31.9 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​ស្ថានការណ៍​នៅ​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ ប៉ុន្តែ​កម្ពុជា​ក៏​បាន​ត្រៀម​សំណាញ់​មេឃ​រួច​ជា​ស្រេច​ដែរ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា-ថៃ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា សព្វាវុធ និង​កងទ័ព​ដែល​បញ្ជូន​ទៅ​កាន់​ព្រំដែន មិនមែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ទេ ប៉ុន្តែ​គឺជា​ការ​ត្រៀម​បម្រុង​ទុក​សម្រាប់​យថាហេតុ​អាក្រក់​ណា​មួយ​ដែល​ភាគី​ថៃ បំពាន​តែប៉ុណ្ណោះ ព្រោះ​នេះ​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់​កម្ពុជា។

លោក ហ៊ុន សែន សង្ឃឹម​ថា សភាពការណ៍​ផ្ទុះ​ជម្លោះ​នៅ​តំបន់​មុំ​បី នឹង​មិន​រីក​រាលដាល​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ទេ ដូចជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ជាពិសេស​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ តែម្ដង។ ជាង​នេះ​ទៀត លោក​ក៏​សង្ឃឹម​ថា សភាពការណ៍​នេះ​ក៏​នឹង​មិន​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​ដែរ ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កីឡា ឬ​គ្រប់​ផ្នែក​ដែល​កម្ពុជា-ថៃ មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា រាប់​ទាំង​ផ្នែក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​ថែម​ទៀត។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​រុញ​បញ្ហា​នេះ​ឱ្យ​មាន​ការ​ស្អប់​ជាតិ​សាសន៍ និង​ការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ ប៉ុន្តែ​ត្រូវ​រក​វិធី​ដោះស្រាយ​ដើម្បី​សម្រាល​សភាពការណ៍​នេះ​មក​រក​ភាព​ដើម​វិញ និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។

ទោះជា​យ៉ាងណាក៏ដោយ អ្នក​សង្កេតការណ៍​ខ្លះ​និយាយ​ថា សំណាញ់​មេឃ​របស់​លោក ហ៊ុន សែន ទុក​គ្រាន់តែ​ធ្វើបាប​ខ្មែរ​គ្នា​ឯង​ប៉ុណ្ណោះ។ ជាក់ស្តែង លោក ហ៊ុន សែន ធ្លាប់​គំរាម​ដោយ​ប្រើ BM-21 បាញ់​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង​កាលពី​អំឡុង​ឆ្នាំ​២០១៨។

អ្នកវិភាគ​ខ្លះ​និយាយ​ថា វិស័យ​ការពារ​ជាតិ​កម្ពុជា​ទុក​គ្រាន់តែ​ដើម្បី​ការពារ​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ ហើយ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ជីវភាព​របស់​កងទ័ព និង​គ្រួសារ​កងទ័ព។ គ្រួសារ​កងទ័ព​ជួរមុខ​ដែល​ការពារ​ព្រំដែន​ខ្លះ​អះអាង​ថា ពួកគេ​រក​តែ​អង្ករ​ច្រក​ឆ្នាំង​ពុំ​បាន រីឯ​អាហារ​របស់​កងទ័ព​មាន​តែ​មី​កញ្ចប់ ផឹក​ទឹក​ដងអូរ​ប៉ុណ្ណោះ។ ទាហាន​ខ្លះ​រាងកាយ​ស្គមស្គាំង ខ្វះ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម។ បើ​និយាយ​ពី​ប្រាក់ខែ​វិញ ទាហាន​ខ្លះ​មិន​ទាន់​ទទួល​ជាច្រើន​ខែ​មក​ហើយ។

មជ្ឈដ្ឋាន​ខ្លះ​និយាយ​ថា ជីវភាព​របស់​ទាហាន​ដែល​ហ៊ាន​ពលី​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​ទឹកដី ផ្ទុយ​ស្រឡះ​ពី​ជីវភាព​របស់​មេ​ទាហាន មេ​កងពល មេ​កង​អង្គរក្ស មេបញ្ជាការ មេ​គយ មេ​ប៉ូលិស មេ​រដ្ឋសភា មេ​ព្រឹទ្ធសភា មេ​ម៉ាហ្វីយ៉ា រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី ដូច​មេឃ​ហើយ​និង​ដី។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ ឧសភា នេះ​ថា មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ នឹង​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​ឧសភា នេះ ហើយ​លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​នូវ​លទ្ធផល​ជា​វិជ្ជមាន ក្នុង​ការ​រក្សា​ស្ថានភាព​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​រវាង​កងទ័ព​ជួរមុខ​នៃ​ប្រទេស​ទាំង​ពីរ​ដូច​ដែល​បាន​ធ្វើ​កន្លង​មក។

សារព័ត៌មាន​ថៃ The Nation បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ថា ក្រោយពី​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ភាគី​ទាំង​ពីរ​បាន​យល់​អំពី​ស្ថានការណ៍​នេះ ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់ ព្រោះ​អ្នកស្រី​ក៏​មិន​ចង់​ឱ្យ​បញ្ហា​នេះ​កើន​កម្ដៅ​ថែមទៀត​ដែរ។

ជុំវិញ​បញ្ហា​នេះ លទ្ធផល​ជំនួប​ចរចា​រវាង​មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា-ថៃ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចំណាយ​ពេល​ប្រមាណ ១​ម៉ោង និង ២០​នាទី ដោយ​ភាគី​ទាំង​ពីរ​បាន​សម្រេច​ព្រមព្រៀង​គ្នា​លើ ៣​ចំណុច៖

  • ទី​១ ភាគី​ទាំង​ពីរ​យល់ព្រម​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​គណៈកម្មការ​ព្រំដែន​រួម (JBC) ដែល​នឹង​រៀបចំ​ឡើង​ក្នុង​រយៈពេល ២-៣​សប្តាហ៍​ខាង​មុខ។
  • ទី​២ ភាគី​ទាំង​ពីរ​យល់ព្រម​ឈរជើង​នៅ​ចំណុច​សមស្រប​មួយ​រៀងៗ​ខ្លួន ដើម្បី​កាត់បន្ថយ​ការ​ប្រឈមមុខ​ដាក់​គ្នា​នៅ​តំបន់​ព្រំដែន។
  • ទី​៣ ភាគី​ទាំង​ពីរ​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​អនុវត្ត​ភាព​អត់ធ្មត់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ដើម្បី​ចៀសវាង​ការ​ប្រឈម​ដាក់​គ្នា​ទៅ​ថ្ងៃ​ក្រោយ កម្ពុជា​ត្រូវតែ​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​នូវ​សំណុំរឿង​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​កោះគុត ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស