អង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ចាត់ទុកការសម្រេចរបស់តុលាការដែលបង្គាប់ឱ្យមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បង់លុយចំនួន ១០ម៉ឺនដុល្លារអាមេរិក គឺធ្វើឡើងក្រោមគំនាបនយោបាយរបស់បក្សកាន់អំណាច ជាជាងការធានានូវយុត្តិធម៌តាមផ្លូវច្បាប់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ កុម្ភៈ នេះថា ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹង និងទទួលស្គាល់គ្រប់គ្នាហើយថាតុលាការនៅប្រទេសកម្ពុជាគ្មានឯករាជ្យសម្រាប់ធានានូវយុត្តិធម៌សង្គមរបស់ប្រទេសកម្ពុជានោះទេ គឺធ្វើតាមតែបញ្ជាអ្នកមានអំណាចប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា លើកឡើងថា ដោយសារតែតុលាការនេះស្ថិតក្រោមអំណាចនយោបាយបែបនេះហើយ ទើបសេរីភាពបញ្ចេញមតិរបស់សកម្មជនសង្គម សកម្មជននយោបាយ រហូតដល់អ្នកនយោបាយ តែងតែត្រូវបានរារាំង និងត្រូវបានចាប់ខ្លួនផ្ដន្ទាទោសទាំងអយុត្តិធម៌រហូតមក ខណៈអ្នកដែលមានអំណាចដែលរំលោភបំពានច្បាប់ នៅតែត្រូវបានការពារដោយតុលាការក្រោមខ្សែញាក់មួយនេះ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរស្នេហាប្រជាធិបតេយ្យ និងយុត្តិធម៌ ចូលរួមជួយរៃអង្គាសថវិកាដល់លោក រ៉ុង ឈុន ដើម្បីបង្ហាញពីកម្លាំងសាមគ្គីរបស់ពលរដ្ឋដែលមិនពេញចិត្តនឹងភាពអយុត្តិធម៌សង្គមមួយនេះ។
កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសងសំណងការខូចខាតចំនួន ១០ម៉ឺនដុល្លារទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
តុលាការបញ្ជាក់ថា ប្រាក់ទាំងនោះត្រូវបង់ទៅឱ្យម្ចាស់បំណុលក្នុងរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃទទួលបានលិខិតនេះតទៅ។
តុលាការព្រមានថា បើអ្នកទាំងបីនាក់នេះគ្មានប្រាក់បង់ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនចំនួន ១០ម៉ឺនដុល្លារក្នុងរយៈពេលមួយខែនេះទេ តុលាការនឹងដកហូតទ្រព្យសម្បត្តិពីពួកគេជាថ្នូរវិញ។
ជុំវិញបញ្ហានេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ កុម្ភៈ នេះថា ករណីលោក រ៉ុង ឈុន វាគឺជារឿងស្មោកគ្រោកបំផុត ព្រោះតែតុលាការនេះត្រូវបានគេយកទៅប្រើធ្វើជាឧបករណ៍នយោបាយសម្រាប់ធ្វើទុក្ខបុកម្នេញប្រជាជនខ្មែរខ្លួនឯងទៅហើយ។
លោក សម រង្ស៊ី ផ្តាំទៅកាន់ពលរដ្ឋខ្មែរទាំងអស់គ្នាថា នៅពេលដែលរបបដឹកនាំរបស់លោក ហ៊ុន សែន ដួលរលំ គណបក្សប្រឆាំងនឹងចាត់វិធានការលើតុលាការមួយនេះឱ្យខាងតែបាន ដោយប្តូរមកវិញនូវតុលាការឯករាជ្យមួយដែលមានប្រព័ន្ធយុត្តិធម៌ពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះទាំងអស់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

