35.9 C
Phnom Penh

ព្រំដែន​កម្ពុជា-ថៃ៖ ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​សម្រុក​ទៅ​ប្រទេស​កំណើត​រៀងៗ​ខ្លួន​វិញ​បន្ទាប់ពី​បិទ​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ក្រុម​យោធា​ថៃ ប្រកាស​បិទ​ច្រក​ព្រំដែន​ជា​ឯកតោភាគី នៅ​ថ្ងៃទី​២៤ មិថុនា នេះ កម្ពុជា​ក៏​សម្រេច​បិទ​ព្រំដែន​ទាំងអស់​ជាមួយ​ថៃ នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ខណៈ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​សម្រុក​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​រាប់​ពាន់​នាក់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា លោក សុខ វាសនា ចេញ​មក​បញ្ជាក់​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា បន្ទាប់ពី​យោធា​ថៃ ប្រកាស​បិទ​ច្រក​ព្រំដែន​ដោយ​ឯកតោភាគី កម្ពុជា​ក៏​ត្រូវ​តែ​បិទ​ច្រក​ព្រំដែន​ទាំងអស់​ជាមួយ​ថៃ ដែរ។

លោក សុខ វាសនា បញ្ជាក់​ថា ការ​បិទ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ពេលនេះ គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ឆ្លងកាត់​អ្វី​ទាំងអស់ ទាំង​មនុស្ស និង​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្នុង​ប្រទេស​ថៃ ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា វិញ​ប៉ុណ្ណោះ។

ក្រុម​យោធា​ថៃ នៅ​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ បាន​សម្រេច​បិទ​ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​ជាមួយ​ប្រទេស​កម្ពុជា​ជា​ឯកតោភាគី ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​ភ្ញៀវ​ទេសចរ ពិសេស​ជនជាតិ​ថៃ ដែល​ប្រកប​របរ និង​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់ពី​ក្រុម​យោធា​ថៃ ប្រកាស​បិទ​ព្រំដែន​ជាមួយ​កម្ពុជា ច្រក​ទ្វារ​ព្រំដែន​ទាំងអស់​ត្រូវ​បាន​បិទ​ទាំងស្រុង ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ទំនិញ ឬ​អ្នក​ដំណើរ​ចេញ​ចូល​ទៀត​ទេ ក្រៅពី​សិស្ស​សាលា និង​អ្នកជំងឺ ប៉ុន្តែ​រថយន្ត​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​អនុញ្ញាត​ឱ្យ​បើក​ត្រឡប់​ទៅ​ប្រទេស​រៀងៗ​ខ្លួន​វិញ​ដោយ​ហាម​ដឹក​ទំនិញ​អ្វី​ទាំងអស់។

ជុំវិញ​ការ​បិទ​ព្រំដែន​នេះ ភ្ញៀវ​ទេសចរ ពលករ អ្នក​ធ្វើការ និង​អ្នកជំងឺ ដែល​ត្រូវ​វិលត្រឡប់​ពី​កម្ពុជា​ទៅ​ថៃ និង​វិលត្រឡប់​ពី​ថៃ ទៅ​កម្ពុជា មាន​ចំនួន​រាប់​ពាន់​នាក់ ដែល​បង្ក​ឱ្យ​មាន​ការ​កកស្ទះ ដោយ​ការ​រង់ចាំ​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​តាម​បណ្តា​ខេត្ត​ទាំង​៧ ដែល​ជាប់​ជាមួយ​ប្រទេស​ថៃ។

ដោយឡែក​ពលរដ្ឋ​ខ្មែរ និង​អាជីវករ ដែល​លក់ដូរ​នៅ​ផ្សារ​ឡុងក្លឿ រាប់​រយ​នាក់ បាន​រង់ចាំ​ចាកចេញ​ពី​ប្រទេស​ថៃ ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខណៈ​ជនជាតិ​ថៃ ដែល​នៅ​ក្នុង​ទឹកដី​ខ្មែរ ក៏​កំពុង​រង់ចាំ​ត្រឡប់​ចូល​ទៅ​ប្រទេស​ថៃ វិញ​ដែរ បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​ទុក​ពេល​ត្រឹម ៣​ម៉ោង ចាប់ពី​ម៉ោង ៥​ល្ងាច​ដល់​ម៉ោង ៨​យប់ នៅ​ថ្ងៃទី​២៤ ខែ​មិថុនា នេះ មុន​នឹង​សម្រេច​បិទ​ទាំងស្រុង។

ចំណែក​ច្រក​ទ្វារ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ គឺ​ភាគី​កម្ពុជា-ថៃ ឯកភាព​គ្នា​ទុក​ពេល​ត្រឹម​ម៉ោង ១ ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង ៥ ដល់​ម៉ោង ៦​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៣ មិថុនា ពលរដ្ឋ​ខ្មែរ​ដែល​បាន​សម្រាក​ព្យាបាល​ជំងឺ​តាម​មន្ទីរពេទ្យ​នានា​នៅ​ប្រទេស​ថៃ ក្នុង​ខេត្ត​ស៊ីសាកេត និង​ខេត្ត​អ៊ូប៊ុន ក៏​បាន​នាំគ្នា​វិលត្រឡប់​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ​ដែរ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តជាតិ​ជាំ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ។

ជុំវិញ​ការ​បិទ​ព្រំដែន​កម្ពុជា-ថៃ នា​ពេលនេះ សារព័ត៌មាន​ថៃ Thai PBS World បាន​ស្រង់​សម្ដី​អ្នកជំនាញ​សន្តិសុខ និង​កិច្ចការ​អន្តរជាតិ លោក ប៉ានីតាន់ វឌ្ឍនាយ៉ាកន (Panitan Wattanayagorn) ថា​ការ​បិទ​ព្រំដែន​ដំណាក់កាល​ដំបូងៗ វា​នឹង​ប៉ះពាល់​ដល់​ពលករ​ខ្មែរ និង​សហគ្រិន​ខ្មែរ​មែន ប៉ុន្តែ​អ្នក​ខាត គឺ​អាជីវករ​ថៃ ហើយ​បើ​ការ​បិទ​នេះ​អូស​បន្លាយ​កាន់តែ​យូរ នោះ​វា​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ថៃ ទៅវិញ។

លោក ប៉ានីតាន់ វឌ្ឍនាយ៉ាកន បញ្ជាក់​ថា វិធី​ល្អ ថៃ​គួរ​រក​យន្តការ​ផ្លូវ​ទូត និង​ការ​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភាគី​កម្ពុជា ព្រោះ​ពេលនេះ ភាគី​កម្ពុជា​កំពុង​សាមគ្គី​គ្នា ស្រប​ពេល​ដែល​ថៃ កំពុង​បែកខ្ញែក​គ្នា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស