំណុល​ពាន់​លាន​ដុល្លារ។

និយាយ​រួម​ទៅ នៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មក​នេះ គេ​សង្កេត​ឃើញ​រដ្ឋការ​លោក ដូណាល់ ត្រាំ កំពុង​ស្ថិត​លើ​វិថី​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្ម​ក្នុង​អាណត្តិ​ថ្មី​របស់​លោក ត្រាំ ដោយ​រាប់​ទាំង​ក្រុមហ៊ុន Google បាន​សម្រេច​លុប​ឈ្មោះ​ឈូង​សមុទ្រ​ម៉ិកស៊ិក ទៅ​ជា​ឈូង​សមុទ្រ​អាមេរិក តាម​ផែនការ​របស់​លោក ត្រាំ និង​រដ្ឋាភិបាល​ក្រុង​មូស្គូ បដិសេធ​ផែនការ​បង្កើត​រូបិយប័ណ្ណ​រួម​របស់​ក្រុម​សហប្រតិបត្តិការ​សេដ្ឋកិច្ច BRICS ដែល​ជា​ការ​សម្រេច​បោះបង់​ចោល​គំនិត​របស់​ចិន និង​រុស្ស៊ី ចង់​ប្រឆាំង​ពាណិជ្ជកម្ម​ប្រាក់​ដុល្លារ​របស់​អាមេរិក។ ទាំងនេះ​សុទ្ធតែ​ជា​ការ​ផ្លាស់ប្ដូរ​បរិបទ​ពិភពលោក​ជាមួយ​នឹង​យុទ្ធនាការ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​រដ្ឋការ​លោក ដូណាល់ ត្រាំ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស