32 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថៃ ចោទ​កម្ពុជា​ថា​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូច្នេះ​ត្រូវ​រឹត​បន្តឹង​តាម​ព្រំដែន​រយៈពេល ៣​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ចោទ​កម្ពុជា​ថា​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ ខាតបង់​ទឹកប្រាក់​ជាង ៦០០​ពាន់​លាន​បាត​ក្នុង ១​ឆ្នាំៗ ដូច្នេះ​ប្រទេស​ថៃ កំពុង​រឹត​បន្តឹង​ការ​គ្រប់គ្រង​ព្រំដែន ដើម្បី​បង្ក្រាប​បណ្ដាញ​បោកប្រាស់ ស្រប​តាម​ការ​កំណត់​របស់​អង្គការ​សហប្រជាជាតិ ដែល​វិធានការ​នេះ​ត្រូវ​កំណត់​ពេល ៣​ខែ​សម្រាប់​អនុវត្ត។

នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​អះអាង​ថា ដើម្បី​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ ថៃ​ត្រូវ​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​តាម​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា ខណៈ​ជើងហោះហើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​លេង​ល្បែង ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ការ​រឹត​បន្តឹង រីឯ​ការ​លេង​ល្បែង​នៅ​តាម​តំបន់​ព្រំដែន ក៏​ត្រូវ​ហាមឃាត់​ផង​ដែរ។ ជាង​នេះ​ទៀត ត្រូវ​ត្រួតពិនិត្យ​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​យ៉ាង​ហ្មត់ចត់ ដោយ​កំណត់​គោលដៅ​គណនី និង​បណ្ដាញ​ហិរញ្ញវត្ថុ​ដែល​ភ្ជាប់​ទៅ​នឹង​មជ្ឈមណ្ឌល​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន ខណៈ​សេវា​អ៊ីនធឺណិត និង​ការ​តភ្ជាប់​តំណ​ជាមួយ​កងកម្លាំង​សន្តិសុខ​កម្ពុជា ក៏​នឹង​ត្រូវ​បិទ​ដែរ។ បន្ថែម​ពី​នេះ ការិយាល័យ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ (AMLO) នឹង​បង្កក ឬ​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​ភ្ជាប់​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន រួម​ទាំង​មូលនិធិ​ដែល​បាន​ផ្ទេរ​ទៅ​ក្រៅ​ប្រទេស​ថែមទៀត។

នាយករដ្ឋមន្ត្រី​រូប​នេះ​អះអាង​ថា ប្រទេស​ថៃ នឹង​សម្របសម្រួល​ជាមួយ​ប្រទេស​ដទៃ និង​ទីភ្នាក់ងារ​អន្តរជាតិ​ផ្សេង​ទៀត ដើម្បី​រុះរើ​បណ្ដាញ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ឆ្លងដែន ដោយ​យក​ប្រទេស​ថៃ ធ្វើ​ជា​ទីតាំង​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ក្នុង​តំបន់។

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បញ្ជាក់​ថា វិធានការ​នេះ​ត្រូវ​កំណត់​ពេល ៣​ខែ​សម្រាប់​អនុវត្ត ដោយ​រំពឹង​ថា​នឹង​មាន​ការ​ថយ​ចុះ​នូវ​អំពើ​ឧក្រិដ្ឋកម្ម ទាំង​ជនរងគ្រោះ ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​រឹបអូស​ទ្រព្យសម្បត្តិ ជាដើម។

កាសែត The Bangkok Post ចេញ​ផ្សាយ​អត្ថបទ​នៅ​ថ្ងៃទី​២៣ មិថុនា នេះ​ថា កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៥ អង្គការ​សហប្រជាជាតិ​បាន​ចេញ​លិខិត​មួយ​យ៉ាង​ម៉ឺងម៉ាត់​ទៅ​កាន់​រដ្ឋាភិបាល​ថៃ ឱ្យ​បំភ្លឺ​លើ​ចំណុច​សំខាន់​ជាច្រើន ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន ដោយ​ផ្ដោត​លើ​ស្ត្រី និង​កុមារ​ក្នុង​ប្រតិបត្តិការ​បោកប្រាស់​តាម​អ៊ីនធឺណិត។

ប្រភព​ដដែល​លើកឡើង​ថា អង្គការ​សហប្រជាជាតិ​បាន​ចង្អុល​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ថៃ ដែល​ជា​មជ្ឈមណ្ឌល​ចែកចាយ​ជនរងគ្រោះ​ទៅ​កាន់​មជ្ឈមណ្ឌល​បោកប្រាស់​នៅ​ក្នុង​ប្រទេស​ជិតខាង ជាពិសេស​នៅ​តំបន់​ព្រំដែន​ជាមួយ​រដ្ឋ​ការ៉ែន (Karen) នៃ​ប្រទេស​ភូមា។

កាសែត The Bangkok Post ដដែល​បញ្ជាក់​ថា កង្វល់​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ គឺ​ការ​ខកខាន​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ពី​សំណាក់​អាជ្ញាធរ​ថៃ ក្នុង​នោះ អ្នក​ខ្លះ​ប្រឈមមុខ​នឹង​ការ​កាត់ទោស ឬ​ការ​ដាក់​ទណ្ឌកម្ម​ជាបន្តបន្ទាប់​សម្រាប់​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ក្រោម​ការ​បង្ខិតបង្ខំ ដូចជា អន្តោប្រវេសន៍​ខុស​ច្បាប់ ឬ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​ពេល​ធ្វើ​ជា​ទាសករ​នៅ​ក្នុង​មជ្ឈមណ្ឌល​បោកប្រាស់ ជាដើម។

ជុំវិញ​បញ្ហា​នេះ ក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា កាលពី​ថ្ងៃទី​១៧ មិថុនា នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ថៃ​តែង​ចោទ​ថា​កម្ពុជា​អាក្រក់ ហើយ​អួត​ខ្លួនឯង​ថា​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​ថៃ ខំ​បិទ​បាំង​អំពើ​អាក្រក់​របស់​ខ្លួន ដោយ​ព្យាយាម​ទម្លាក់​អំពើ​អាក្រក់​ទាំងនោះ​មក​លើ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា តាម​ការពិត រឿង​អាក្រក់​ដែល​ថៃ ទម្លាក់​មក​លើ​កម្ពុជា​កន្លង​មក​នោះ គឺ​មាន​ដូច​តែ​គ្នា ប៉ុន្តែ​ថៃ ចេះ​តែ​លាប​ពណ៌​កម្ពុជា ហើយ​អួត​ខ្លួនឯង​ថា​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស