27.3 C
Phnom Penh

រដ្ឋមន្ត្រី​មហាផ្ទៃ​ថា​បើ​គ្មាន​ការ​គប់គិត​ពី​មន្ត្រី​អនុវត្ត​ច្បាប់​ទេ បញ្ហា​គ្រឿងញៀន​ខុស​ច្បាប់​ក៏​មិន​រីក​ធំ​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​ចាត់​វិធានការ​វះកាត់​សាច់​ស្អុយ ប្រសិនបើ​រក​ឃើញ​មន្ត្រី​សមត្ថកិច្ច​ណា​មួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់ ហើយ​ថា​បើ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ទេ បញ្ហា​នេះ​ក៏​មិន​រីក​ធំ​ដូច​សព្វថ្ងៃ​នេះ​ដែរ។

លោក ស សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ មីនា នេះ​ដោយ​លើកឡើង​នូវ​បទបញ្ជា​ព្រមាន​ផ្ទាល់​ទៅ​កាន់​មន្ត្រី​នគរបាល​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១០ កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មីនា ថា មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ត្រូវតែ​ប្រញាប់​ដក​ខ្លួន​ជាបន្ទាន់ បើ​មិន​ចង់​ក្លាយ​ជា​សាច់​ស្អុយ។

លោក ស សុខា អះអាង​ថា ចាប់​ពី​ពេលនេះ​ទៅ រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ មិន​អនុវត្ត​ពាក្យស្លោក «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់» សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅ​កម្ពុជា​បន្ត​ទៀត​ទេ គឺ​ត្រូវតែ​ចាត់​វិធានការ​វះកាត់​សាច់​ស្អុយ​ចោល​តែម្ដង។

លោក​ព្រមាន​ថា មន្ត្រី​នគរបាល​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ត្រូវតែ​ដក​ខ្លួន និង​កែប្រែ​ឥរិយាបថ​ជាបន្ទាន់ ហើយ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​ខិតខំ​ចូលរួម​ពង្រីក​ការ​ស្រាវជ្រាវ​ដោយ​ផ្ដោត​ទាំង​មុខសញ្ញា​អ្នក​ដែល​ប្រព្រឹត្ត និង​មុខសញ្ញា​ដែល​ពាក់ព័ន្ធ​ជា​ខ្នងបង្អែក​ផង​ដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ។

កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត សារភាព​ថា​ស្ថានភាព​គ្រឿងញៀន​ខុស​ច្បាប់​នៅតែ​ស្ថិត​ក្នុង​សភាព​ប្រឈម​ធ្ងន់ធ្ងរ​នៅឡើយ ព្រោះ​ការ​ជួញដូរ ប្រើប្រាស់ ចែកចាយ កែច្នៃ និង​ផលិត​គ្រឿងញៀន​នៅតែ​បន្ត​កើត​មាន​នៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដើម្បី​ឆ្លើយតប​ការ​ប្ដេជ្ញាចិត្ត​ថា​កម្ពុជា​គឺជា​ប្រទេស​គ្មាន​គ្រឿងញៀន រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​សម្រាប់​ឆ្នាំ​២០២៥ បន្ត​ទៀត។

រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​បាន​បិទ​ទីតាំង​អាជីវកម្ម​ចំនួន ៤៨​កន្លែង និង​ចាប់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​រាប់​ម៉ឺន​នាក់ រួម​ទាំង​គ្រឿងញៀន​គ្រប់​ប្រភេទ​ជិត ៤៣​តោន (៤២៨៤៨​គីឡូក្រាម) និង​សារធាតុគីមី​ផ្សំ​ជិត ៦០០​តោន (៥៩៦៣៩៩​គីឡូក្រាម) ផង​ដែរ ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ។

ចំណែក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អះអាង​ថា រយៈពេល​ពេញ ១​ឆ្នាំ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​បាន​រឹបអូស​គ្រឿងញៀន​ខុស​ច្បាប់​ជិត ១៥​តោន (១៤,៧​តោន) ខណៈ​ឆ្នាំ​២០២៣ អាជ្ញាធរ​បាន​រឹបអូស​គ្រឿងញៀន​ជិត ៣​តោន (២៩៨៨​គីឡូក្រាម) ចំណែក​ជនសង្ស័យ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ជិត ២​ម៉ឺន ៦​ពាន់​នាក់។

ជុំវិញ​បញ្ហា​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​លុប​បំបាត់​គ្រឿងញៀន​មែន ទាល់តែ​ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ និង​ឪពុក​របស់​គាត់ គឺ​លោក ហ៊ុន សែន ជា​មុន​សិន។

លោក​ថា លោក ហ៊ុន តូ ជា​មេក្រុម​ម៉ាហ្វីយ៉ា និង​ជា​មេ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ចំណែក​លោក ហ៊ុន សែន ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំងអស់​ដែល​កំពុង​លាក់​ខ្លួន​នៅ​ស្រុក​ខ្មែរ​ដែរ តាមរយៈ​អំពើពុករលួយ​ក្រោម​ការ​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស