ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ និងពលករដែលបានធ្វើដំណើរតាមផ្លូវត្រឡប់មកប្រទេសកម្ពុជា វិញ គឺបានរងការរើសអើង ការដាក់សម្ពាធ ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាព សេរីភាពធ្វើដំណើររបស់ពួកគាត់។
សេចក្តីអំពាវនាវរបស់ក្រសួងការងារ បានលើកឡើងថា មានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែដើម្បីបង្ខំឱ្យពលករខ្មែរបន្តធ្វើការ បើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរមួយចំនួនមានការភ័យខ្លាចមិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅ ដោយភ័យខ្លាចរងនូវអំពើហិង្សានានា។
អំពើហិង្សាពីសំណាក់ពលរដ្ឋថៃ មកលើពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នេះ គឺក្រោយពីមានការឈ្លានពានពីខាងយោធាភាគីថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

