31.4 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ចោទ​ថា​កងទ័ព​ថៃ​ល្មើស​ច្បាប់​អន្តរជាតិ​ប្រើ​ឧស្ម័ន​ផ្សែង​ពុល​លើ​កងទ័ព​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​ប្រើប្រាស់​ផ្សែង​ពុល​ដោយ​យោធា​របស់​ប្រទេស​ថៃ លើ​ទឹកដី​កម្ពុជា ព្រោះ​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ និង​ជា​ការ​ប្រមាថ​លើ​គោលការណ៍​មនុស្ស​ជាតិ និង​សន្តិភាព​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ និង​យន្តការ​សិទ្ធិមនុស្ស​ក្នុង​តំបន់។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៨ កក្កដា នេះ​ថា ការ​ប្រើប្រាស់​ផ្សែង​ពុល​ដោយ​ចេតនា​របស់​យោធា​ប្រទេស​ថៃ ក្នុង​ការ​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា គឺជា​សកម្មភាព​ល្មើស​ច្បាប់ និង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ស៊ីវិល​កម្ពុជា សុខភាព​សាធារណៈ បរិស្ថាន​ធម្មជាតិ និង​តំបន់​បេតិកភណ្ឌ​វប្បធម៌​ដ៏​ពិសិដ្ឋ រួម​ទាំង​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ផង​ដែរ។

ប្រភព​ដដែល អះអាង​ថា សកម្មភាព​របស់​យោធា​ថៃ បែប​នេះ បាន​បំពាន​លើ​លិខិតុបករណ៍​អន្តរជាតិ​ជាច្រើន រួម​មាន អនុសញ្ញា​អាវុធ​គីមី​ក្នុង​មាត្រា​១ អនុសញ្ញា​អាវុធ​ជីវសាស្ត្រ អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ពិធីសារ​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩២៥ លក្ខន្តិកៈ​ទីក្រុង​រ៉ូម នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្នុង​មាត្រា​៨ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនស៊ីវិល​កម្ពុជា ផង​ដែរ។

ជាង​នេះ​ទៀត ក៏​បាន​រំលោភ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត ដែល​ចែង​ក្នុង​មាត្រា​៣ នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​មាត្រា​៦ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ទទួល​បាន​សុខភាព ដូច​មាន​ចែង​ក្នុង​មាត្រា​១២ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ផង​ដែរ។

លើស​ពី​នេះ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ដែល​មាន​សុវត្ថិភាព ស្អាត និង​មាន​សុខភាព​ល្អ ដែល​ទទួលស្គាល់​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ក្នុង​ដំណោះស្រាយ​លេខ ៤៨/១៣ និង​មាត្រា​២៨ នៃ​សេចក្តី​ប្រកាស​សិទ្ធិមនុស្ស​អាស៊ាន​យ៉ាង​ធ្ងន់ធ្ងរ​ថែមទៀត។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ទាមទារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រើប្រាស់​សារធាតុ​គីមី ឬ​សារធាតុ​ពុល​ដែល​ប្រទេស​ថៃ ប្រើប្រាស់​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ការ​ការពារ​ជនស៊ីវិល បេតិកភណ្ឌ​វប្បធម៌ និង​បរិស្ថាន ស្រប​តាម​ច្បាប់​មនុស្សធម៌ និង​សិទ្ធិមនុស្ស​អន្តរជាតិ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ឈរ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រឈមមុខ​នឹង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ប្រទេស​ថៃ និង​ដើម្បី​លើក​កម្ពស់​យុត្តិធម៌ សន្តិភាព និង​នីតិរដ្ឋ។

នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នៅ​ពេលវេលា​ម៉ោង ០៥ និង ០៦​នាទី​ល្ងាច ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៥ ភាគី​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង ដ្រូន​អត្តឃាត គ្រាប់បែក​ចង្កោម និង​ផ្សែង​ពុល​ផង​ដែរ​នៅ​តំបន់​ភ្នំ​ខ្មោច។

ជុំវិញ​បញ្ហា​នេះ បណ្ឌិត ឥន សុផល អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ កក្កដា នេះ​ថា ប្រទេស​ថៃ ជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ធំៗ​ដែល​ហាមប្រាម​ការ​ប្រើប្រាស់​សព្វាវុធ ដូចជា អនុសញ្ញា​អាវុធ​គីមី (Chemical Weapons Convention ) អនុសញ្ញា​អាវុធ​ជីវសាស្ត្រ (Biological Weapons Convention) និង​ពិធីសារ​ទីក្រុង​ហ្សឺណែវ (Geneva Protocol (1925) ផង​ដែរ។

បណ្ឌិត ឥន សុផល បញ្ជាក់​ថា សន្ធិសញ្ញា​ទាំងនេះ​ហាមឃាត់​ការ​ប្រើប្រាស់ ការ​អភិវឌ្ឍ ការ​ផលិត និង​ការ​ស្តុក​ទុក​អាវុធ​គីមី និង​ជីវសាស្ត្រ​ដាច់ខាត៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស