34.5 C
Phnom Penh

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​បិទ​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​ថៃ បើ​កងទ័ព​ថៃ មិន​បើក​ព្រំដែន​ដូច​ដើម​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ទុក​ពេល ២៤​ម៉ោង​ឲ្យ​ទាហាន​ថៃ បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ បើសិន​យោធា​ថៃ មិន​ព្រម​បើក​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា​ឲ្យ​ដូច​មុន​ថ្ងៃទី​៧ ខែ​មិថុនា នោះ​ទេ កម្ពុជា​នឹង​បិទ​ខ្ទប់​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​ថៃ ទាំងអស់​នៅ​ថ្ងៃទី​១៧ មិថុនា នេះ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ពេល​ថៃ បិទ​ព្រំដែន​ជាមួយ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ គឺ​ទាហាន​ថៃ ធ្វើ​ឡើង​ជា​ឯកតោភាគី ដូច្នេះ​បើ​ចង់​ឲ្យ​កម្ពុជា​បើក​ឡើងវិញ គឺ​ទាល់តែ​ទាហាន​ថៃ បើក​ឡើងវិញ​ជា​មុន​សិន។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​ទុក​ពេល ២៤​ម៉ោង ឲ្យ​ទាហាន​ថៃ បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ បើ​ពុំ​បើក​វិញ​ក្នុង​អំឡុង​ពេលនេះ​ទេ កម្ពុជា​នឹង​បិទ​ការ​នាំចូល​បន្លែ​ផ្លែឈើ​ទាំងអស់​ពី​ប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា។

លោក ហ៊ុន សែន បន្ថែម​ថា កម្ពុជា​នឹង​បិទ​ច្រក​ដែល​ជា​ចំណុច​នៃ​ការ​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ថៃ ដោយ​ឆ្លងកាត់​ទឹកដី​កម្ពុជា រួច​យក​ទៅ​ចែកចាយ​នៅ​វៀតណាម។ លោក​ថា សប្បុរសជន​កម្ពុជា​ត្រូវ​ខិតខំ​ប្រមូល​ទិញ​កសិផល​របស់​កសិករ​ខ្មែរ ដើម្បី​ចែក​ជូន​កងទ័ព មណ្ឌល​កុមារ​កំព្រា ឬ​ក៏​មណ្ឌល​ហ្វឹកហាត់​របស់​កងកម្លាំង​ប្រដាប់​អាវុធ។

នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​នៃ​ក្រសួង​ពាណិជ្ជកម្ម​របស់​ថៃ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៤​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ពី​ឆ្នាំ​២០២០-២០២៤ ពាណិជ្ជកម្ម​ឆ្លងដែន​កម្ពុជា-ថៃ បាន​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ទិន្នន័យ​ដដែល​បង្ហាញ​ទៀត​ថា នៅ​ឆ្នាំ​២០២៤ ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​កម្ពុជា-ថៃ មាន​ទំហំ​ជាង ៥,៤​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​ការ​នាំចេញ​របស់​ថៃ មាន​ចំណែក​គ្របដណ្ដប់​រហូត​ដល់​ទៅ​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ការ​នាំចូល​ពី​កម្ពុជា មាន​ទំហំ​ត្រឹមតែ​ជាង ១​ពាន់​លាន​ដុល្លារ​អាម៉េរិក​តិចតួច​ប៉ុណ្ណោះ។

ប្រទេស​ថៃ នាំចេញ​ភាគច្រើន​មក​កាន់​ទីផ្សារ​កម្ពុជា គឺ​ភេសជ្ជៈ គ្រឿងបន្លាស់​រថយន្ត ម៉ាស៊ីន និង​គ្រឿងចក្រ​កសិកម្ម​ដែល​មាន​ចំណែក​គ្របដណ្ដប់​រហូត​ដល់​ទៅ​ជាង ៣០% នៃ​ការ​នាំចេញ​ទាំងអស់។ ដោយឡែក​ការ​នាំចូល​សំខាន់ៗ​ពី​កម្ពុជា រួម​មាន​ដំឡូងមី ដែក​អេតចាយ និង​ខ្សែភ្លើង​ដែល​មាន​សារសំខាន់​សម្រាប់​ឧស្សាហកម្ម​ថៃ ដូចជា​ផលិត​ចំណី​សត្វ ការ​កែច្នៃ និង​គ្រឿង​អេឡិចត្រូនិក។

ភាគី​ថៃ បាន​សម្រេច​ជា​ឯកតោភាគី​បិទ​ច្រក​ទ្វារ​តំបន់ និង​ច្រក​ទ្វារ​អន្តរជាតិ​មួយ​ចំនួន​ជាមួយ​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែ​មិថុនា នៅ​ពេល​កម្ពុជា​មិន​ចរចា​ទ្វេភាគី​លើ​ជម្លោះ​ព្រំដែន​នៅ​តំបន់​ចំនួន​៤ គឺ​ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី។

ភាគី​ថៃ ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​តាមរយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) កម្ពុជា-ថៃ គឺ​មិន​ព្រម​ដឹក​ដៃ​កម្ពុជា ទៅ​ដោះស្រាយ​វិវាទ​ព្រំដែន​នេះ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស