28.4 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា ប្រទេស​ថៃ នឹង​ខាតបង់​ធ្ងន់ធ្ងរ បើ​ការ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់​នោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា បើ​ការ​ផ្គត់ផ្គង់​របស់​ថៃ នៅ​កម្ពុជា​ត្រូវ​បាន​កាត់ផ្ដាច់ នោះ​ថៃ នឹង​ខាតបង់​ដោយ​ផ្ទាល់​យ៉ាង​ធ្ងន់ធ្ងរ ថែមទាំង​ត្រូវ​រង​ផល​ប៉ះពាល់​រយៈពេល​វែង​ថែមទៀត ខណៈ​កម្ពុជា​ក៏​នឹង​រង​នូវ​ផល​ប៉ះពាល់​ដែរ តែ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មិថុនា នេះ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​នាំ​ទំនិញ​ចូល ឬ​តម្រូវការ (Demand) ព្រោះ​កម្ពុជា​មាន​លុយ​សម្រាប់​ទិញ​ទំនិញ ចំណែក​ថៃ ជា​ប្រទេស​ស្ថិត​ក្នុង​ចំណោម​ប្រទេស​លក់​ផលិតផល ឬ​ការ​ផ្គត់ផ្គង់ (Supply) ដូច្នេះ​បើ​ថៃ មិន​ផ្គត់ផ្គង់​ទំនិញ​ឱ្យ​កម្ពុជា កម្ពុជា​នៅតែ​អាច​នាំចូល​ផលិតផល​ពី​ប្រទេស​ផ្សេង​បាន​ដដែល ព្រោះ​កម្ពុជា​មាន​លុយ​ទិញ​ទំនិញ​ដែល​ខ្លួន​ត្រូវការ។

លោក សេង វណ្ណលី លើកឡើង​ថា ក្នុង​ន័យ​នេះ ប្រទេស​ថៃ នឹង​ខាតបង់​ជាង​ប្រទេស​កម្ពុជា ព្រោះ​ថៃ មិន​ត្រឹមតែ​បាត់បង់​ចំណូល​សម្រាប់​ក្រុមហ៊ុន​ផលិត និង​បាត់បង់​ការងារ​ក្នុង​វិស័យ​ផលិត​នោះ​ទេ ខណៈ​ក្រុមហ៊ុន​ផលិត​ក៏​ត្រូវ​បិទ​ទ្វារ​ដែរ ជាពិសេស​ការ​បាត់បង់​ទីផ្សារ​កម្ពុជា​តែម្តង ព្រោះ​នេះ​គឺជា​ការ​ផ្តល់​ឱកាស​ឱ្យ​ប្រទេស​ដែល​ជា​គូប្រជែង​របស់​ខ្លួន ដូចជា វៀតណាម ឬ ចិន ជាដើម ដណ្តើម​យក​ទីផ្សារ​កម្ពុជា​បាន​ទាំងស្រុង។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​តែ​ប្រើប្រាស់​ទំនិញ​ថៃ អាច​នឹង​ជួប​ការ​លំបាក​ក្នុង​រយៈពេល​ខ្លី ដោយសារ​ផលិតផល​ក្នុង​ស្រុក​អាច​នឹង​ឡើង​ថ្លៃ ព្រោះ​កង្វះ​ផលិតផល​ចម្រុះ ប៉ុន្តែ​កម្ពុជា​នៅតែ​អាច​រក​អ្នក​ផ្គត់ផ្គង់​ថ្មី​បាន ព្រោះ​កម្ពុជា​មាន​លុយ​សម្រាប់​ទិញ​ទំនិញ​ដែល​ខ្លួន​ត្រូវការ។

លោក សេង វណ្ណលី បញ្ជាក់​ថា កម្ពុជា​អាច​រង​ផល​ប៉ះពាល់​រយៈពេល​ខ្លី និង​អាច​គ្រប់គ្រង​បាន​រយៈពេល​វែង ប្រសិនបើ​កម្ពុជា​អាច​គ្រប់គ្រង​តម្លៃ​ផលិតផល​ក្នុង​ស្រុក ជំរុញ និង​លើកកម្ពស់​ផលិតកម្ម និង​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក និង​ពន្លឿន​ការ​ស្វែងរក​ប្រភព​ផ្គត់ផ្គង់​ជំនួស​ទំនិញ​ថៃ ឱ្យ​បាន​ទាន់​ពេលវេលា។

កាលពី​ថ្ងៃទី​២២ មិថុនា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ទាំងស្រុង ត្រឹម​ម៉ោង ១២​យប់​ថ្ងៃ​អាទិត្យ ទី​២២ មិថុនា។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​មាន​លទ្ធភាព​នាំចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រភព​ផ្សេង​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក កុំ​ថា​ឡើយ​ត្រឹម​រយៈពេល​មួយ​ខែ ទោះ​ជា​រៀង​រហូត​ក៏​គ្មាន​បញ្ហា​ដែរ។

ការ​ចេញ​បញ្ជា​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្វែរ​ការ​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ ក្រោយ​អ្នក​នយោបាយ​គំរាម​ឈប់​លក់​ទំនិញ​ឱ្យ​កម្ពុជា ជុំវិញ​ទំនាស់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេលនេះ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២០ មិថុនា បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក ពិចារណា​បង្វែរ​ការ​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ ដើម្បី​កុំ​ឲ្យ​ថៃ មាន​ហេតុផល​គំរាម​រដ្ឋាភិបាល​កម្ពុជា​ត​ទៅ​ថ្ងៃ​មុខ​ទៀត ដោយ​រាប់​បញ្ចូល​ទាំង​ការ​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​ថៃ ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស