26.9 C
Phnom Penh

លោក ហ៊ុន ម៉ាណែត ប្រតិកម្ម​នឹង​នាយករដ្ឋមន្ត្រី​ថៃ ដែល​ថា​មេដឹកនាំ​កម្ពុជា​ធ្វើការ​គ្មាន​ជំនាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ប្រតិកម្ម​ទៅ​នាយករដ្ឋមន្ត្រី ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ថា​ពេល​មេដឹកនាំ​ខ្មែរ​មិន​តបត ខាង​ថៃ តាម​ជាន់ តែ​ពេល​កម្ពុជា​ឆ្លើយ​បក​ទៅវិញ បែរជា​ចោទ​កម្ពុជា​ថា​ធ្វើការ​គ្មាន​ជំនាញ ទាំង​ដែល​ថៃ លាប​ពណ៌ និង​គំរាម​កម្ពុជា​ជាបន្តបន្ទាប់​ឥត​ឈប់​ឈរ។

លោក ហ៊ុន ម៉ាណែត លើកឡើង​នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ​ថា ថៃ តែង​ចោទ​ថា​កម្ពុជា​អាក្រក់ ហើយ​អួត​ខ្លួនឯង​ថា​ល្អ​ឥតខ្ចោះ ប៉ុន្តែ​ខំ​បិទបាំង​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ព្យាយាម​ទម្លាក់​អំពើ​អាក្រក់​ទាំងនោះ​មក​លើ​កម្ពុជា។

លោក​ថា ក្នុង​រយៈពេល​កន្លង​មក​នេះ កម្ពុជា​អត់ធ្មត់​ខ្លាំង​បំផុត ទោះ​មាន​ការ​លាប​ពណ៌ ឬ​គំរាម​កាត់​ផ្តាច់​អគ្គិសនី កាត់​ផ្ដាច់​អ៊ីនធឺណិត និង​ការ​គំរាម​ផ្សេង​ទៀត​ក៏ដោយ ក៏​កម្ពុជា​មិន​ឆ្លើយតប​ទៅវិញ​ដែរ ព្រោះ​កម្ពុជា​មិន​ចង់​ឱ្យ​មាន​ទំនាស់​ក្នុង​នាម​ជា​ប្រទេស​ជិតខាង។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​លើកឡើង​ថា ថៃ ចោទ​កម្ពុជា​គ្រប់​រូបភាព ប៉ុន្តែ​ថៃ ខ្លួនឯង ចល័ត​ទ័ព កែ​លេណដ្ឋាន ឬ​ត្រង់សេ និង​ចល័ត​កាំភ្លើងធំ​តាម​ព្រំដែន​រាល់​ថ្ងៃ ទោះ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) បាន​បញ្ចប់​ហើយ​ក៏ដោយ។

លោក ហ៊ុន ម៉ាណែត សួរ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ថា តើ​ការ​គំរាម​កម្ពុជា​ជាបន្តបន្ទាប់​មក​នេះ ជា​ទង្វើ​ដែល​មាន​ជំនាញ ឬ Professional ឬ​យ៉ាងណា ព្រោះ​វិធានការ​ដែល​កម្ពុជា​ដាក់​ចេញ​នៅ​ពេលនេះ គឺ​ធ្វើ​តាម​ពីក្រោយ​ថៃ និង​ស្ថិត​ក្នុង​ព្រំដែន​របស់​ខ្លួន​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​ថា លោក​គ្រោង​នឹង​ប្រកាស​បិទ​ព្រំដែន​បញ្ឈប់​ការ​នាំ​បន្លែ​ផ្លែឈើ​ចូល​មក​កម្ពុជា​ភ្លាមៗ​នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ប៉ុន្តែ​ក្រោយ​រូបលោក និង​លោក ហ៊ុន ម៉ាណែត ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ក៏​សម្រេច​ទុក​ពេល ២៤​ម៉ោង ដើម្បី​ឱ្យ​ថៃ បើក​ព្រំដែន​ដូច​មុន​ឡើងវិញ។

យ៉ាងណាក៏ដោយ ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន សារព័ត៌មាន ខៅស៊ុត (Khaosod) បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លីប​មួយ​ដែល​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ រិះគន់​ចំណាត់ការ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា​ធ្វើការ​គ្មាន​វិជ្ជាជីវៈ (Un Professional) និង​រញ៉េរញ៉ៃ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ បង្ហាញ​ពី​ការ​មាក់ងាយ​កម្ពុជា និង​ប្រមាថ​នាយករដ្ឋមន្ត្រី​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ទាំង​ដែល​ភាគី​ថៃ គឺជា​អ្នក​បង្ក​កំហុស​ឡើង​ដោយ​ខ្លួនឯង​នោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស