សមត្ថកិច្ចថៃ អះអាងថា ជនជាតិខ្មែរម្នាក់ដែលមានប្រពន្ធជាជនជាតិថៃ ត្រូវបានប៉ូលិសថៃ ចាប់ខ្លួនសង្ស័យពីបទធ្វើចារកម្មបង្កប់ខ្លួនលួចផ្តល់ព័ត៌មានពីយោធាថៃ ឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន។
សារព័ត៌មាន ខៅស៊ុត (Khaosod) របស់ថៃ បានចុះផ្សាយកាលពីថ្ងៃទី៦ ខែសីហា នេះថា បុរសម្នាក់ដែលជាទាហានខ្មែរមកពីបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានចាប់ខ្លួននៅក្នុងគេហដ្ឋានក្នុងប្រទេសថៃ បន្ទាប់ពីសង្ស័យថាបានបង្កប់ខ្លួនដើម្បីបញ្ជូនចារកម្មលើចលនាយោធាថៃ ឱ្យកម្ពុជា ហើយពេលនេះកំពុងត្រូវបានយោធាថៃ សួរចម្លើយ។
ប្រភពដដែលសរសេរថា មន្ត្រីប៉ុស្តិ៍នគរបាល Lamduan ស្រុកក្រសាំង ខេត្តបូរីរាំ បានអះអាងថា បុរសម្នាក់នេះបានលាក់ខ្លួនក្នុងប្រទេសថៃ ដើម្បីរាយការណ៍ពីចលនារបស់យោធា និងសន្តិសុខថៃ ឱ្យកម្ពុជា។
សារព័ត៌មានថៃ ដដែលនេះ បញ្ជាក់ថា ការបង្ហោះសាររបស់មន្ត្រីប៉ូលិសថៃ បានភ្ជាប់ជាមួយរូបថតបុរសម្នាក់ដែលជាជនសង្ស័យ និងមានឯកសណ្ឋានយោធាដូចអាវកាក់ និងមួកដែលមានស្លាកសញ្ញា BHQ ដែលជាអង្គរក្សរបស់លោក ហ៊ុន សែន។
ប៉ុន្តែក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៦ សីហា នេះ បានច្រានចោលនូវការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ ដោយចាត់ទុកថាជាព័ត៌មានមិនពិត និងជាការបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ព្រោះគ្មានកងកម្លាំងកម្ពុជាណាម្នាក់អនុញ្ញាតឱ្យមានស្នាមសាក់លើរូបរាងកាយជាដាច់ខាត។
ជុំវិញបញ្ហានេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក សេង ឌីណា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ សីហា នេះ ដោយចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានអំពីចារកម្មដែលមន្ត្រីនគរបាលថៃ អះអាងថាជាជនបង្កប់ស៊ើបការយកព័ត៌មានក្រុមយោធាថៃ ឱ្យកម្ពុជា គឺជារឿងប្រឌិតដែលថៃ រៀបចំឡើង។
លោក សេង ឌីណា លើកឡើងថា បើជននោះជាចារកម្មមែន គេមិនយកឯកសណ្ឋានយោធារបស់ខ្លួនជាមួយគ្រឿងឥស្សរិយយសចូលទឹកដីបរទេសទេ ដូច្នេះការចោទថាទាហានកម្ពុជាបង្កប់ខ្លួននៅក្នុងប្រទេសថៃ ដោយនាំយកឯកសណ្ឋានផ្ទាល់ខ្លួនទៅជាមួយបែបនេះ គឺជារឿងដែលមិនសមហេតុផលសុទ្ធសាធ។
ជុំវិញការចុះផ្សាយរបស់សារព័ត៌មានថៃ អំពីការចាប់បានចារកម្មខ្មែរនេះ ត្រូវអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទម្លាយរូបបុរសដែលថៃ ចោទថាជាជនជាតិខ្មែរ និងធ្វើចារកម្មឱ្យលោក ហ៊ុន សែន លើបណ្ដាញសង្គមហ្វេសប៊ុកព្រោងព្រាត ដោយបញ្ជាក់ថា បុរសម្នាក់នោះគឺជាជនជាតិថៃ ទៅវិញទេ ដោយផ្អែកតាមរូបថតដែលបុរសម្នាក់នោះធ្លាប់បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

