30.7 C
Phnom Penh

ពន្ធ​អាហរ័ណ-នីហរ័ណ​អាមេរិក​លើ​ប្រទេស​ជុំវិញ​ពិភពលោក កំពុង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​វិលមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រឿង​ដំឡើង​ពន្ធ មិន​ដំឡើង​ពន្ធ ពន្យារ​ពេល​ដំឡើង​ពន្ធ​ទំនិញ​នាំចូល-នាំចេញ ហៅថា អាហរ័ណ-នីហរ័ណ​ដោយ​រដ្ឋការ​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើ​ឲ្យ​អ្នកវិភាគ​សេដ្ឋកិច្ច អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិតកម្ម ម្ចាស់​ហាង​ទំនិញ​លក់ដុំ-លក់រាយ កសិករ​ទីផ្សារ​សន្និធិ ឬ​ផ្សារ​ហ៊ុន និង​ផ្សារ​ឥណទេយ្យ​ប័ណ្ណ​ស្ទើរតែ​ទូទាំង​សកលលោក ជ្រួលច្របល់ វិលមុខ ហើយ​អធិប្បាយ​ខុសៗ​គ្នា។ រឿង​ពន្ធ​លើ​ប្រទេស​កម្ពុជា ក៏​វិលមុខ​ដែរ។

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រាជរដ្ឋាភិបាល​គួរតែ​ដឹង​អំពី​បំណង​របស់​សហរដ្ឋ​អាមេរិក ដែល​មិនមែន​ត្រឹមតែ​ភាព​ស្មើ​គ្នា​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ជុំវិញ​ការ​កំណត់​ពន្ធ​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា​នោះ​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្ហាញ​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មេសា នេះ​ថា ការ​កំណត់​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​កម្ពុជា មិនមែន​គ្រាន់តែ​រឿង​ពាណិជ្ជកម្ម​តែ​មួយ​មុខ​ទេ ដូច្នេះ​ប្រទេស​កម្ពុជា​ត្រូវ​ដឹង​ដែរ​ថា តើ​អ្វី​ដែល​មហាអំណាច​សហរដ្ឋ​អាមេរិក​ចង់បាន​លើស​ពី​នេះ។

លោក​បន្ត​ថា បើ​តាម​ការ​កំណត់​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​លើ​ប្រទេស​ចិន ១២៥% នៅ​ពេលនេះ បង្ហាញ​ថា ក្រុង​វ៉ាស៊ីនតុន កំពុង​ប្រកាស​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន រួច​ទៅ​ហើយ ដូច្នេះ​សហរដ្ឋ​អាមេរិក​ក៏​ទំនង​ជា​មិន​ចង់​ឱ្យ​ប្រទេស​តូច​មួយ​កេង​ផល​ប្រយោជន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ចិន ដែរ។ ឧទាហរណ៍​ជាក់ស្តែង ដូចជា ការ​បដិសេធ​មិន​បញ្ចុះ​ពន្ធ​ឱ្យ​ប្រទេស​វៀតណាម ជាដើម។

លោក ម៉ែន ណាត លើកឡើង​ថា ក្នុង​ការ​ចរចា​នេះ ពិត​តែ​មាន​ការ​លើកឡើង​ពី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម តែ​មិន​អាច​កាត់ផ្ដាច់​ចេញពី​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​បាន​ដែរ ដូច្នេះ​ប្រទេស​កម្ពុជា​គួរតែ​បង្ហាញ​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ចៀសវាង​បង្ហាញ​ជំហរ​លម្អៀង​ទៅ​រក​ចិន ផ្គើន​នឹង​សហរដ្ឋ​អាមេរិក​ដូច​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​នោះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត ជាពិសេស​មហាអំណាច​ដោយ​អព្យាក្រឹត្យ​ដូច​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ច្បាប់​កំពូល​នៃ​ប្រទេស​ជាតិ គឺជា​មធ្យោបាយ​យូរអង្វែង​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ គឺជា​ការ​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មិន​ឆ្លៀត​កេង​ចំណេញ​ផល​ប្រយោជន៍​ពី​ប្រទេស​មួយ​ទៅ​ជួយ​ប្រទេស​មួយ​ទៀត​ផង ហើយ​ក៏​បង្ហាញ​ថា​ប្រទេស​កម្ពុជា​មិន​កេង​ចំណេញ​ពី​ផល​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ពី​ប្រទេស​មួយ​ទៅ​ឱ្យ​ប្រទេស​មួយ​ទៀត​ដែរ។

លោក ម៉ែន ណាត ផ្តាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀន​គិត​ឡើងវិញ​ពី​ជំហរ​នយោបាយ​រេ​តាម​ខ្យល់​ដែល​ខ្លួន​ធ្លាប់​អនុវត្ត​កន្លង​មក ដែល​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ព្រោះ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា ដូចជា ការ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក និង EBA ពី​សហភាព​អឺរ៉ុប សុទ្ធតែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បំផ្លាញ​ចោល​ទាំងអស់។

កាលពី​ថ្ងៃទី​០៩ ខែ​មេសា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​អនុវត្ត​អត្រា​ពន្ធ​ថ្មី​សម្រាប់​ប្រទេស​ទាំង​ជិត ២០០ នោះ​ទេ (១៨៥) លើកលែងតែ​ចិន សម្រាប់​រយៈពេល ៩០​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃទី​១០ ខែ​មេសា តទៅ។

លោក ដូណាល់ ត្រាំ បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​កាត់បន្ថយ​អត្រា​ពន្ធ ១០% ក្នុង​អំឡុង​ពេល ៩០​ថ្ងៃ​នេះ ហើយ​ថា​នឹង​ចាប់​អនុវត្ត​ភ្លាមៗ​ផង​ដែរ។ ការ​ផ្លាស់ប្ដូរ​ជំហរ​ភ្លាមៗ​រវាង​ពេល​យប់ និង​ពេល​ថ្ងៃ​រសៀល​នោះ សូម្បីតែ​តំណាង​ពាណិជ្ជកម្ម​អាមេរិកាំង លោក Jamieson Greer ក៏​មិន​បាន​ដឹង​ផង ខណៈ​លោក​កំពុង​ឆ្លើយ​សំណួរ​សមាជិក​សភា​អំពី​បញ្ហា​ដំឡើង​ពន្ធ​ទំនិញ​នោះ។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លើកឡើង​ដែរ​ថា ប្រទេស​កម្ពុជា​មិន​ទាន់​អស់​ផ្លូវ​ដើរ​នៅឡើយ​ទេ ទោះ​ជា​ជាប់​ពន្ធ​អាមេរិកាំង​ខ្ពស់​កប់​ពពក​រហូត​ដល់ ៤៩% ក្នុង​ពេលនេះ​ក៏ដោយ ព្រោះ​ប្រទេស​កម្ពុជា​នៅ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប (EBA = Everything But Arms) ចំនួន ៨០% ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់​រូប​នេះ​លើកឡើង​ថា កម្ពុជា​គួរ​ពិចារណា​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​កន្លង​មក ក្នុង​ករណី​អាមេរិក​មិន​បញ្ចុះ​ពន្ធ​នាំចេញ​របស់​កម្ពុជា​ទេ កម្ពុជា​នៅតែ​អាច​មាន​ទីផ្សារ​អឺរ៉ុប និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា កាណាដា និង​ចក្រភព​អង់គ្លេស ជាដើម ប៉ុន្តែ​កម្ពុជា​ត្រូវ​គោរព​តាម​គោលការណ៍​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​ដាច់ខាត។

ទោះជា​យ៉ាងណាក៏ដោយ ការ​បកស្រាយ​ពី​អ្នកវិភាគ​ខ្លះ គឺ​មកពី​មើល​ឃើញ​មួយ​ជ្រុង​នៃ​បញ្ហា។

លោក​ប្រធានាធិបតី ត្រាំ បាន​ប្រកាស​អំពី​គោលនយោបាយ​សេដ្ឋកិច្ច​សម្រាប់​បក្ស​លោក​ដោយ​និយាយ​ថា ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ជា​ថ្មី (Make America Great Again (MAGA))។ លោក​ចង់​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​ផង ក្រុមហ៊ុន​បរទេស​ផង បើក​រោងចក្រ ឧស្សាហកម្ម ផលិតកម្ម រោង​កម្មន្តសាល​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ឲ្យ​បាន​ច្រើន ដើម្បី​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​អាមេរិកាំង​តាមរយៈ​ការ​ដំឡើង​ពន្ធ​នាំចូល។

អ្វី​ដែល​លោក​គិត​មិន​ដល់​នោះ គឺ​រោងចក្រ​ជាច្រើន​ប្រភេទ ទាំង​ម្ចាស់​អាមេរិកាំង ទាំង​ម្ចាស់​បរទេស មិន​អាច​បើក​រោងចក្រ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ទាំងស្រុង​បាន​ឡើយ ពីព្រោះ​តម្លៃ​ពលកម្ម​ការងារ​ខ្ពស់ ហើយ​ប្រឈម​នឹង​ច្បាប់​ទម្លាប់​ច្រើន​បែប​ផង។

អ្នកវិភាគ​សេដ្ឋកិច្ច ប្រាប់​ទូរទស្សន៍​អាមេរិកាំង CNBC កាលពី​ថ្ងៃទី​៨ ខែ​មេសា កន្លង​ទៅ​នេះ​ថា៖ ក្រុមហ៊ុន​អាមេរិកាំង​មួយ​ចំនួន​ធំ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា នឹង​មិន​វិល​មក​សហរដ្ឋ​អាមេរិក​បាន​ឡើយ ជាពិសេស​ខាង​វិស័យ​កាត់ដេរ​តែម្តង។ CNBC ផ្សាយ​ថា ក្រុមហ៊ុន​នាំ​ផលិតផល​ពី​រោងចក្រ​នៅ​ស្រុក​ខ្មែរ​មាន​ឈ្មោះ៖

  • Under Armour,
  • Rawlings Sporting Goods,
  • Lululemon,
  • Black & Decker,
  • Hugo Boss,
  • Hearth & Home,
  • Eddie Bauer,
  • Dollar General,
  • Diageo,
  • Asics,
  • Adidas and Bass Pro Shops។

នេះ​បើ​យោង​តាម ImportGenius។

ក្រៅពី​ផលិតផល​វាយនភណ្ឌ ក៏​មាន​ផលិតផល​ទោចក្រយាន (កង់) ផលិតផល​កសិកម្ម គ្រឿង​សង្ហារិម កៅស៊ូ​កង់ ផ្ទាំង​ប្រើ​ថាមពល​ព្រះអាទិត្យ និង​ថត​ទូ​ចង្ក្រាន​បាយ (bicycles, agriculture products, furniture, solar panels, tires and kitchen cabinets)។

យ៉ាងណាមិញ នៅ​ទី​បញ្ចប់ សង្គ្រាម​ពាណិជ្ជកម្ម​សងសឹក​រវាង​មហាអំណាច​សហរដ្ឋ​អាមេរិក និង​ចិន បាន​បន្ថែម​បន្ទុក​ចំណាយ​លើ​ពលរដ្ឋ​អាមេរិកាំង​យ៉ាង​ខ្លាំង​ដែរ។ ប្រទេស​ចិន ប្រកាស​ថា បើ​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​ផលិតផល​ចិន​ម្ល៉ឹងៗ គេ​ក៏​មិន​លក់​ទំនិញ​បញ្ចុះ​ថ្លៃ (discounts) ដល់​អ្នក​បញ្ជា​ទិញ​ដុំ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដែរ។

សេដ្ឋវិទូ​ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​អាមេរិកាំង​ម្នាក់​អាច​ចំណាយ​បន្ថែម​លើ​ទំនិញ​អាហរ័ណ​មាន​អត្រា​ពន្ធ​ខ្ពស់​ដល់​ទៅ ៣៨០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស