25.9 C
Phnom Penh

អ៊ីរ៉ង់​សច្ចា​មិន​លុត​ជង្គង់​ចំពោះ​អ៊ីស្រាអែល និង​អាមេរិក ខណៈ​អ៊ីស្រាអែល​បន្ត​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​និង​យោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​សងសឹក​អ៊ីរ៉ង់ និង​អ៊ីស្រាអែល បាន​ឈាន​ដល់​ថ្ងៃទី​៧ ហើយ បើ​គិត​ត្រឹម​ថ្ងៃទី​១៩ មិថុនា នេះ ដែល​ស្ថានភាព​សង្គ្រាម​កាន់តែ​ខ្លាំង​ឡើង ជាពិសេស​ក្រោយពី​មេដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​អ៊ីស្លាមិកអ៊ីរ៉ង់ មហា​សង្គ្រាជ Ayatollah Ali Khamenei ថ្លែង​ទៅ​កាន់​ជន​រួម​ជាតិ​អ៊ីរ៉ង់ ដោយ​សច្ចា​ថា មិន​លុត​ជង្គង់​ចំពោះ​សត្រូវ​រួម​គ្នា​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ឡើយ។

មហា​សង្គ្រាជ Ali Khamenei ថ្លែង​ច្រានចោល​ការ​ទាមទារ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ដែល​ដាក់​លក្ខខណ្ឌ​ឱ្យ​អ៊ីរ៉ង់ ចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ។ ជាមួយ​គ្នា​នេះ សង្គ្រាជ Khamenei ព្រមាន​ថា ការ​ចូលរួម​ពី​យោធា​អាមេរិកាំង​ណា​មួយ នឹង​នាំមក​នូវ​ការ​ប្រេះស្រាំ​មិន​អាច​ជួសជុល​បាន​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក។

តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃទី​១៩ ខែ​មិថុនា នេះ សេចក្តី​ថ្លែងការណ៍​ដោយ​លោក Khamenei បន្ទាប់ពី​ការ​វាយប្រហារ​តាម​អាកាស​ពី​អ៊ីស្រាអែល ត្រូវ​បាន​រាយការណ៍​ថា បាន​វាយ​បន្ត​ទៀត​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ទីតាំង​យោធា​ជាច្រើន​ទីតាំង​ទៀត។ តែ​ក៏​ជា​ឆ្លើយតប​យ៉ាង​ពិតប្រាកដ​ទៅ​នឹង​លោក ដូណាល់ ត្រាំ ដែល​ថា​អ៊ីរ៉ង់ ត្រូវតែ​ចុះចាញ់ បើ​ពុំ​នោះ​ទេ មេដឹកនាំ​កំពូល លោក Khamenei នឹង​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។

លោក ត្រាំ ព្រមាន​ថា ជីវិត​របស់​លោក Khamenei ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​លោក គឺ​កងទ័ព​អាមេរិក​ចង់​សម្លាប់ គឺ​សម្លាប់​បាន​ភ្លាម។

អ៊ីស្រាអែល អះអាង​ថា ការ​វាយប្រហារ​របស់​ខ្លួន​មាន​បំណង​បញ្ឈប់​អ៊ីរ៉ង់ ពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ព្រោះ​ការ​ចរចា​ការទូត​រវាង​អាមេរិក និង​អ៊ីរ៉ង់ បាន​ដួល​រលំ​ហើយ។ ចាប់តាំងពី​ការ​វាយ​សងសឹក​វិញ អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល​បាលិស្ទិក​ប្រមាណ​ជា ៥០០​គ្រាប់​ហើយ​លើ​អ៊ីស្រាអែល។

តែ​ចូល​ដល់​ថ្ងៃទី​៧ នេះ ប្រព័ន្ធ​ខែល​ការពារ​របស់​អ៊ីស្រាអែល ស្ទាក់​ចាប់​បាន​ជាច្រើន​មីស៊ីល​របស់​អ៊ីរ៉ង់ ដែល​មើល​ទៅ​សមត្ថភាព​មីស៊ីល​របស់​អ៊ីរ៉ង់ កំពុង​ថយ​ចុះ ប៉ុន្តែ​លោក Khamenei នៅតែ​មាន​អំនួត​ខ្លាំង​បន្ត​វាយប្រហារ​ទាំង​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក។

សេចក្ដី​ថ្លែងការណ៍​ចុងក្រោយ​មួយ​ទៀត​របស់​លោក Khamenei មាន​សេចក្ដី​ដើម​ដូចនេះ​ថា៖ «ប្រជាជាតិ​អ៊ីរ៉ង់ របស់​ពួក​យើង ត្រូវតែ​ឈរ​យ៉ាង​រឹងមាំ​ប្រឆាំង​នឹង​សង្គ្រាម​ដែល​សត្រូវ​គេ​បាន​ដាក់​បង្ខំ​ឱ្យ​យើង​ប្រយុទ្ធ។ ប្រជាជន​អ៊ីរ៉ង់ ត្រូវ​ឈរ​យ៉ាង​អង់អាច​ក្លាហាន​ប្រឆាំង​ចំពោះ​សន្តិភាព​ដែល​សត្រូវ​គេ​បង្ខំ​ឱ្យ​យើង​ទទួលយក។ ប្រជាជាតិ​អ៊ីរ៉ង់ មិន​ដែល​ចុះចាញ់​អ្នក​ណា​ម្នាក់​ឡើយ។ គេ​វាយប្រហារ​ដ៏​ព្រៃផ្សៃ​មក​លើ​យើង គឺ​យើង​ត្រូវ​ឆ្លើយតប​វិញ​ដ៏​ឆាប់​រហ័ស ហើយ​ធ្ងន់ធ្ងរ។ អ្នក​គំរាម​នរណា​បាន តែ​គំរាម​អ៊ីរ៉ង់ គឺ​អ៊ីរ៉ង់ មិន​ខ្លាច​ដាច់ខាត។ អ៊ីរ៉ង់ មិនមែន​ជា​ប្រជាជាតិ​មួយ​ដែល​ចុះ​ញ៉ម​ខ្លាច​អ្នក​ឈ្លានពាន​នោះ​ទេ។»

មើល​ទៅ​ដូចជា​ឆ្លើយតប​នឹង​មេដឹកនាំ​អ៊ីរ៉ង់ លោក Khamenei នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មិថុនា រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល បាន​ចេញ​សារ​ព្រមាន​ថា មេដឹកនាំ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei រូប​នេះ​ត្រូវតែ​លែង​ឱ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ត​ទៀត​ឡើយ។

លោក Israel Katz បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក Khamenei ប្រកាស​ជា​ចំហ​ថា​ខ្លួន​ចង់​បំផ្លាញ​អ៊ីស្រាអែល។ លោក​ជា​អ្នក​ចេញ​បញ្ជា​ដោយ​ផ្ទាល់​ឱ្យ​មាន​ការ​វាយប្រហារ​មក​លើ​មន្ទីរពេទ្យ។ មនុស្ស​បែប​នេះ មិន​អាច​ទុក​ឱ្យ​នៅ​រស់​ទៀត​នោះ​ទេ។

សង្គ្រាម​ផ្លូវ​អាកាស​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ បាន​ឈាន​ចូល​ដល់​ថ្ងៃទី​៧ ហើយ ខណៈ​មេដឹកនាំ​យោធា​សំខាន់ៗ និង​មន្ត្រី​ជំនិតៗ​របស់​លោក Khamenei ត្រូវ​បាន​សម្លាប់​ជាបន្តបន្ទាប់​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ដោយ​យន្តហោះ​អ៊ីស្រាអែល តាម​បាញ់​ប្រហារ​រហូត​ដល់​រដ្ឋធានី​តេហេរ៉ង់។

រដ្ឋាភិបាល​ទីក្រុង​តេហេរ៉ង់ បាន​ព្រមាន​សហរដ្ឋ​អាមេរិក ប្រឆាំង​នឹង​ការ​ចូលរួម​ក្នុង​សង្គ្រាម​របស់​អ៊ីស្រាអែល។

អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Kazem Gharibabadi បាន​និយាយ​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក លូក​ដៃ​ចូលរួម​ក្នុង​សង្គ្រាម​នៃ​របប Zionist អ៊ីស្រាអែល គឺ​អ៊ីរ៉ង់ នឹង​ចាំបាច់​ត្រូវ​ប្រើប្រាស់​អាវុធ​ទាំងអស់​ដែល​ខ្លួន​មាន ជា​ការ​ផ្តល់​មេរៀន​ដល់​ពួក​ឈ្លានពាន ព្រោះ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន។

ជនជាតិ​អារ៉ាប់ ហៅ​ពលរដ្ឋ​អ៊ីស្រាអែល សព្វថ្ងៃ សាសយូនីយុន ឬ​ហ្ស៊ៃអ៊ូនីស្ត។

បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​អនុម័ត​ថា​ត្រូវ​វាយប្រហារ​លើ​ទីតាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ បើ​អ៊ីរ៉ង់ មិន​ព្រម​ទទួល​យល់ព្រម​ចុះចាញ់ និង​យល់ព្រម​រំលាយ​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ចំ​ពេល​មាន​ការ​ភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើង​នៃ​សង្គ្រាម​កាន់តែ​ធំ​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល ហើយ​សហរដ្ឋ​អាមេរិក អាច​ហក់​ជួយ​អ៊ីស្រាអែល អ្នក​ការទូត​អឺរ៉ុប​មកពី​ប្រទេស​អាល្លឺម៉ង់ បារាំង ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប គ្រោង​នឹង​ជួប​មន្ត្រី​អ៊ីរ៉ង់ នៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​រក​ដំណោះស្រាយ​ការទូត ហើយ​ឈាន​ដល់​ការ​បន្ថយ​កំហឹង​របស់​អ៊ីស្រាអែល។

យ៉ាងណា ចំពោះ​រុស្ស៊ី និង​ចិន ដែល​ជា​សម្ព័ន្ធភាព​នឹង​របប Ayatollah Ali Khamenei នៅ​អ៊ីរ៉ង់ ប្រទេស​មហាអំណាច​ពីរ​នេះ​កំពុងតែ​បារម្ភ​ពី​ការ​បាត់បង់​សម្ព័ន្ធភាព​របស់​ខ្លួន​មួយ​ទៀត​នៅ​មជ្ឈិមបូព៌ា ព្រោះ​ការ​ដួល​រំលំ​របប​ផ្ដាច់ការ​នៅ​ស៊ីរី គឺជា​ការ​បាត់បង់​សម្ព័ន្ធភាព​មួយ​រួច​ទៅ​ហើយ។

ទោះជា​យ៉ាងណាក្ដី ចិន និង​រុស្ស៊ី សន្យា​ថា​នឹង​ឈរ​ជាមួយ​អ៊ីរ៉ង់។ បើ​របប​នៅ​អ៊ីរ៉ង់ សព្វថ្ងៃ​នេះ​ត្រូវ​បាន​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក វាយ​ដួល​រំលំ​ទៀត​នោះ គឺ​ទាំង​ចិន និង​រុស្ស៊ី កាន់តែ​ធ្លាក់​ចុះ​ទាំង​ឥទ្ធិពល​នយោបាយ យោធា សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

គួរ​កត់សម្គាល់​ថា មេដឹកនាំ​អ៊ីរ៉ង់ បែប​ធម្មាធិបតេយ្យ បាន​ផ្តួល​រំលំ​របប​រាជា​និយម សម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​ព្រះចៅ ស្ហា ប៉ាហឡាវី ក្នុង​បដិវត្តន៍​ឆ្នាំ​១៩៧៩ ដែល​ដឹកនាំ​ដោយ​មហា​សង្គ្រាជ អាយ៉ាតុឡា រូហ៊ុលឡោះ ខូម៉េនី បាន​កែប្រែ​ប្រទេស​អ៊ីរ៉ង់ ជា​សាធារណរដ្ឋ​អ៊ីស្លាមិក កាន់​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត ដែល​ជា​និកាយ​ភាគតិច។ សង្គ្រាជ អាលី ខាម៉េនី ស្នង​តំណែង​ពី សង្គ្រាជ ខូម៉េនី ហើយ​គោរមងារ អាយ៉ាតុលឡោះ (Ayatullah) ជា​ភាសា​អារ៉ាប់ ប្រែ​ថា អាទិទេវច្ឆរិយនិម្មិត ឬ​អព្ភូត​សញ្ញា​ពី​ព្រះអាទិទេព រីឯ រូហ៊ុលឡោះ ប្រែ​ថា ព្រលឹង​ព្រះអាទិទេព​សណ្ឋិត។

អាយ៉ាតុឡា រូហ៊ុលឡោះ ខូម៉េនី កាល​នៅ​រស់ បាន​ហៅ​មហាអំណាច​សហរដ្ឋ​អាមេរិក ថា​ស្តេច​បិសាច (the Great Satan)៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស