មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ហៅជនជាតិថៃជ្រុលនិយមដែលឈ្លានពានទឹកដីខ្មែរ ថាជាចោរសៀម និងផ្តាំពួកគេកុំឱ្យប្រើផែនទីចោរដែលគូសដោយខ្លួនឯង ដើម្បីឈ្លានពានទឹកដីខ្មែរ ដោយកុំភ្លេចមើលសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ រួមទាំងផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញានោះ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរក្នុងប្រអប់បញ្ចេញមតិលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ មិថុនា នេះថា ជម្លោះកម្ពុជាជាមួយថៃ នាពេលនេះ គឺដោយសាររាលដាលពីជម្លោះផ្ទៃក្នុងរបស់ថៃ ហើយបើទោះបីជាពួកគេប្រឹងបង្កជម្លោះជាមួយកម្ពុជាដល់កម្រិតណាក៏ដោយ ក៏ជម្លោះដណ្តើមអំណាចផ្ទៃក្នុងរបស់ពួកគេមិនរលត់ដែរ។
លោក ហ៊ុន សែន ព្យាករថា ដោយសារតែជម្លោះដណ្តើមអំណាចនេះ ៣ខែទៀតប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី ហើយលោកក៏អាចដឹងមុនដែរថានរណាគឺជានាយករដ្ឋមន្ត្រីថ្មីនោះ តែលោកមិននិយាយទេ គឺទុកឱ្យឆ្ងល់។
លោកបន្តថា នៅថ្ងៃនេះលោកបង្ហោះរូបថតកូនប្រុសទាំងបីរបស់លោក ដើម្បីចង់ដឹងថាតើពួកចោរឈ្លានពានទឹកដីកម្ពុជា ចូលមករំខានហ្វេសប៊ុករបស់លោកតាមវិធីណាខ្លះ ហើយបើពិនិត្យតាមរយៈនៃការចូលមករំខានទំព័រហ្វេសប៊ុកនាពេលនេះ លោកអាចវាយតម្លៃបានថា ក្រុមចោរឈ្លានពានទាំងនេះមានការចាត់តាំងច្បាស់លាស់ពីមេដឹកនាំរបស់ពួកគេនៅទីក្រុងបាងកក។
មេដឹកនាំបក្សកាន់អំណាចរូបនេះអះអាងថា ការបង្កហេតុរបស់ចោរឈ្លានពាន មិនមែនគ្រាន់តែឈ្លានពានទឹកដីកម្ពុជាទេ សូម្បីតែហ្វេសប៊ុក (Facebook) របស់លោក ក៏ពួកគេនាំគ្នាមករំខានដែរ ប៉ុន្តែពួកគេគួរប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងខ្លួនឯងវិញ ប្រសើរជាជាងមករំខាន និងនាំជម្លោះមកឱ្យកម្ពុជាបន្ថែមទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា ពួកចោរឈ្លានពានទាំងនេះមានការចាត់តាំងដោយមេដឹកនាំរបស់ពួកគេ ដើម្បីរំខានហ្វេសប៊ុករបស់លោក ព្រោះពេលលោកចេញសារលើបណ្ដាញសង្គមហ្វេសប៊ុកម្តងៗ បានធ្វើឱ្យមេដឹកនាំរបស់ពួកគេខឹងច្រឡោតគ្រប់ពេល។
ក្រោយការបង្ហោះសាររបស់លោក ហ៊ុន សែន គណនីហ្វេសប៊ុកមួយឈ្មោះ Detchai Sanporn បានសរសេរក្នុងប្រអប់បញ្ចេញមតិថា ថៃ និងបារាំង បានប្រឈមមុខដាក់គ្នា និងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជុំវិញទឹកដីឥណ្ឌូចិន ក្នុងឆ្នាំ១៩៤០។
ប្រភពដដែល បញ្ជាក់ថា បើកម្ពុជាប្រើប្រាស់ទិន្នន័យបារាំង ដែលថៃ មិនដែលទទួលស្គាល់ មកនិយាយជាមួយថៃ នោះវាពិតជារឿងល្ងង់ខ្លៅរបស់អ្នកកាន់អំណាចនៅកម្ពុជាយ៉ាងពិតប្រាកដ ដែលមានន័យថា “មនុស្សល្ងង់ មិនគួរមានអំណាច” ទាល់តែសោះ។
យ៉ាងណាក៏ដោយ កាលពីពាក់កណ្តាលខែមិថុនា លោក ហ៊ុន សែន បានអះអាងថា ការជ្រើសរើសផ្លូវដោះស្រាយបញ្ហាព្រំដែននៅតុលាការអន្តរជាតិ គឺជាការដោះស្រាយបញ្ហាប្រកបដោយសន្តិភាពបំផុត ហើយក៏បង្ហាញពីសុចរិតភាពរបស់កម្ពុជាដែរ។
ជុំវិញបញ្ហានេះ កម្ពុជាបានដាក់ពាក្យបណ្ដឹងប្តឹងថៃ ទៅតុលាការអន្តរជាតិរួចរាល់ហើយកាលពីពាក់កណ្តាលខែមិថុនា នៅឡើយតែភាគីថៃ ប៉ុណ្ណោះ ដែលបដិសេធមិនទទួលយកយុត្តាធិការរបស់តុលាការអន្តរជាតិនេះ ដោយស្នើឱ្យកម្ពុជាចរចាទ្វេភាគីវិញចំពោះជម្លោះព្រំដែនរវាងប្រទេសទាំងពីរនាពេលនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

