ពលរដ្ឋខ្មែរសឹងតែគ្រប់រូបដែលមានដើមកំណើតពីមាតុភូមិកម្ពុជា រមែងតែងតែមានចិត្តមានថ្លើមរំជើបរំជួល ក្តៅក្រហាយ ឈឺឆ្អាលរឿងទឹកដី បើមានបរទេសឈ្លានពាន រំលោភបំពារបំពានអធិបតេយ្យជាតិ និងបូរណភាពដែនដីខ្មែរដែលអន្តរជាតិទទួលស្គាល់ មិនថាបរទេសខាងលិច ខាងកើត ឬខាងជើងឡើយ។
វិវាទរឿងព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ នាពេលនេះ មិនខុសពីពេលមុនៗទេ ពលរដ្ឋខ្មែរមានស្មារតីស្នេហាជាតិ ជាតិនិយម តែងតែសម្ដែងកំហឹង បង្ហាញសាមគ្គីភាពជាតិ ឯកភាពជាតិប្រឆាំងនឹងបច្ចាមិត្តឈ្លានពាន។ អ្នកខ្លះស្ម័គ្រចិត្តលះបង់អាជីពរបស់ខ្លួនមួយរយៈ ទៅចូលបម្រើជាតិ ទៅច្បាំងនឹងទ័ពថៃ នៅឯទីតាំងជម្លោះជាយដែន។
សមាជិកបក្សដែលថាប្រឆាំងនឹងបក្សកាន់អំណាច ក៏ជួយបន្ទរពីក្រៅគាំទ្ររាជរដ្ឋាភិបាលដែលខ្លួនធ្លាប់ចោទថាផ្ដាច់ការ រំលោភសិទ្ធិសេរីភាពមនុស្ស រលាយប្រជាធិបតេយ្យ ពុករលួយ ក្បត់ជាតិ កាត់ទឹកដីឲ្យបរទេស។ល។ ឲ្យទៅប្តឹងអ្នកឈ្លានពានទៅតុលាការយុត្តិធម៌អន្តរជាតិ។
ខ្មែរខ្លះសួរថា តើរបៀបនេះហៅថានយោបាយឪកូនលេងលោតអន្ទាក់ឬទេ?
រាជរដ្ឋាភិបាលបញ្ជាឲ្យបញ្ជូនកងទ័ព អាវុធយុទ្ធភណ្ឌទំនើបគ្រប់ប្រភេទបានមកពីចិន ទៅរាយនៅជាយដែន ត្រៀមច្បាំង។ នាយករដ្ឋមន្ត្រីកូន ហ៊ុន ម៉ាណែត ថ្លែងថា បើថៃ មិនដកទ័ពចេញ យើងត្រូវតែវ៉ៃ។ ក្រោយមកថា បើផ្ទុះសង្គ្រាមរវាងប្រទេស និងប្រទេស វារាលដាលពីភូមិភាគទី៣ ដល់ទី៤ ទី៥។ ចំណែកអតីតនាយករដ្ឋមន្ត្រីឪពុកថា រឿងជម្លោះព្រំដែន ត្រូវតែវិលទៅរកស្ថានភាពដើមតែប៉ុណ្ណោះ។
ពលរដ្ឋខ្មែរតាមដានស្ថានការណ៍សឹកមើលឃើញថា ថៃ មិនដកថយ ហើយកាន់តែបន្ថែមកម្លាំងទ័ពទៅជាយដែន កងទ័ពខ្មែរដកថយ ហើយលុបលេណដ្ឋានវិញអស់។ ពេលមានពលរដ្ឋខ្មែរដើរតួជាទាហានជួរមុខ និយាយតេអូរឿងដកទ័ពថយបែបចំអកឡកឡឺយ លោក ហ៊ុន សែន ចោទថាក្បត់ជាតិ ហើយឲ្យថៃ ចាប់បញ្ជូនទៅស្រុកខ្មែរវិញ។
តើអាចជាការស៊ុមគ្រលុំគ្នារវាងបងប្អូនធម៌ឬទេ? តើមេទ័ពខ្មែររៀនយុទ្ធសាស្ត្រ គិតមុនទើបគូរក្រោយ ឬគូរមុនទើបគិតក្រោយ? ឬមួយក៏មានជន្លួញញោះពីខាងណា?
ដើម្បីយុត្តិធម៌ពិតទាំងសងខាង រឿងអធិបតេយ្យជាតិ ឯករាជភាព បូរណភាពទឹកដី ពលរដ្ឋឈ្លាសវៃ គេមិនពុះកញ្ជ្រោលម្តងម្កាលតាមខ្យល់ រេចុះរេឡើងដូចគុម្ពត្រែង គេមិនស្រចុះស្រឡើងតាមគ្នាឥតគិតពិចារណា ប្តូរខ្លួនស្លាប់ដោយឥតប្រើវិចារណញ្ញាណនោះឡើយ។ ខ្មែរស្លាប់រាប់លាននាក់ មកតែពីមិនព្រមគិតជ្រៅទៅឆ្ងាយ គិតខ្លីៗដូចកន្ទុយអណ្ដើកនោះឯង។ ឥឡូវ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតគណៈកម្មការរៀបចំសំណុំរឿងតាមច្បាប់អន្តរជាតិប្តឹងរដ្ឋាភិបាលថៃ ដោយសំអាងលើឯកសារប្រវត្តិសាស្ត្រស៊ីញេរវាងបារាំង និងសៀម ប៉ុន្តែក្រោយៗមក រាជរដ្ឋាភិបាលខ្មែរដឹកនាំដោយបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាមគ្គទេសក៍ បានចុះកិច្ចព្រមព្រៀងមួយចំនួនជាមួយភាគីថៃ ទាក់ទងនឹងព្រំដែនគោក និងព្រំដែនទឹកសមុទ្រ រួមទាំងអនុស្សរណៈយោគយល់គ្នាផង។
ពលរដ្ឋខ្មែរមិនបានដឹងថា តើការចុះកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នានានានោះ លោក ហ៊ុន សែន យកសន្ធិសញ្ញាប្រវត្តិសាស្ត្រណាមួយ បានជាថាភាគីថៃ រំលោភមិនគោរព?
បើគេអានសារព័ត៌មានថៃ ខ្លះ មានកាសែត បាងកកប៉ុស្តិ៍ ថៃញីវ ខាវសុទ្ធ និងទីភ្នាក់ងារព័ត៌មាន អាអែហ្វប៉េ ក្នុងដើមសប្តាហ៍នេះ មានរឿងប្លែកៗខ្លះដែលពលរដ្ឋខ្មែរមួយចំនួនធំមិនបានដឹង ឬមួយដឹងដែរ តែមិននិយាយ។ នាយទាហានថៃ ថ្នាក់ឧត្ដមសេនីយ៍ម្នាក់ជាមេបញ្ជាការរងយោធភូមិភាគទី២ កាលពីថ្ងៃសៅរ៍ ទី៧ មិថុនា ប្រាប់អ្នកកាសែតថា៖ ភាគីកម្ពុជាបានបំពានអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ហៅថា MoU43 ដែលភាគីថៃ បានតវ៉ាជំទាស់ ៤០០ដង ប៉ុន្តែពុំសូវមានកិច្ចសហប្រតិបត្តិការពីភាគីកម្ពុជាទេ ឬមានតិចតួច។
ក្នុងការប៉ះទង្គិចគ្នានាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅច្រកអានសេះ ឬឆងអានម៉ា ព្រំប្រទល់ខេត្តព្រះវិហារ និងអ៊ុប៊ុន បន្ទាប់ពីចោទថា ទាហានខ្មែរលួចដុតសាលាសំណាក់រចនាខាងថៃ ឈ្មោះវិមានត្រីមុខ ដែលស្ថាបនាដោយភាគីទាំងបី ប្រទេសកម្ពុជា ថៃ និងលាវ នៅតំបន់មុំបី ឬតំបន់ត្រីកោណមរកត ប្រមាណជិត ៣០ឆ្នាំមុនសម្រាប់ជួបប្រជុំកិច្ចការងារព្រំដែនរួមគ្នា និងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចូលទៅសម្រាក ឬថ្វាយបង្គំបួងសួងព្រះពុទ្ធបដិមាទីនោះ។
តាមកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នាចុះហត្ថលេខាជាមួយគ្នា ទាំងបីភាគីព្រមព្រៀងបោះទីតាំងទ័ពចម្ងាយ ៥០០ម៉ែត្រពីវិមានត្រីមុខរៀងៗខ្លួន។ ទាហានថៃ ចោទថាទាហានខ្មែររំកិលចូលទៅក្នុងដីថៃ ចម្ងាយ ១៥០ម៉ែត្រ។ មេទាហានថៃ មិនទាន់សន្និដ្ឋានថាយ៉ាងណាទេអំពីរឿងអគ្គីភ័យឆេះសាលាសំណាក់ខាងថៃ នោះ គេគ្រាន់តែថា គេកំពុងស៊ើបអង្កេតរកការពិត។
អ្នកសង្កេតការណ៍មិនទាន់ហ៊ានអះអាងថា ភាគីណាខុស ភាគីណាត្រូវនៅឡើយទេ ដរាបណាការពិតមិនទាន់រកឃើញជាក់ស្តែងនោះ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យចាស់បុរាណខ្មែរពោលថា៖ មនុស្សធ្លាប់និយាយអត់ពិតច្រើនដង ទោះជានិយាយពិតម្តង ក៏គេមិនជឿ។ នេះគ្រាន់តែសម្រាប់មនុស្សគិតពិចារណាលម្អិតតែប៉ុណ្ណោះ កុំឲ្យខ្មែរខ្មាសអន្តរជាតិ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

