ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន អះអាងថា មនោសញ្ចេតនា ៣០ឆ្នាំរវាងគ្រួសារលោក និងគ្រួសារលោក ថាក់ស៊ីន ត្រូវបានបំផ្លាញដោយសារការប្រមាថរូបលោក និងនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានវិជ្ជាជីវៈ ក្រោយពីបែកធ្លាយសារសំឡេងសន្ទនាជាលក្ខណៈឯកជនរវាងអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងលោក។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២០ មិថុនា នេះថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ គឺគ្រួសារលោកមានកម្មវិធីគ្រួសារដោយនាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីង (អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់) និងស្វាមី បានមកទទួលទានអាហារនៅផ្ទះរបស់លោក។
ប្រភពដដែលបញ្ជាក់ទៀតថា មុនពេលចាកចេញ នាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់លោកបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយដាក់ឈ្មោះថា បន្ទប់ «ថាក់ស៊ីន» និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ «យ៉ីងឡាក់»។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។
លោកអះអាងថា មនោសញ្ចេតនារយៈពេលជាង ៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរសព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបលោក និងនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានវិជ្ជាជីវៈ។
ទាក់ទងនឹងបញ្ហានេះ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចេញមុខសុំទោសជាសាធារណៈដល់ប្រជាជនថៃ ចំពោះកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដែលត្រូវបានបែកធ្លាយ។ លើសពីការសុំទោស នាយករដ្ឋមន្ត្រីថៃ អះអាងថា នេះមិនមែនជាពេលវេលាដែលថៃ ត្រូវឈ្លោះគ្នាផ្ទៃក្នុងឡើយ តែជាពេលរួបរួមសាមគ្គីគ្នាដើម្បីអធិបតេយ្យរបស់ខ្លួន។
ចំណែកឯក្រសួងការបរទេសថៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក៏បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ពាក់ព័ន្ធនឹងការបែកធ្លាយសារសំឡេងសន្ទនាជាលក្ខណៈឯកជនរវាងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ក្រសួងការបរទេសថៃ អះអាងថា ការបញ្ចេញសារសន្ទនានេះ គឺមិនអាចទទួលយកបាន ដោយសារការបែកធ្លាយសំឡេងសន្ទនានេះប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងទំនុកចិត្តជាអន្តរជាតិ។
បើយោងតាមការចុះផ្សាយរបស់កាសែតម៉ាឡេស៊ី New Straits Times នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្ដែងការព្រួយបារម្ភអំពីការបែកធ្លាយសំឡេងនៃការសន្ទនាឯកជនតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានផ្ញើសារប្រាប់នាយករដ្ឋមន្ត្រីថៃ តាមរយៈសារសំឡេងលើបណ្ដាញតេឡក្រាម នាល្ងាចថ្ងៃទី១៨ មិថុនា បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ បានចោទប្រកាន់លោក ហ៊ុន សែន ថាបានទម្លាយឃ្លីបសន្ទនារវាងលោកស្រី និងលោក ហ៊ុន សែន ថាចង់បានប្រជាប្រិយភាព។ លោកថា សម្រាប់ប្រជាប្រិយភាពរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺមាននៅក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរមកហើយ។
ជាទូទៅ កិច្ចសន្ទនាគ្នារវាងមេដឹកនាំប្រទេស ធ្វើឡើងតាមរយៈបណ្ដាញទាក់ទងមានសន្តិសុខ ១០០% គ្មានអ្វី ឬនរណាអាចលួចស្តាប់បានឡើយ បើម្ចាស់ដើម ឬសាមីខ្លួនមិនបញ្ចេញឲ្យដឹងជាសាធារណៈ ឬតាមបែបបង្ហើរសារចង់ដឹងប្រតិកម្មអុជអាលឲ្យបែកទំនុកចិត្តគ្នាទេនោះ។
អ្នកតាមដានខ្លះថាវាមិនមែនជាការចង់បានប្រជាប្រិយភាពអ្វីនោះទេ ប៉ុន្តែវាជាវិធីញុះញង់ឲ្យមនុស្សលែងទុកចិត្តគ្នា ខឹងសម្បាក្តៅក្រហាយទៅជាឈ្លោះគ្នាក៏មាន។ ក្នុងជំនឿសាសនាមួយ គេថាសញ្ញាបួន បង្ហាញអំពីលក្ខណៈមនុស្សលាក់ពុត៖ ហារស្តីមាត់និយាយ គឺកុហកភ្លាម; សន្យាអ្វីមិនដែលគោរពពាក្យសន្យា; ចុះកិច្ចព្រមព្រៀងនឹងគ្នា ហើយបំពាន; ពេលជជែកប្រកែកគ្នារកហេតុផលខុសត្រូវ ចង់តែប្រើកម្លាំងបាយយកឈ្នះពានពារលើអ្នកដទៃ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

