អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា ព្រមានថា បដិវត្តន៍នឹងផ្ទុះឡើងនៅកម្ពុជាដោយចៀសពុំរួច ប្រសិនបើរដ្ឋាភិបាលមិនព្រមដោះស្រាយរាល់សំណើរបស់ពលរដ្ឋ ជាពិសេសការទាមទារឱ្យរដ្ឋាភិបាលប្តឹងប្រទេសថៃ ទៅតុលាការអន្តរជាតិជុំវិញបញ្ហាកោះគុត ជាដើម។
សកម្មជនសហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត លើកឡើងនៅថ្ងៃទី៣ មីនា នេះថា ពលរដ្ឋខ្មែរមានជម្រើសជាច្រើនក្នុងនាមជាម្ចាស់ប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ ដើម្បីជំរុញឱ្យរដ្ឋាភិបាលដោះស្រាយនូវកង្វល់របស់ខ្លួន ព្រោះសំណើ និងការទាមទារទាំងឡាយសុទ្ធតែបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស។
លោក មួង ណារ៉េត លើកឡើងថា នៅពេលដែលពលរដ្ឋមានបញ្ហា ពលរដ្ឋអាចប្តឹងទៅស្ថាប័នតុលាការដើម្បីឱ្យជួយដោះស្រាយ ប៉ុន្តែបើស្ថាប័នតុលាការដោះស្រាយមិនកើតដោយសារស្ថិតក្រោមឥទ្ធិពលនយោបាយ នោះពលរដ្ឋមានជម្រើសមួយទៀត គឺត្រូវតែផ្លាស់ប្ដូររដ្ឋាភិបាលតាមរយៈនៃការបោះឆ្នោត ប៉ុន្តែបើការបោះឆ្នោតមិនអាចរកយុត្តិធម៌បានទៀតនោះ ជម្រើសកាន់តែធ្ងន់ធ្ងរជាងនេះ គឺមានតែធ្វើបដិវត្តន៍ផ្លាស់ប្ដូរការដឹកនាំតែម្តង។
អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជារូបនេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាដែលមិនអើពើនឹងសំណើរបស់ពលរដ្ឋខ្លួន គឺបង្ហាញពីទង្វើរំលោភបំពានលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលមួយដែលហ៊ានប្រព្រឹត្តទង្វើប្រឆាំងនឹងច្បាប់កំពូលរបស់ជាតិបែបនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថាមិនមែនជារដ្ឋាភិបាលដែលបម្រើផលប្រយោជន៍ឱ្យពលរដ្ឋឡើយ។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ មីនា នេះដែរថា ការធ្វើបាតុកម្មស្ដីពីបញ្ហាកោះគុត កាលពីថ្ងៃអាទិត្យនេះ គឺទទួលបានជោគជ័យលើសពីការរំពឹងទុក ព្រោះតែមានការចូលរួមពីពលករខ្មែរច្រើនលើសលប់។
ប្រភពដដែលឱ្យដឹងថា ជុំវិញការធ្វើបាតុកម្មនេះ ក្រុមបាតុករក៏បានដាក់ញត្តិទៅកាន់ស្ថានទូតបារាំងប្រចាំប្រទេសកូរ៉េខាងត្បូង ផងដែរ ព្រោះបារាំងធ្លាប់ជាអាណាព្យាបាលរបស់កម្ពុជា ហើយបារាំងក៏ជាប់ពាក់ព័ន្ធ និងបានចូលរួមដឹងឮជុំវិញបូរណភាពទឹកដីរបស់កម្ពុជាដែរ។
លោក មាស ពិសាល ព្រមានថា បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនដោះស្រាយតាមសំណើរបស់ពលរដ្ឋក្នុងការលើកយកករណីកោះគុតប្តឹងទៅតុលាការអន្តរជាតិទេ ការធ្វើបាតុកម្មនឹងនៅតែធ្វើបន្តទៀត ហើយការធ្វើបាតុកម្មនេះមិនមែនប្រឆាំងនឹងរដ្ឋាភិបាលទេ គឺដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការការពារទឹកដីកម្ពុជាប៉ុណ្ណោះ។
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរដែលធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង ប្រមាណជា ៣ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល (Seoul) ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាប្តឹងប្រទេសថៃ លើករណីកោះគុតទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ជាងនេះទៀត បាតុកម្មនេះក៏ដើម្បីទាមទារឲ្យរដ្ឋាភិបាលត្រកូលហ៊ុន ស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

