លោក ហ៊ុន សែន ដែលកំពុងក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជា បញ្ជាឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឈប់ទិញទំនិញថៃ គ្រប់ប្រភេទ បើថៃ នៅតែមិនព្រមបើកច្រកព្រំដែនដែលពួកគេបានបិទជាឯកតោភាគីនោះ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ មិថុនា នេះថា បើថៃ នៅតែមិនព្រមបើកព្រំដែន កម្ពុជាត្រូវតែអនុវត្តនូវវិធានការឆ្លើយតបទៅភាគីថៃ វិញជាបន្ទាន់ ដូចជា ឈប់ទិញទំនិញរបស់ថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងវិញ។
លោកព្រមានថា ត្រូវត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនខ្មែរដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក ហើយក៏ត្រូវបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញដែរ។
លោក ហ៊ុន សែន បន្តថា រដ្ឋាភិបាលកម្ពុជាក៏ត្រូវតែត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ព្រោះកម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម រួមទាំងវិស័យសំណង់រាប់សិបម៉ឺនកន្លែងនាពេលនេះ។
លោកបន្ថែមថា ពលករខ្មែរអាចចាកចេញមកកម្ពុជាមុនពេលថៃ បណ្តេញចេញ ដែលពេលនេះពួកគេកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួន ដូច្នេះ បណ្តាខេត្តនៅជិតព្រំដែន ត្រូវត្រៀមជម្លៀសប្រជាជនមកកាន់តំបន់មានសុវត្ថិភាព និងដោះស្រាយស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងទៀតសម្រាប់ពួកគេ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានលើទឹកដីកម្ពុជា ព្រោះថាបើថៃ មិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញទេ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការទាំងនេះឡើយ។
លោក ហ៊ុន សែន អំពាវនាវកុំឱ្យពលរដ្ឋខ្មែរប្រព្រឹត្តអំពើជ្រុលនិយម ដូចជា បាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃ នៅកម្ពុជា ជាដើម។ ជាងនេះទៀត ក៏មិនត្រូវស្អប់ខ្ពើមប្រកាន់ពូជសាសន៍ចំពោះជនជាតិថៃ ដែលភាគច្រើនលើសលប់ជាមនុស្សល្អនោះដែរ ព្រោះមានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះដែលបង្ករឿងជាមួយកម្ពុជា ត្បិតរដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពទាំងនោះបានល្អដូចកម្ពុជាឡើយ។
មុនកិច្ចប្រជុំគណៈកម្មការព្រំដែនរវាងកម្ពុជា-ថៃ នៅថ្ងៃទី១៤ ខែមិថុនា នេះ ក្រុមយោធារបស់ថៃ បានគំរាមកម្ពុជាយ៉ាងចាស់ដៃ ដូចជា បិទច្រកព្រំដែន បង្កើនកម្លាំងយោធាតាមព្រំដែន គំរាមផ្តាច់ប្រព័ន្ធអ៊ីនធឺណិត ផ្តាច់អគ្គិសនី និងរាយបន្លាលួសនៅតាមព្រំដែន ជាដើម។
ជាក់ស្តែង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរី ត្រូវបានបិទជាស្ថាពរ កាលពីវេលាម៉ោង ១០ និង ២០នាទីព្រឹក ដោយហាមឃាត់មិនឱ្យចេញ-ចូល ទាំងមនុស្ស និងទំនិញគ្រប់ប្រភេទ។
ក្រោយច្រកនេះត្រូវបានបិទ កសិផលថៃ ដែលដឹកជញ្ជូនទៅប្រទេសវៀតណាម ដោយឆ្លងកាត់តាមប្រទេសកម្ពុជា ត្រូវកកស្ទះរាប់រយឡាន ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរអាចចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាបាន តែបើចូលទៅថៃ គឺត្រូវបានហាមឃាត់ដាច់ខាត។
ជុំវិញបញ្ហានេះ លោក ហ៊ុន ម៉ាណែត អះអាងថា ក្រោយការគំរាមពីភាគីថៃ គ្រប់បែបយ៉ាងនាពេលនេះ កម្ពុជាសម្រេចចិត្តផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃ ទៀតឡើយ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ចាប់ពីម៉ោង ១២យប់ថ្ងៃទី១២ មិថុនា ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ទាំងស្រុង។
លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យក្រសួងស្ថាប័នរបស់កម្ពុជាទាំងអស់ ត្រៀមលក្ខណៈជាយថាហេតុដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើមានការគំរាមកាត់ផ្ដាច់ ឬបិទអ្វីផ្សេងទៀតលើកម្ពុជានោះ។
ក្រោយពីមានបទបញ្ជានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងបញ្ឈប់រាល់ការនាំចូល និងការចាក់បញ្ចាំងខ្សែភាពយន្តថៃ នៅគ្រប់រោងភាពយន្តទាំងអស់ក្នុងប្រទេសកម្ពុជា ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ទី១៣ មិថុនា នេះតទៅ ខណៈសហព័ន្ធគុនខ្មែរ ក៏ហាមសង្វៀនក្នុងស្រុកទាំងអស់ មិនឱ្យយកកីឡាករថៃ មកប្រកួតនៅប្រទេសកម្ពុជាដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

