26.9 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ថា​រដ្ឋាភិបាល​នៅតែ​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រី​រាជការ ប៉ុន្តែ​អ្នកវិភាគ​មិន​ជឿ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​អស់​លុយ​ទេ ថែមទាំង​មាន​លទ្ធភាព​បង្កើន​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ និង​បង្កើន​ថវិកា​ជួយ​ពលរដ្ឋ​តាម​ប្រព័ន្ធ​គាំពារ​សង្គម​ថែមទៀត​សម្រាប់​ឆ្នាំ​២០២៥ នេះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រកាស​បើក​កម្មវិធី «សប្តាហ៍​គាំពារ​សង្គម​កម្ពុជា​ឆ្នាំ​២០២៥» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០២៤-២០៣៥» នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ថា រដ្ឋាភិបាល​នៅតែ​មាន​លទ្ធភាព​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ កម្លាំង​ប្រដាប់​អាវុធ និង​សម្រាប់​ផ្តល់​សេវា​គាំពារ​សង្គម ទោះ​ថវិកា​ជាតិ​បាន​ហើម​ប៉ោង​ដោយសារតែ​កំណើន​របស់​ប្រជាជន ការ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ និង​ការ​ដំឡើង​បៀវត្សរ៍​មន្ត្រី​រាជការ​កន្លង​មក​ក៏ដោយ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​លើកឡើង​ថា ចំនួន​ប្រជាពលរដ្ឋ​កើន​ឡើង​រាប់​លាន​នាក់ ដែល​ត្រូវការ​ការ​ជួយ​បន្ថែម មិនមែន​ប៉ោង​ដោយសារ​យក​លុយ​ទៅ​ទិញ​នាវាចម្បាំង ឬ​ក៏​យន្តហោះ​ចម្បាំង​អ្វី​នោះ​ទេ។ លោក​ថា​លុយ​ទាំងនោះ​គឺ​ធ្លាក់​ទៅ​លើ​ពលរដ្ឋ​ទាំងអស់។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​ការ​ដែល​ចំណូល​ជាតិ​ថយ​ចុះ ក៏​ព្រោះតែ​សេដ្ឋកិច្ច​កម្ពុជា​មិន​មាន​កំណើន​ដូច​កាលពី​មុន​ជំងឺ​កូវីដ-១៩ នោះ​ទេ។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ទៅ​លើ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ពលរដ្ឋ​ជាច្រើន ដូចជា ខាង​វិស័យ​អប់រំ វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ជាដើម។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា រដ្ឋាភិបាល​គ្មាន​ចំណូល​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​កម្មវិធី​គាំពារ​សង្គម​បន្ថែម​ទៀត​នោះ​ទេ ព្រោះ​ប្រមូល​ពន្ធ​ក៏​បាន​តិច ហើយ​ខ្ចី​បរទេស​ក៏​មិន​បាន ជំនួយ​បរទេស​ក៏​គ្មាន ចំណែកឯ​ដំណើរការ​វិនិយោគ​របស់​រដ្ឋ​ក៏​ដំណើរការ​មិន​ល្អ ដោយសារ​ប្រឈម​នឹង​កង្វះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក និង​អឺរ៉ុប ដូច្នេះ​មាន​តែ​ប្រើ​លុយ​បោះពុម្ព​ថ្មី​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា រដ្ឋាភិបាល​ទំនង​ជា​ប្រើ​ឱកាស​នេះ​ចរាចរ​ក្រដាសប្រាក់​បោះពុម្ព​ថ្មី​ឲ្យ​រីក​សុះសាយ ពីព្រោះ​ការ​ចរាចរ​ក្រដាសប្រាក់​បោះពុម្ព​ថ្មី​ពេល​ផ្ដល់​ការ​គាំពារ​សង្គម​បែប​នេះ អាច​កាត់បន្ថយ​ការ​រិះគន់​ខ្លះ ប៉ុន្តែ​ទោះបីជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រឹង​បំភ័ន្ត​ភ្នែក​ពលរដ្ឋ​បែប​នេះ​ក៏ដោយ ក៏​មិន​អាច​បិទបាំង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច និង​ការ​ហើម​ប៉ោង​នៃ​រូបិយប័ណ្ណ​ប្រាក់​រៀល​បាន​ដែរ។

កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៤ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​បោះពុម្ព​ក្រដាសប្រាក់​ប្រភេទ ២​សែន​រៀល (២០០០០០​រៀល) ចំនួន ២០​លាន​សន្លឹក ប្រមាណ​ជា ១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ​ចំនួន​ថវិកា​នេះ គឺ​មាន​តួលេខ​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត​សម្រាប់​គម្រោង​ចំណាយ​ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស