ក្រោយពីមានបាតុកម្មទាមទារពីពលរដ្ឋខ្មែរនៅក្រៅស្រុកឱ្យរកដំណោះស្រាយរឿងកោះគុត ឬកោះគជ់នៅប្រទេសជាច្រើន មន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលថារាជរដ្ឋាភិបាលកំពុងចរចារកដំណោះស្រាយជុំវិញបញ្ហាកោះគុតជាមួយប្រទេសថៃ នោះ គឺគ្រាន់តែជាលេស ព្រោះគាត់បានកាត់ឆ្វៀលចំណែកកម្មសិទ្ធិលើកោះនេះទៅឱ្យថៃ តាំងពីឆ្នាំ២០០១ មកម្ល៉េះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ឆ្លើយតបទៅកាន់លោក ហ៊ុន សែន តាមរយៈឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៥ មីនា នេះថា លោក ហ៊ុន សែន កំពុងកុហកប្រជាពលរដ្ឋខ្មែរជុំវិញបញ្ហាកោះគុត ដើម្បីពន្យារពេលកុំឱ្យក្រុមអ្នកតវ៉ាបាតុកម្មតវ៉ាទាមទារកាន់តែខ្លាំងតែប៉ុណ្ណោះ ព្រោះគាត់មិនបានចរចាជាមួយប្រទេសថៃ លើបញ្ហានេះទេ។
លោក អ៊ុំ សំអាន លើកឡើងថា ដើម្បីរារាំង និងបំភ័យកុំឱ្យពលរដ្ឋតវ៉ាពីបញ្ហានេះ គាត់តែងគំរាមពីការផ្ទុះសង្គ្រាម និងចាប់ខ្លួនអ្នកតវ៉ាទាំងនោះដាក់គុក។
លោក អ៊ុំ សំអាន បន្តថា បើគាត់ខ្លាចផ្ទុះសង្គ្រាមជាមួយប្រទេសជិតខាងជុំវិញបញ្ហានេះមែន ហេតុអ្វីបានជាគាត់មិនព្រមប្តឹងថៃ អំពីរឿងនេះទៅតុលាការអន្តរជាតិ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា បើលោក ហ៊ុន សែន ស្នេហាជាតិ ការពារទឹកដីដោយស្មោះត្រង់មិនបង្កប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់មែន នោះការប្តឹងថៃ ទៅតុលាការអន្តរជាតិ គឺជារឿងត្រឹមត្រូវបំផុត ប៉ុន្តែបើលោក ហ៊ុន សែន នៅតែបដិសេធបន្តទៀត នោះមានន័យថាបញ្ហាកោះគុត គឺមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់ត្រកូលហ៊ុនជាមួយថៃ យ៉ាងពិតប្រាកដ។
ចំណែកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៩ ខែកុម្ភៈ លើកឡើងថា ទាំងអ្នកនយោបាយខ្មែរ និងអ្នកនយោបាយថៃ មិនត្រូវយករឿងនយោបាយទៅលូកលាន់កិច្ចការបច្ចេកទេសនោះទេ ព្រោះកម្ពុជាចង់ដោះស្រាយបញ្ហាជាមួយប្រទេសថៃ ដោយសន្តិវិធី ខណៈរឿងព្រំដែនដែលមិនទាន់ឯកភាពគ្នា គឺមិនទាន់យកជាការណ៍បាននៅឡើយ។
យ៉ាងណាក៏ដោយ ចាប់តាំងពីមានការតវ៉ាជុំវិញបញ្ហាកោះគុតមក គេនៅមិនទាន់ឃើញលោក ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់ពលរដ្ឋខ្មែរថា កម្ពុជាមានចំណែកគ្រប់គ្រងលើកោះគុត ឬក៏អត់នោះទេ ខណៈភាគីថៃ បានចេញមុខអះអាងម្តងហើយម្តងទៀតថា កោះគុតជារបស់ថៃផ្ដាច់មុខ ដែលគ្មានចំណែកកម្មសិទ្ធិរបស់កម្ពុជាឡើយ។
ជាក់ស្តែង កាលពីចុងឆ្នាំ២០២៤ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងកូនស្រីរបស់គាត់ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺអ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចេញមុខអះអាងច្បាស់ៗថា កោះគុតជាកម្មសិទ្ធិរបស់ថៃ ដោយគ្មានប្រទេសណាអាចដណ្ដើមកាន់កាប់បានឡើយ។
សារព័ត៌មាន The Cambodia Daily បានស្រាវជ្រាវឃើញអត្ថបទសរសេរតាមឯកសារចាស់ពីសម័យអាណាព្យាបាលបារាំងសែស តម្កល់ទុកក្នុងសារមន្ទីរថៃ ដែលនិយាយថា រដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលថៃ បានចុះកិច្ចព្រមព្រៀងកំណត់ព្រំដែនជាមួយគ្នានៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ ប្រគល់ដែនដីក្រុង ឬខេត្តត្រាត ទៅឱ្យព្រះចៅក្រុងសៀម នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩០៧ វេលាម៉ោង ៩ព្រឹក ដោយមានវត្តមានលោក Roussau Aramande ខាងភាគីបារាំង តំណាងឱ្យរ៉េស៊ីដង់ប្រចាំខេត្តកំពត និងតំណាងឱ្យទេសាភិបាលប្រចាំតំបន់ឥណ្ឌូចិន ហើយនិងលោក ប្រាយ៉ា សិរីទេព អភិបាលខេត្តត្រាត។ ការប្រគល់ខេត្តត្រាត នៅពេលនោះ គឺរាប់បញ្ចូលទាំងកោះគុត ឬកោះគជ់ ព្រមទាំងកោះឯទៀតផងដែរ។
បើដូច្នេះ តើខ្មែរគិតដូចម្តេចជាមួយបារាំង ក្រៅពីចង់ប្តឹងថៃ?៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

