30.7 C
Phnom Penh

ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្ដូរ​ពី​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​ដក​សញ្ជាតិ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​អធិបតេយ្យ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

ពលករ​ខ្មែរ និង​ប្រជាពលរដ្ឋ​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ កក្កដា ថា ពួកគេ​នឹង​ផ្លាស់ប្ដូរ​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ មក​ជា​ការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ទឹកដី​កម្ពុជា​វិញ។

ប្រភព​ដដែល បញ្ជាក់​ថា មហា​បាតុកម្ម​នេះ នឹង​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ចាប់ពី​វេលា​ម៉ោង ១០.០០​នាទី​ព្រឹក ដល់​ម៉ោង ៣.០០​នាទី​រសៀល ដើម្បី​ថ្កោលទោស​រដ្ឋាភិបាល​ថៃ ដែល​បាន​ឈ្លានពាន​ដែន​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា។ អ្នក​រៀបចំ​បាតុកម្ម នៅ​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កក្កដា នេះ មាន​លោក មាស ពិសាល ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង និង​សហការី។

បាតុកម្ម​នេះ នឹង​ប្តូរ​ប្រធានបទ​ពី​ការ​ប្រឆាំង​នឹង​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ទៅ​ជា​ថ្កោលទោស​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ លើ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​វិញ។

លោក មាស ពិសាល អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ ហើយ​ស្នើ​ប្រមូល​បច្ច័យ​ជា​វិភាគទាន​ស្ម័គ្រចិត្ត​ទ្រទ្រង់​ការ​ចំណាយ​ក្នុង​បាតុកម្ម ហើយ​បើ​សេសសល់ យក​ទៅ​ឧបត្ថម្ភ​កងទ័ព និង​ជន​ភៀសសឹក​តាម​តំបន់​ជាយដែន។

ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឧត្ដមសេនីយ៍ឯក លី ឡាយ អះអាង​នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា កងទ័ព​ថៃ បាន​ផ្លោង​គ្រាប់កាំភ្លើង​ធុន​ធ្ងន់​លើ​ប្រាសាទ​ព្រះវិហារ​ជាច្រើន​គ្រាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តួ​ប្រាសាទ។

ជុំវិញ​បញ្ហា​នេះ ទាហាន​ខ្មែរ​បាន​អះអាង​ថា កាលពី​ថ្ងៃទី​២៤ កក្កដា កងទ័ព​កម្ពុជា ពិត​ជា​បាន​វាយ​បណ្តេញ​ទាហាន​ថៃ ចេញពី​ប្រាសាទ​តាក្របី និង​គ្រប់គ្រង​ប្រាសាទ​នេះ​បាន​ទាំងស្រុង​ពិត​មែន ក្នុង​នោះ ទាហាន​ខ្មែរ​ក៏​ប្រមូល​យក​បាន​កាំភ្លើងត្បាល់ ១៥​មិល្លីម៉ែត្រ​របស់​ថៃ ជាច្រើន​គ្រឿង ព្រមទាំង​បាន​បាញ់​ទម្លាក់​ដ្រូន​ទម្លាក់​គ្រាប់បែក​របស់​ថៃ បាន​ដោយ​ជោគជ័យ​ថែមទៀត។

សង្គ្រាម​ឈ្លានពាន​របស់​ថៃ លើ​ទឹកដី​កម្ពុជា​រយៈពេល ២​ថ្ងៃ​នេះ កងទ័ព​ថៃ បាន​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ៗ​ជាច្រើន​មាន​យន្តហោះ​ចម្បាំង F-16 គ្រាប់បែក​ចង្កោម និង​កាំភ្លើង​ធំ ATMG155MM ផង​ដែរ ខណៈ​កងទ័ព​ខ្មែរ​ប្រើប្រាស់​រ៉ុក្កែត​ផ្គួប​ស្រោច BM-21 Grad ៤០​កាណុង ទំហំ ១២២​មិល្លីម៉ែត្រ​ផលិត​នៅ​អតីត​សហភាព​សូវៀត។

មាន​សេចក្តី​រាយការណ៍​ពី​សមរភូមិ​នៅ​តាម​បន្ទាត់​ព្រំដែន មិន​ទាន់​អាច​បញ្ជាក់​ពី​ប្រភព​ឯករាជ្យ​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ១២ និង ៣០​នាទី ទាហាន​សៀម​បាក់​ទ័ព​រត់​ចោល​សម្ភារៈ​យោធា​ក្នុង​ភូមិសាស្ត្រ​ប្រាសាទ​តាក្របី ដោយ​បន្សល់​ទុក​សាកសព​កងទ័ព​សៀម​ជាច្រើន​នាក់ ខណៈ​កងទ័ព​ខ្មែរ​ក៏​ចាប់​បាន​ឈ្លើយសឹក​សៀម​ជាច្រើន​នាក់​ផង​ដែរ។

ទោះជា​យ៉ាងណាក្តី អ្នក​នាំពាក្យ​យោធា​ខ្មែរ មិន​ទាន់​បាន​បង្ហាញ ឬ​បញ្ជាក់​អំពី​រឿង​នេះ​នៅឡើយ​ទេ។

ជុំវិញ​បញ្ហា​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​រាជាណាចក្រ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ កក្កដា នេះ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រយុទ្ធ​តាម​ព្រំដែន​ថៃ-កម្ពុជា ជាពិសេស​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប៉ះពាល់​ដល់​ជនស៊ីវិល​ស្លូតត្រង់។ សហរដ្ឋ​អាមេរិក អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​មាន​ការ​បញ្ឈប់​ការ​វាយប្រហារ​ដើម្បី​ការពារ​ជនស៊ីវិល និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។

ចំណែក​អង្គការ​សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង (CAA) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ក៏​បាន​ចេញ​លិខិត​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ដោយ​ឥត​ញញើត​ពី​សំណាក់​ប្រទេស​ថៃ មក​លើ​ប្រទេស​កម្ពុជា​ដាច់អហង្ការ​ផង​ដែរ ដោយ​ចាត់ទុក​ទង្វើ​នេះ​ជា​ការ​បំពាន​លើ​ច្បាប់​អន្តរជាតិ និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់ ថែមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

អង្គការ​សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ ឱ្យ​គោរព​ច្បាប់​អន្តរជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​តាម​មធ្យោបាយ​ការទូត និង​តាមរយៈ​តុលាការ​អន្តរជាតិ (ICJ) ជាដើម។

អង្គការ​សម្ព័ន្ធ​ខ្មែរ-អាមេរិកាំង (CAA) ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សិទ្ធិ​ស្វ័យការពារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​កម្ពុជា​នា​ពេលនេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស