28 C
Phnom Penh

តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​ថ្លៃ​ភ្លាមៗ ខណៈ​អ៊ីស្រាអែល​ត្រៀម​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​និង​ប្រេង​របស់​អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដាញ​ផ្សាយ​ព័ត៌មាន MSN បាន​ផ្សាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ឧសភា ថា ខណៈ​នេះ​តម្លៃ​ប្រេង​ឆៅ​បាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់ពី​ចារកម្ម​សហរដ្ឋ​អាមេរិក​បញ្ចេញ​សេចក្តី​រាយការណ៍​ថា អ៊ីស្រាអែល កំពុង​ត្រៀម​ខ្លួន​រៀបចំ​ផែនការ​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ និង​ទីតាំង​ប្រេង​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ដំណឹង​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច បណ្ដាល​ឱ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើង​ភ្លាម។

តាម​លោក Robert Rennie សេដ្ឋវិទូ និង​ជា​ប្រធាន​ផ្នែក​សាជីវកម្ម Westpac Banking Corp បាន​លើកឡើង​ថា ការ​ហក់​ឡើង​នៃ​តម្លៃ​ប្រេង​ឆៅ​នេះ គឺជា​សញ្ញា​ព្រមាន​យ៉ាង​ច្បាស់​ថា ភាគហ៊ុន​នៅ​លើ​ទីផ្សារ​មាន​អស្ថិរភាព ការ​ដែល​អ៊ីស្រាអែល ត្រៀម​វាយប្រហារ​អ៊ីរ៉ង់ បាន​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ភ័យខ្លាច​ពី​ការ​ទាញ​ទៅ​រក​សង្គ្រាម​ដ៏​គ្រោះថ្នាក់​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ខណៈ​ភាព​តានតឹង​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ ព្រោះតែ​អ៊ីស្រាអែល កំពុង​ធ្វើ​សង្គ្រាម​វាយលុក​កាន់កាប់​តំបន់​ហ្កាហ្សា នៃ​ដែនដី​ប៉ាឡេស្ទីន។

ទូរទស្សន៍​អាមេរិកាំង MSNBC ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២១ ឧសភា ប្រធានាធិបតី ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី ណាថាន់ ញ៉ាហ៊ូ គិត​ត្រូវ​គ្នា​ថា​នឹង​ជម្លៀស​ជនជាតិ​ប៉ាឡេស្ទីន ពី​ខេត្ត​ភាគ​ខាងជើង​ទៅ​ដាក់​ខេត្ត​ភាគ​ខាងត្បូង ហើយ​យក​តំបន់​កណ្តាល​ជាប់​មាត់សមុទ្រ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ សង់​សណ្ឋាគារ កន្លែង​ដើរ​លេង​កម្សាន្ត បនល្បែង​ជាមួយ​នឹង​កូនប្រសា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អ្នកជំនាញ​ខាង​ច្បាប់ និយាយ​ថា អំពើ និង​ទង្វើ​បែប​នោះ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ។

កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា នឹង​ព្យាយាម​ទាញ​ឱ្យ​ក្រុង​តេហេរ៉ង់ ឈាន​ដល់​កិច្ចព្រមព្រៀង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​លោក ត្រាំ ព្រមាន​ថា បើ​គ្មាន​កិច្ចព្រមព្រៀង​ឈាន​ដល់​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ បាន​ទេ ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ អាច​នឹង​រង​ការ​វាយប្រហារ ហើយ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ នឹង​ជួប​រឿង​អាក្រក់។

តែ​យ៉ាងណា មេដឹកនាំ​កំពូល​បំផុត​នៃ​របប​សាធារណរដ្ឋ​ឥស្លាម Ayatollah Ali Khamenei ក៏​ព្រមាន​ដែរ​ថា ការ​ចរចា​ជាមួយ​ក្រុង​វ៉ាស៊ីនតោន ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ អាច​នឹង​មិន​ឈាន​ដល់​កិច្ចព្រមព្រៀង​នោះ​ទេ បើ​ក្រុង​វ៉ាស៊ីនតោន នៅតែ​មិន​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុង​តេហេរ៉ង់ មាន​សិទ្ធិ​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល ដែល​អ៊ីរ៉ង់ ត្រូវការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម។

កំពូល​មេដឹកនាំ​អ៊ីរ៉ង់ រូប​នេះ ចាត់ទុក​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​១២ មេសា ពុំ​មាន​សញ្ញា​វិជ្ជមាន ហើយ​ការ​ចរចា​ខាង​មុខ​ទៀត ពិត​ជា​គ្មាន​លទ្ធផល​សម្រាប់​ផល​ប្រយោជន៍​អ៊ីរ៉ង់​ឡើយ។

លោក Ayatollah Ali Khamenei ព្រមាន​វិញ​ថា អ៊ីរ៉ង់​ត្រូវ​ប្រថុយ​ទទួល​សង្គ្រាម បើ​លោក ត្រាំ សម្រេច​ឱ្យ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

ជាមួយ​គ្នា​នេះ បើ​យោង​តាម​ប្រភព​ចារកម្ម​អាមេរិក អ៊ីស្រាអែល អាច​មិន​រង់ចាំ​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ មាន​កិច្ចព្រមព្រៀង ឬ​មិន​មាន​នោះ​ទេ គឺ​អ៊ីស្រាអែល អាច​នឹង​វាយប្រហារ​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ និង​ទីតាំង​ចម្រាញ់​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ ទៀត​ផង។

ក្នុង​ស្ថានភាព​រំជើបរំជួល​នៅ​លើ​ទីផ្សារ​ប្រេង​អន្តរជាតិ បាន​នាំ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់​ឡើង​ជា​ថ្មី​ប្រហែល ១៥​ភាគរយ តាំងពី​ដើម​ខែ​ឧសភា នេះ​មក ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក។

កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្តាហ៍​នេះ ភាគហ៊ុន​នៅ​អាស៊ី​ភាគច្រើន បាន​ហក់​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដូចជា នៅ​ទីក្រុង​ហុងកុង សៀងហៃ ស៊ីដនី សិង្ហបុរី សេអ៊ូល វែលលីងតុន តៃប៉ិ ម៉ានីល បុមបៃ និង​បាងកក តូក្យូ ប៉ុន្តែ​ភាគហ៊ុន​នៅ​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ឡុងដ៍​នៃ​ចក្រភព​អង់គ្លេស បាន​ធ្លាក់​ចុះ​បន្តិច ហើយ​ប្រាក់​ផោន​អង់គ្លេស មាន​តុល្យភាព​នឹង​ប្រាក់​ដុល្លារ​របស់​អាមេរិក បន្ទាប់ពី​ចក្រភព​អង់គ្លេស ទទួល​បាន​ទិន្នន័យ​អតិផរណា​ដ៏​ល្អ​ប្រសើរ លើស​ពី​ការ​ព្យាករ​កាលពី​ក្នុង​ខែ​មេសា នេះ។

តែ​ជាមួយ​គ្នា​នេះ ប្រាក់​ដុល្លារ​ក៏​បាន​បាត់បង់​តុល្យភាព​នឹង​ប្រាក់​អឺរ៉ូ និង​ប្រាក់​យ៉េន មុន​ពេល​កិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G7 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ ជាមួយ​នឹង​ការ​ជឿជាក់​ថា លោក ត្រាំ នឹង​បើក​ភ្លើង​បៃតង​ខាង​សេដ្ឋកិច្ច ដើម្បី​ជួយ​ដល់​ប្រទេស​មួយ​ចំនួន​ដែល​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក។

ការ​ប៉ះទង្គិច​ថ្មីៗ​នេះ​រវាង​ចិន និង​សហរដ្ឋ​អាមេរិក បាន​នាំ​ឱ្យ​ទីផ្សារ​ពិភពលោក​មាន​ភាព​រង្គោះរង្គើ ខណៈ​ទីក្រុង​ប៉េកាំង រិះគន់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​គាបសង្កត់ និង​បង្ក​ការ​គំរាមកំហែង​ដល់​ការ​គ្រប់គ្រង​ការ​នាំចេញ​បន្ទះ​ឈីប​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ ចិន​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ក្រុង​ប៉េកាំង នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​វិធានការ​សហរដ្ឋ​អាមេរិក ដែល​មាន​គោលបំណង​រឹត​បន្តឹង​ផលិតផល​បន្ទះ​ឈីប semiconductors របស់​ចិន។

ប្រធាន​ធនាគារ​បម្រុង​សហព័ន្ធ St. Louis Fed (Federal Reserve Bank of St. Louis) លោក Alberto Musalem ព្រមាន​ថា វិធានការ​សងសឹក​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ចិន អាច​នឹង​ប៉ះពាល់​ដល់​កំណើន​ការងារ ទោះបីជា​ប្រទេស​នានា​បាន​ស្នើ​ឱ្យ​ប្រធានាធិបតី ត្រាំ ទម្លាក់​ពន្ធ​នាំចូល​ក៏ដោយ​ក្តី។

ជាមួយ​គ្នា​នេះ លោក Robert Rennie សេដ្ឋវិទូ និង​ជា​ប្រធាន​ផ្នែក​សាជីវកម្ម​ធនាគារ Westpac Banking Corp ក៏​បាន​ចេញ​សារ​ព្រមាន​ថា ក្នុង​ស្ថានភាព​លំនឹង​សេដ្ឋកិច្ច​សកល​កំពុងតែ​មិន​ស្ថិតស្ថេរ​ទៅ​ហើយ​នេះ ប្រសិនបើ​មាន​ការ​ផ្ទុះ​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ផលិត​ប្រេង​របស់​អ៊ីរ៉ង់ វា​នឹង​នាំ​ទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​អាច​នឹង​ធ្វើ​ឱ្យ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ជា​ថ្មី​ម្ដង​ទៀត ខណៈ​ពិភពលោក​ជួប​វិបត្តិ​ប្រេងឥន្ធនៈ​ពី​រុស្ស៊ី រួច​ទៅ​ហើយ ព្រោះតែ​ឧស្សាហកម្ម​ប្រេង​នៅ​ប្រទេស​រុស្ស៊ី កំពុង​ធ្លាក់​ក្នុង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​បណ្ដាល​មកពី​រុស្ស៊ី បង្ក​សង្គ្រាម​ទៅ​លើ​ប្រទេស​អ៊ុយក្រែន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស