តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា រដ្ឋាភិបាលប្រទេសវៀតណាម ពង្រីកទឹកដី តែបង្រួមក្រសួង និងខេត្ត ខណៈប្រទេសកម្ពុជា ពង្រីកក្រសួង និងខេត្ត តែបង្រួមទឹកដីខ្លួនឯង។
លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ ឧសភា នេះថា រដ្ឋាភិបាលវៀតណាម សម្រេចដាក់បញ្ចូលក្រសួងពី១៨ មកនៅត្រឹម ១៤ក្រសួងវិញ និងរំលាយរដ្ឋបាលស្រុកខណ្ឌចោលទាំងអស់ រួមទាំងបញ្ចូលខេត្តទាំង៦៣ មកនៅត្រឹម ៣៤ខេត្តផងដែរ ដំណាលពេលដែលទឹកដីវៀតណាម កាន់តែរីកធំជាងមុន ដោយសារការរំលោភយកទឹកដីខ្មែររហូតមក។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះលើកឡើងថា ចំណែកឯរដ្ឋាភិបាលកម្ពុជាដែលត្រួតត្រាដោយត្រកូលហ៊ុន ដឹកនាំប្រទេសកម្ពុជា ជាង ៤០ឆ្នាំ ធ្វើឱ្យរួមទឹកដីខ្មែរកាន់តែតូចទៅៗ ប៉ុន្តែបែរជាពង្រីកភូមិ ឃុំ ស្រុក ខណ្ឌ និងខេត្ត កាន់តែច្រើនឡើងៗ ដើម្បីបំផ្លាញលុយជាតិ និងចងក្រងបក្ខពួកឱ្យជួយការពារអំណាចឱ្យខ្លួនឯងទៅវិញ។
លោកបន្តថា រដ្ឋាភិបាលបានពង្រីកខេត្តពី ២០ ដល់ ២៥ ដោយយកខេត្តកែប បំបែកចេញពីខេត្តកំពត ខេត្តព្រះសីហនុ បំបែកចេញពីខេត្តកោះកុង ខណៈខេត្តប៉ៃលិន បំបែកចេញពីខេត្តបាត់ដំបង រីឯខេត្តបន្ទាយមានជ័យ បំបែកចេញពីខេត្តឧត្ដរមានជ័យ និងខេត្តត្បូងឃ្មុំ បំបែកចេញពីខេត្តកំពង់ចាម។
លោកបន្ថែមថា បើខេត្តត្រូវបានពង្រីកហើយនោះ ក្រុងស្រុកខណ្ឌ ឃុំសង្កាត់ និងភូមិ ក៏នឹងពង្រីកដោយស្វ័យប្រវត្តិដែរ។ ជាងនេះទៀត ស្រុក ខណ្ឌ ឃុំសង្កាត់ និងភូមិថ្មីៗខ្លះទៀតត្រូវបានបំបែកក្នុងខេត្តដែលមិនបានបំបែកថ្មីនោះទេ ដែលជាហេតុធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅប្រទេសកម្ពុជាកាន់រីកធំឡើងៗ ឬប៉ោងរីកតែខាងក្នុងទៅវិញ។
លោក អ៊ុំ សំអាន លើកឡើងថា ក្រៅពង្រីកខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងភូមិ កម្ពុជាក៏ពង្រីកចំនួនក្រសួង រដ្ឋលេខាធិការដ្ឋាន មន្ទីរ អង្គភាព ស្ថាប័ន ព្រមទាំងបង្កើនចំនួនរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ អភិបាលខេត្ត អភិបាលស្រុក អភិបាលខណ្ឌ មេឃុំ ចៅសង្កាត់ និងមេភូមិយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។
លោកបន្ថែមថា ការធ្វើបែបនេះ គ្រាន់តែដើម្បីចែកតំណែងគ្នាប៉ុណ្ណោះ។ ជាក់ស្តែង រដ្ឋាភិបាលអាណត្តិទី៦ មាន ២៧ក្រសួង និង ២៧រដ្ឋមន្ត្រី ខណៈអាណត្តិទី៧ នេះឡើងដល់ ២៨ក្រសួង និង ២៨រដ្ឋមន្ត្រីផងដែរ។
លោកបន្តថា អាណត្តិទី៦ មានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការប្រមាណជាង ២០០០នាក់ ចំណែកអាណត្តិទី៧ នេះ សរុបទាំងអស់គឺមានចំនួនដល់ជិត ១ម៉ឺននាក់ឯណោះ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែររស់ទាំងត្រដរដើម្បីយកលុយបង់ពន្ធជូនរដ្ឋ បែរជារដ្ឋយកលុយដែលរាស្ត្រក្រីក្របង់ពន្ធ ទៅចែកគ្នាចាយ តាមរយៈនៃការបើកប្រាក់ខែ លុយបេសកកម្មយ៉ាងសប្បាយហ៊ឺហាទៅវិញ ខណៈមន្ត្រីភាគច្រើនមិនបានបំពេញការងារអ្វីសោះ រង់ចាំតែបើកប្រាក់ខែតែប៉ុណ្ណោះ។
ប្រទេសវៀតណាម មានប្រជាជនសរុបប្រមាណជា ៩៨លាននាក់ និងមានផ្ទៃដីសរុប ៣៣១ពាន់ ២១២គីឡូម៉ែត្រក្រឡា (៣៣១២១២គីឡូម៉ែត្រការ៉េ) ដែលមានខេត្តចំនួន៦ ដែលគ្រោងនឹងដាក់បញ្ចូលគ្នាមកនៅត្រឹម ៣៤ និងក្រសួងចំនួន ១៨ ដែលគ្រោងនឹងបញ្ចូលជាមួយគ្នាមកនៅត្រឹមចំនួន ១៤ នាពេលខាងមុខនេះ។ ចំណែករដ្ឋបាលថ្នាក់ស្រុកត្រូវរំលាយចោលទាំងអស់ ដើម្បីឱ្យរដ្ឋបាលថ្នាក់ឃុំសង្កាត់ជាអ្នកគ្រប់គ្រងវិញ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម គឺមានត្រឹមតែ ១០៥នាក់ប៉ុណ្ណោះ។
ដោយឡែកប្រទេសកម្ពុជា មានពលរដ្ឋប្រមាណជា ១៧លាននាក់ និងមានផ្ទៃដីសរុប ១៨១ពាន់ ០៣៥គីឡូម៉ែត្រក្រឡា (១៨១០៣៥គីឡូម៉ែត្រការ៉េ) ដែលមានរាជធានីខេត្តចំនួន២៥ ក្រុងឬទីរួមខេត្តចំនួន៣៣ ខណ្ឌចំនួន១៤ ស្រុក១៦៣ សង្កាត់២៧៤ ឃុំ១៣៧៨ និងភូមិ១៤៥៨១ភូមិ ខណៈមន្ត្រីរដ្ឋាភិបាលសរុបជាង ២ពាន់នាក់ (២១៨០នាក់)។ ចំនួនមន្ត្រីរដ្ឋាភិបាលសរុបជាង ២ពាន់នាក់នេះ គឺមិនទាន់រាប់បញ្ចូលចំនួនទីប្រឹក្សា និងជំនួយការឲ្យឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងទីប្រឹក្សា រួមទាំងជំនួយការអមក្រសួងស្ថាប័នទាំង៣០ នៅប្រទេសកម្ពុជានោះទេ។
គួរកត់សម្គាល់ថា ក្នុងឱកាសបុណ្យសពនៃមរណភាពបងប្រុសលោក ហ៊ុន សែន លេខាបក្សកុម្មុយនីស្តយៀកណាម លោក តូ ឡាំ បានផ្ញើលិខិតចូលរួមមរណទុក្ខ ដោយសរសេរថា «សមមិត្ត ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា»៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

