28.9 C
Phnom Penh

លោក រ៉ុង ឈុន អះអាង​ថា​នឹង​បង់​លុយ​សង​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​តាម​ដំណាក់កាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅតែ​រក្សា​ជំហរ​បង់​លុយ​សង​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ១​សែន​ដុល្លារ​អាមេរិក តាម​ដីកា​បង្គាប់​របស់​តុលាការ ប៉ុន្តែ​លោក​ស្នើសុំ​បង់​លុយ​ទៅ​តាម​ដំណាក់កាល ព្រោះ​ការ​អនុវត្ត​តាម​វិធី​នេះ គឺជា​ជម្រើស​ចុងក្រោយ​ដែល​លោក​អាច​ធ្វើ​បាន​ចំពោះ​ដីកា​បង្គាប់​មួយ​នេះ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា ដើម្បី​ឱ្យ​លោក​អាច​បន្ត​កិច្ចការ​នយោបាយ​ទៅ​មុខ​ទៀត​បាន មាន​តែ​បង់​លុយ​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​តាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្នើសុំ​បង់​សំណង​តាម​ដំណាក់កាល​នេះ មិន​ទាន់​ត្រូវ​បាន​តុលាការ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ។

លោក រ៉ុង ឈុន អះអាង​ថា បន្ទាប់ពី​គណបក្ស​កម្លាំង​ជាតិ ប្រកាស​យុទ្ធនាការ​រៃអង្គាស​ថវិកា​ពី​ពលរដ្ឋ​ដើម្បី​ប្រមូល​លុយ​បង់​ទៅ​គណៈកម្មាធិការ​ព្រំដែន​ចាប់តាំងពី​ពាក់កណ្តាល​ខែ​កុម្ភៈ មក យ៉ាងហោចណាស់​មាន​អ្នក​ចូលរួម​បង់​វិភាគទាន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ QR Code ជាង ២​ពាន់​នាក់ (២១៣៣​នាក់) ហើយ។

ចំណែក​ថវិកា​ដែល​ទទួល​ជាក់ស្តែង​នៅ​ពេលនេះ គឺ​មាន​ចំនួន​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក (២១០៣៧,៥៤​ដុល្លារ) ចំណែក​ប្រាក់​រៀល​ទទួល​បាន​ជាង ៧​លាន​រៀល (៧៧៤៣៥១០​រៀល) ផង​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ពិត​មែន​តែ​លោក​យល់ព្រម​បង់​លុយ​ទៅ​តាម​ការ​បង្គាប់​របស់​តុលាការ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ការ​សម្រេច​របស់​តុលាការ​ជា​ការ​កាត់សេចក្តី​ដែល​មាន​យុត្តិធម៌​សម្រាប់​រូបលោក​នោះ​ទេ ព្រោះ​ពាក្យ​ថា​ជួសជុល​ខូចខាត​នេះ គឺ​មិន​សក្ដិសម​នឹង​អ្វី​ដែល​លោក​បាន​ធ្វើ​ឡើយ ដែល​លោក​គ្រាន់តែ​ជិះ​ម៉ូតូ​ទៅ​ទីនោះ​ប៉ុណ្ណោះ។

លោក រ៉ុង ឈុន បញ្ជាក់​ថា សូម្បីតែ​លោក​ទៅ​ប៉ះពាល់​បង្គោល​ព្រំដែន​ដោយ​ផ្ទាល់ ក៏​មិន​ដល់​ថ្នាក់​ខូចខាត​បង្គោល​នោះ​រហូត​ត្រូវ​ផាកពិន័យ​ជា​ប្រាក់ ១​សែន​ដុល្លារ​អាមេរិក​នោះ​ដែរ ដែល​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​អយុត្តិធម៌​មក​លើ​រូបលោក។

កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន កញ្ញា ស កណិការ និង​លោក តុន និមល រួម​គ្នា​សង​សំណង​ខូចខាត​ចំនួន ១០​ម៉ឺន​ដុល្លារ​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន។

តុលាការ​ព្រមាន​ថា ប្រាក់​ទាំងនោះ​ត្រូវ​បង់​ទៅ​ឱ្យ​ម្ចាស់​បំណុល​ក្នុង​រយៈពេល​ត្រឹមតែ ១​ខែ​ប៉ុណ្ណោះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​សាមី​ខ្លួន​បាន​ទទួល​លិខិត ប៉ុន្តែ​បើ​អ្នក​ទាំង ៣​នាក់​នេះ​គ្មាន​ប្រាក់​បង់​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​តាម​ចំនួន​កំណត់​ក្នុង​រយៈពេល​មួយ​ខែ​នេះ​ទេ តុលាការ​នឹង​ដកហូត​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ជា​ថ្នូរ​ជំនួស​វិញ ហើយ​គិត​មក​ទល់​ថ្ងៃទី​១២ ខែ​មីនា នេះ គឺ​មាន​ចំនួន ៣១​ថ្ងៃ​ហើយ។

លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ ជុំវិញ​ការ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រង់​បង្គោល​លេខ ១១៤ ដល់ ១១៩ អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ពេល​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស