30.5 C
Phnom Penh

មេបញ្ជាការ​យោធភូមិភាគ​២ ថៃ បដិសេធ​សំណើ​លោក ហ៊ុន សែន ឱ្យ​ហាម​ថៃ​ប្រើ​យន្តហោះ​ចម្បាំង F-16s

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ព្រមាន​បន្ត​ប្រើ​យន្តហោះ F-16s ក្រោយពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ស្នើ​ប្រទេស​ដែល​ផលិត​យន្តហោះ​នេះ កុំ​អនុញ្ញាត​ឲ្យ​ថៃ ប្រើប្រាស់​ដើម្បី​វាយប្រហារ​ចូល​ទឹកដី​កម្ពុជា ទឹកដី​ឡាវ ម៉ាឡេស៊ី ឬ​ភូមា ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ថៃ។

សារព័ត៌មាន ខៅ​ស៊ុត (Khaosod) ស្រង់​សម្ដី​មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង (Boonsin Phadklang) ក្រោយពី​ទទួល​បាន​ដ្រូន​ឈ្លប​យក​ការណ៍​សម្រាប់​ទាហាន​តាម​ព្រំដែន​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ថៃ​នឹង​មិន​ខ្វល់​ពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន មិន​ឱ្យ​ប្រើ​យន្តហោះ​ចម្បាំង F-16s នោះ​ទេ ព្រោះ​ថៃ ត្រូវ​ប្រើ​វា​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​របស់​ខ្លួន។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​ការពារ​ជាតិ​ឱ្យ​រឹងមាំ យោធា​ថៃ ក៏​នឹង​ត្រូវ​ប្រគល់​ដ្រូន​ដែល​ទទួល​បាន​ទៅ​ឱ្យ​ទាហាន​ជួរមុខ​ឱ្យ​បាន​ឆាប់​ផង​ដែរ ដើម្បី​ពួកគេ​អាច​ប្រើប្រាស់​សម្រាប់​ការពារ​ខ្លួន ឈ្លប​យក​ការណ៍ និង​ការពារ​ព្រំដែន ហើយ​ថៃ ក៏​មិន​មាន​ផែនការ​ធ្វើ​ឃាត​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នោះ​ដែរ។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៦ ខែ​សីហា អំពាវនាវ​ទៅ​កាន់​ប្រទេស​ដែល​លក់​យន្តហោះ​ចម្បាំង​ឲ្យ​ថៃ គួរតែ​រឹត​បន្តឹង​លើ​កិច្ចសន្យា​ប្រើប្រាស់​យន្តហោះ​ទាំងនោះ ព្រោះ​កន្លង​ទៅ ថៃ​បាន​ប្រើ​យន្តហោះ​ដែល​បាន​ទិញ​ពី​អាមេរិក និង​ប្រទេស​ស៊ុយអែត វាយ​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ លើកឡើង​ថា កម្ពុជា​មិន​ជំទាស់​នឹង​ការ​លក់​យន្តហោះ​ចម្បាំង​ឲ្យ​ប្រទេស​ថៃ នោះ​ទេ ប៉ុន្តែ​សូម​កុំ​ឲ្យ​ថៃ ប្រើប្រាស់​យន្តហោះ​ទាំងនោះ​វាយប្រហារ​ចូល​ក្នុង​ទឹកដី​កម្ពុជា ទឹកដី​ឡាវ ម៉ាឡេស៊ី ឬ​ភូមា ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ថៃ នោះ។

ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ធុន​ធ្ងន់ និង​ស្រាល​រវាង​កម្ពុជា និង​ថៃ នៅ​តាម​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ បាន​ផ្ទុះ​ឡើង​អស់​រយៈពេល ៥​ថ្ងៃ និង​បាន​បញ្ចប់​ទៅវិញ​ក្រោយពី​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ឱ្យ​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា តាម​សំណើ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។

រយៈពេល ៥​ថ្ងៃ​នៃ​សង្គ្រាម​នោះ ភាគី​កម្ពុជា បាន​ចោទ​ភាគី​ថៃ ថា​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ជាច្រើន​វាយប្រហារ​ចូល​យ៉ាង​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា រួម​មាន យន្តហោះ​ចម្បាំង F-16s ដែល​ទិញ​ពី​អាមេរិក យន្តហោះ​ចម្បាំង Gripens ដែល​ទិញ​ពី​ប្រទេស​ស៊ុយអែត ដ្រូន​ទម្លាក់​គ្រាប់បែក កាំភ្លើង​ត្បាល់ គ្រាប់បែក​ចង្កោម និង​ប្រើ​យន្តហោះ​បញ្ចេញ​ផ្សែង​ពុល​ផង​ដែរ ខណៈ​កម្ពុជា ប្រើប្រាស់​សិទ្ធិ​ត្រឹម​ការពារ​ខ្លួន​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ កាសែត​របស់​ប្រទេស​សិង្ហបុរី The Strait Time បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ថា គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​សំណើ​ទិញ​យន្តហោះ JAS 39 Saab Gripen ដែល​ផលិត​នៅ​ប្រទេស​ស៊ុយអែត ចំនួន ៤​គ្រឿង​ទៀត កាលពី​ថ្ងៃទី​៥ ខែ​សីហា រួចរាល់​ហើយ ដើម្បី​ពង្រឹង​កងទ័ព​អាកាស​ថៃ និង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន។

ប្រភព​ដដែល​ចុះផ្សាយ​ថា កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​នេះ​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ទំនើបកម្ម​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​អាកាស​ថៃ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស