28.8 C
Phnom Penh

អ្នក​ឃ្លាំមើល​ប្រាប់​ជនរងគ្រោះ​ថា​របប​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​មិន​អាច​ផ្ដល់​យុត្តិធម៌​បាន​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម ប្រាប់​ជនរងគ្រោះ​ឱ្យ​ឈប់​រង់ចាំ​យុត្តិធម៌​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន​បន្ត​ទៀត ព្រោះ​របប​មួយ​នេះ​មិន​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ឡើយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន​ទេ ជាពិសេស​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ព្រោះ​រដ្ឋាភិបាល​មួយ​នេះ​ក៏​ជាប់​ពាក់ព័ន្ធ ឬ​អាច​នៅ​ពីក្រោយ​នៃ​អំពើ​ឧក្រិដ្ឋ​នេះ​ដែរ។

លោក ម៉ែន ណាត លើកឡើង​ថា បើ​ជនរងគ្រោះ​ចង់បាន​យុត្តិធម៌ លុះត្រាតែ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​និយម​មួយ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​ពិតប្រាកដ ខណៈ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២៥ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស រួម​ជាមួយ​អង្គការ​សមាគម​ជាច្រើន​ទៀត បាន​នាំគ្នា​ប្រារព្ធ​ខួប ៩​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​របស់​លោក និង​វីរជន​មួយ​ចំនួន​ទៀត​ដែល​បាត់បង់​ជីវិត​ដោយសារ​បុព្វហេតុ​នៃ​កិច្ចការ​ការពារ​បរិស្ថាន សិទ្ធិ​ការងារ និង​យុត្តិធម៌​សង្គម​កន្លង​មក។

ក្នុង​ពិធី​បុណ្យ​ខួប ៩​ឆ្នាំ​នេះ មាន​ការ​ចាក់​បញ្ចាំង​វីដេអូ​ខ្លីៗ​និយាយ​អំពី​ការ​ចងចាំ និង​ការ​ចូលរួម​របស់​បណ្ឌិត កែម ឡី ក្នុង​ការ​លើក​កម្ពស់​យុត្តិធម៌​សង្គម រួម​ទាំង​ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​នូវ​សម្រង់​ទស្សនៈ និង​គំនិត​មួយ​ចំនួន​របស់​លោក​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ពលរដ្ឋ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ចលនា​មាតា​ធម្មជាតិ បាន​លើកឡើង​ថា ៩​ឆ្នាំ​កន្លង​មក​នេះ ពន្លឺ​យុត្តិធម៌​ហាក់បីដូចជា​ងងឹត​សូន្យសុង​សម្រាប់​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​លោក។

ប្រភព​ដដែល​អះអាង​ថា ទោះបីជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ស្វះ​ស្វែងរក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ​របស់​គាត់​ក៏ដោយ ក្នុង​នាម​ជា​យុវជន សកម្មជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​រស់នៅ​ក្នុង និង​ក្រៅ​ប្រទេស នៅតែ​បន្ត​ស្រែក​ទាមទារ​រក​សំឡេង​យុត្តិធម៌​ពី​របប​ដឹកនាំ​មួយ​នេះ ដែល​តែងតែ​អួត​ក្ដែងៗ​អំពី​សន្តិភាព​គ្រប់​ទិសទី​រហូត​មក​នោះ។

បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំនួន ៣​គ្រាប់​ក្នុង​ហាង​ស្តារ​ម៉ាត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច (Caltex) ត្រង់​ចំណុច​ស្តុប​បូកគោ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កាលពី​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស