លោក ហ៊ុន សែន បង្ហាញឲ្យសាធារណជនខ្មែរគ្រប់ទិសទីឃើញថា លោកកំពុងសម្ដែងតួក្នុងរឿងនយោបាយកិច្ចការបរទេសជំនួសសមាជិកគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
អាកប្បកិរិយា និងសំនួនសម្ដីលើចំណុចខ្លះ បានធ្វើឲ្យមេដឹកនាំក្នុងសហគមន៍អាស៊ានបារម្ភមិនចង់ពិភាក្សាអំពីកិច្ចការសន្តិសុខអន្តរជាតិជាមួយនឹងលោក។ វោហារខ្លះ ហាក់បីដូចជាចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសអធិបតេយ្យដទៃទៀត។ ឧទាហរណ៍ដូចជា លោកថ្លែងពីពេលថ្មីៗនេះថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ មិនអាចនឹងល្អប្រសើរទេ បើមិនដូរមេដឹកនាំរដ្ឋាភិបាលដឹកនាំដោយអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រីមិត្តភក្ដិរបស់លោក គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់។
កាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា លោក ហ៊ុន សែន និយាយបែបបង្ហើរពាក្យបង្ខូចឈ្មោះអ្នកស្រី ផែថងថាន ឲ្យពលរដ្ឋថៃ ដឹងថាអ្នកស្រីដូចជាពុំមានសមត្ថភាពដឹកនាំរកដំណោះស្រាយរឿងព្រំដែនបានទេ ថាអ្នកស្រីបានប្រព្រឹត្តអំពើកខ្វក់ចំពោះប្រជាជាតិរបស់គេ ថាអ្នកស្រីនិយាយមើលងាយឧត្ដមសេនីយ៍ឯក ប៊ូនស៊ីន ប៉ាតក្លាង មេបញ្ជាការយោធភូមិភាគទី២ ដូចជាប្រមាថព្រះមហាក្សត្រថៃ ដូច្នោះដែរ ពីព្រោះព្រះមហាក្សត្រជាអ្នកតែងតាំងឧត្ដមសេនីយ៍រូបនោះ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃ រ័ត្ន ឆាលី ចន្ទ្រ ប្រាប់កាសែតថា វាជារឿងចម្លែកណាស់ដែលមេដឹកនាំប្រទេសមួយទៅលូកដៃក្នុងបក្សនយោបាយ ប្រឆាំងនៃប្រទេសមួយទៀតនោះ។ លោកថា លោកមិនចង់ឆ្លងឆ្លើយរឿងឥតប្រយោជន៍នោះទេ។
នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា រដ្ឋាភិបាលថៃ មានសមាជិកគណៈរដ្ឋមន្ត្រីថ្មី ដែលត្រូវស្បថចូលកាន់តំណែង គឺឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូមិថាំ វ៉េជ្ជយៈឆ័យ បន្ទាប់ពីលោក សុរិយៈ ចឹងរុងរឿងកិច្ច ឡើងជានាយករដ្ឋមន្ត្រីស្តីទីបានមួយថ្ងៃ។ អ្នកស្រី ផែថងថាន ទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌។
តាមកាសែត បាងកកប៉ុស្តិ៍ ផ្សាយកាលពីថ្ងៃអង្គារ ទី១ ខែកក្កដា ថា លោក ភូមិថាំ វ៉េជ្ជយៈឆ័យ កាន់តំណែងមួយទៀតជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ទំនងជាទុកឲ្យឧត្ដមសេនីយ៍ ឆេឡិមផល សិរីសាវត្ថិ (เฉลิมพล ศรีสวัสดิ์) ដែលនឹងត្រូវផ្លាស់ប្ដូរនៅខែកញ្ញា ខាងមុខ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

