26.6 C
Phnom Penh

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ រឿង​ផ្ទុះ​មីន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២០ ខែ​កក្កដា ដោយ​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ពី​ខាង​ភាគី​ថៃ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន ដែល​ទាហាន​ថៃ បី​នាក់​រង​របួស​នៅ​ថ្ងៃទី​៦ ខែ​កក្កដា ក្នុង​ខេត្ត​ព្រះវិហារ។

ភាគី​យោធា​ថៃ បាន​ចោទ​ថា​គ្រាប់មីន​ដែល​ផ្ទុះ​ថ្មីៗ​នោះ គឺជា​មីន​ដែល​ទើប​តែ​ដាក់​ពង្រាយ មិនមែន​ជា​គ្រាប់មីន​ចាស់ៗ​សល់​ពី​សម័យ​សង្គ្រាម​នោះ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ថា កម្ពុជា​តែងតែ​បាន​ដាស់តឿន​ឲ្យ​ភាគី​ថៃ អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ការ​ឯកភាព​គ្នា​លើ​តម្រាយ​ផ្លូវ​សម្រាប់​ការ​ដើរ​ល្បាត ដោយសារតែ​តំបន់​ទាំងនេះ​នៅ​មាន​គ្រាប់មីន​មិន​ទាន់​ផ្ទុះ​ជាច្រើន ដែល​សូម្បីតែ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ត្រូវ​បាន​រងគ្រោះ​ផង​ដែរ។

យោង​តាម​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​អះអាង​ថា ទាហាន​ថៃ បាន​ល្មើស​ការ​ឯកភាព​ដែល​បាន​ចែង​ក្នុង​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU-2000) ហើយ​បាន​ធ្វើការ​ដើរ​ល្បាត​ខុសពី​តម្រាយ​ផ្លូវ​ចាស់​របស់​ខ្លួន ដោយ​បង្កើត​តម្រាយ​ផ្លូវ​ថ្មី​ទៅ​ក្នុង​តំបន់ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា។

អ្នកស្រី​បន្ត​ថា ផ្អែក​តាម​ផែនទី​មាត្រដ្ឋាន ១/២០០០០០ ដែល​ជា​លទ្ធផល​នៃ​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ថា បើ​សិន​ភាគី​ថៃ មិន​ល្មើស​ការ​ឯកភាព​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ (MOU-2000) នោះ​មិន​មាន​ការ​កើតឡើង​នូវ​ឧបទ្ទវហេតុ​ផ្ទុះ​មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម​នោះ​ទេ។

អ្នកស្រី ម៉ាលី សុជាតា បាន​លើក​ជា​សំណួរ​ពាក់ព័ន្ធ​ឧបទ្ទវហេតុ​ថ្មីៗ​នេះ​ថា តើ​ថ្នាក់​ដឹកនាំ​យោធា​ថៃ មាន​ចេតនា​អ្វី​ឲ្យ​ពិតប្រាកដ ដែល​សុខចិត្ត​បញ្ជូន​ទាហាន​របស់​ខ្លួន​ឲ្យ​ដើរ​ល្បាត​ខុស​តម្រាយ​ផ្លូវ បើ​ទោះបីជា​ដឹង​មុន​ហើយ​ថា​ពួកគេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម។

យោង​តាម​សេចក្តី​រាយការណ៍​ពី​កាសែត The Nation ទាហាន​ថៃ បាន​រក​ឃើញ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ៨​គ្រាប់​នៅ​ក្នុង​តំបន់​ចុងបុក ដែល​ថៃ ថា​ស្ថិត​ក្នុង​ទឹកដី​ខ្លួន។ មេបញ្ជាការ​យោធា​ថៃ ម្នាក់ គឺ​ឧត្ដមសេនីយ៍ឯក ប៊ូនស៊ីន ផាតក្លាង (Boonsin Padklang) បាន​ប្រកាស​ថា ទាហាន​ថៃ ត្រៀម​បើក​ការ​សងសឹក​ដោយ​មិន​បាច់​ចាំ​មាន​បទបញ្ជា​របស់​រដ្ឋាភិបាល ព្រោះ​លោក​វាយតម្លៃ​ថា ការ​ដាក់​មីន​ថ្មីៗ​នេះ​ជា​តាក់តិច​យោធា​ដោយ​ផ្ទាល់ ដែល​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយតប​យោធា​ជាបន្ទាន់។

ប្រទេស​ថៃ ក៏​មាន​ផែនការ​ប្តឹង​ប្រទេស​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ ដោយ​ចោទ​កម្ពុជា ថា​បាន​រំលោភ​អនុសញ្ញា​ក្រុង​អូតាវ៉ា ដែល​ហាមឃាត់​ការ​ប្រើប្រាស់​មីន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស