សេចក្តីប្រកាសព័ត៌មានពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៩ ខែមិថុនា ឲ្យដឹងថា បុរស ៥នាក់ថែមទៀតបានសារភាពកំហុសក្នុងតុលាការអាមេរិកាំង អំពីបទរកស៊ីទុច្ចរិត បោកប្រាស់តាមអ៊ីនធឺណិត ផ្ទេរប្រាក់ចេញពីសហរដ្ឋអាមេរិកតាមធនាគារសម្បកឈ្មោះ Daltec Bank នៅប្រទេសបាហាម៉ាស អាមេរិកកណ្តាល ចំនួនជិត ៣៧លានដុល្លារ។
ជនរងគ្រោះភាគច្រើនជាពលរដ្ឋអាមេរិកាំង ប៉ុន្តែរបរឧក្រិដ្ឋនេះមានជាប់ទាក់ទងនឹងប្រទេសកម្ពុជា។
តាមសេចក្តីបញ្ជាក់អំពីសកម្មភាពពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ជនទុច្ចរិតមានឈ្មោះ Joseph Wong អាយុ ៣៣ឆ្នាំ នៅក្រុង Alhambra រដ្ឋ California; ឈ្មោះ Yicheng Zhang អាយុ ៣៩ឆ្នាំ ជនជាតិចិន ពីស្រុកចិន; ឈ្មោះ Jose Somarriba អាយុ ៥៥ឆ្នាំ នៅក្រុង Los Angeles; ឈ្មោះ Shengsheng He អាយុ ៣៩ឆ្នាំ នៅក្រុង La Puente, California; និងឈ្មោះ Jingliang Su អាយុ ៤៤ឆ្នាំ ពីប្រទេសចិន និងតួកគី។ រីឯ ៣នាក់ទៀតមានឈ្មោះ Daren Li សញ្ជាតិចិន និងឈ្មោះ ស័ង ឃិត និងឈ្មោះ ណេវិស ធ្លាប់រស់នៅប្រទេសកម្ពុជា និងឈ្មោះ លូ ហ្សាង។
ក្រុមឧក្រិដ្ឋជនទាំងអស់នេះបោកប្រាស់ពលរដ្ឋអាមេរិកាំងតាមវិធីទាក់ទងស្គាល់គ្នា បញ្ចុះបញ្ចូលឲ្យដាក់ទុនរកស៊ីបានចំណូលច្រើនលើសប្រាក់ដើមជាច្រើនដង។ គេផ្ទេរប្រាក់បានឆបោកនោះទៅជាប្រាក់គ្រីបតូ crypto bitcoin ទៅធនាគាររបស់គេ រួចផ្ទេរបន្តទៅទីចាត់ការធំនាខេត្ត-ក្រុងព្រះសីហនុ ប្រទេសកម្ពុជា ដើម្បីចែកចាយទៅទូទាំងពិភពលោក។ ដូច្នេះ គេមិនបានយកប្រាក់ពីម្ចាស់ដើមទៅដាក់ទុនរកស៊ីអ្វីនោះទេ។
សារព័ត៌មាន The Record ផ្សាយថ្ងៃអង្គារ ទី១០ ខែមិថុនា ថា ការផ្ដន្ទាទោសជនឧក្រិដ្ឋទាំង ៥នាក់នោះ ធ្វើឡើងប្រមាណមួយខែ ក្រោយពីរដ្ឋការអាមេរិកាំង ចាត់ទុកក្រុមហ៊ុន ហ៊ុយវ័ន (Huione Group) មានទីតាំងនៅប្រទេសកម្ពុជា ជាក្រុមហ៊ុនលាងប្រាក់កខ្វក់ពីមុខរបរឧក្រិដ្ឋឆបោកតាមអ៊ីនធឺណិត ហើយផ្ទេរប្រាក់រាប់ពាន់លានដុល្លារជាប់ទាក់ទងនឹងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល។ ក្រុមហ៊ុននេះក៏មានឧកញ៉ា ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន មានមុខនាទីជានាយក និងមានហ៊ុនក្នុងហ្នឹងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

