មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បដិសេធសំណើផ្ទាល់មាត់របស់មន្ត្រីច្រកទ្វារអន្តរជាតិខាងភាគីថៃ ដែលស្នើឲ្យកម្ពុជាបើកច្រកទ្វារព្រំដែននៅម៉ោង ៨ព្រឹកវិញ ប៉ុន្តែកម្ពុជារក្សាជំហរបើកទ្វារព្រំដែននៅម៉ោង ៩ព្រឹក បន្ទាប់ពីអាជ្ញាធរថៃ បានសម្រេចបិទទ្វារច្រកដោយឯកតោភាគី។
យោងតាមហ្វេសប៊ុកផ្លូវការរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានផ្លាស់ប្ដូរម៉ោងធ្វើការ គឺចាប់ពីម៉ោង ៩ព្រឹករហូតដល់ម៉ោង ៤រសៀល ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។
សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការដែលកម្ពុជាពន្យារពេលបើកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រហូតម៉ោង ៩ព្រឹក បានធ្វើឲ្យរថយន្តដឹកទំនិញនៅខាងភាគីថៃ កកស្ទះចម្ងាយរាប់គីឡូម៉ែត្រទម្រាំតែខាងកម្ពុជាបើកទ្វារព្រំដែនឲ្យឆ្លងកាត់។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់អ្នកសារព័ត៌មានថា កម្ពុជាដើរក្រោយភាគីថៃ ទេ ក្នុងការកាត់បន្ថយម៉ោងពេលនៃការបើកទ្វារព្រំដែន ដោយកម្ពុជានៅរក្សាជំហរបើកទ្វារព្រំដែននៅម៉ោង ៩ព្រឹកដដែល។
មុនពេលមានជម្លោះព្រំដែនកម្ពុជា និងថៃ នៅចំណុចមុំបី ក្នុងខេត្តព្រះវិហារ គឺខាងមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវចូលធ្វើការនៅម៉ោង ៦ព្រឹក។
បើតាមប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិ និងច្រកតំបន់ដែលជាប់នឹងព្រំដែនថៃ នៃខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនម៉ោង ៤រសៀល ពលរដ្ឋថៃ ដែលធ្វើការនៅក្រុងប៉ោយប៉ែត បាននាំគ្នាសម្រុកចេញទៅប្រទេសថៃ វិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយពលរដ្ឋខ្មែរដែលជាអាជីវករក្នុងផ្សាររុងក្លឿ ក៏បានសម្រុកចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកកម្ពុជា នៅម៉ោង ៤រសៀល ថ្ងៃទី៧ ខែមិថុនា។
ក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារអន្តរជាតិស្ទឹងបត់ ក៏ត្រូវបានភាគីថៃ ទាញបន្លាលួសបិទ ហើយប្ដូរវេនបិទបើកច្រកមួយនេះពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ មកជាម៉ោង ៨ព្រឹកដល់ម៉ោង ៤រសៀលវិញ។ ក្រៅពីនោះ ច្រកតំបន់ និងច្រករបៀងមួយចំនួន ក៏ត្រូវបានបិទដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

