28 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​ការ​ធ្វើ​ការទូត​ជាមួយ​បក្ស​នយោបាយ​ក្រៅ​ប្រទេស មិនមែន​ជា​អំពើ​ក្បត់​ជាតិ​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា គណបក្ស​សិទ្ធិមនុស្ស និង​លោក កឹម សុខា មាន​ទំនាក់ទំនង​ការបរទេស​ជាមួយ​គណបក្ស​សាធារណរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក និង​គណបក្ស​អភិរក្ស​និយម (CDU) នៅ​ប្រទេស​អាល្លឺម៉ង់ កន្លង​មក មិនមែន​ជា​ការ​គប់គិត ឬ​ក្បត់​ជាតិ​ខ្មែរ​ឡើយ។

អតីត​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​ភាគី​បក្ស​ប្រឆាំង លោក ហ៊ីង សុខសាន្ត សរសេរ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កុម្ភៈ នេះ​ថា ជា​ធម្មតា ទាំង​មេដឹកនាំ​បក្ស​កាន់​អំណាច ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង តែងតែ​មាន​គោលនយោបាយ​ទំនាក់ទំនង​ការបរទេស​រៀងៗ​ខ្លួន ដូច្នេះ​ការ​ចោទ​មេ​បក្ស​ប្រឆាំង​អំពី​បទ​ក្បត់​ជាតិ​ដោយសារ​ទំនាក់ទំនង​ការបរទេស​ជាមួយ​ប្រទេស​ជិតខាង គឺជា​រឿង​ដែល​មិន​អាច​ទទួលយក​បាន។

លោក ហ៊ីង សុខសាន្ត លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​ជាទូទៅ​ច្រើន​តែ​មាន​ទំនាក់ទំនង ឬ​ទំនោរ​ទៅ​ប្រទេស​កុម្មុយនីស្ត ដូចជា ប្រទេស​ចិន រុស្ស៊ី ឬ​វៀតណាម ជាដើម ចំណែកឯ​មេដឹកនាំ​បក្ស​ប្រឆាំង​វិញ ក៏​តែងតែ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​សេរី​ប្រជាធិបតេយ្យ​ដែរ ដូចជា​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី ឬ​ប្រទេស​ជប៉ុន ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តាប់​អំណាច​បាន​ចោទ​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​បាន​គប់គិត​ជាមួយ​រដ្ឋ​បរទេស ឬ​ក្បត់​ជាតិ​ខ្មែរ ប៉ុន្តែ​ការពិត បក្ស​កាន់​អំណាច​ខ្លួនឯង​ទៅ​វិញ​ទេ​ដែល​ត្រូវ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​លាតត្រដាង​ថា បាន​បើក​ដៃ​ឲ្យ​បរទេស​ចូល​មក​បង្ក​ប្រទូសរ៉ាយ​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​នោះ។

អ្នក​តាមដាន​ឯទៀត​ក៏​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឫសគល់​ពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ក៏​ក្លែង​ខ្លួន​មិន​ច្បាស់​ជា​ដើរ​តាម​មាគ៌ា​ប្រជាធិបតេយ្យ មិន​ច្បាស់​ជា​សង្គម​និយម បែប​ម៉ាក្សីស្ត-ឡេនីនិស្ត នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក និង​គណបក្ស​អភិរក្ស​និយម​របស់​អាល្លឺម៉ង់ ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅ​ពេលនេះ ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​គណបក្ស​ទាំង​ពីរ​នេះ​កន្លង​មក​នោះ ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ពី​បទ​គប់គិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​សាលក្រម​ដដែល​នោះ តុលាការ​ក៏​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា អស់​មួយ​ជីវិត​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស