28.4 C
Phnom Penh

នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ គ្រោង​ផ្ដល់​ថវិកា​ទិញ​បន្លា​លួស​បន្ថែម​ទៀត​ដល់​មេបញ្ជាការ​ភូមិភាគ​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ស្តីទី​របស់​ថៃ គ្រោង​ផ្ដល់​ថវិកា​ទិញ​បន្លា​លួស​បន្ថែម​ទៀត​ដល់​មេបញ្ជាការ​ភូមិភាគ​២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ដែល​ភាគី​ថៃ ទន្ទ្រាន​ទាំង​គឃ្លើន​ពី​កម្ពុជា។

យោង​តាម​សារព័ត៌មាន ខៅ​ស៊ុត (Khaosod) របស់​ថៃ បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លោក Phumtham Wechayachai នៅ​ថ្ងៃទី​១៣ សីហា ថា អ្វី​ដែល​ចាំបាច់​សម្រាប់​បំផុត​នោះ គឺ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ ដូច្នេះ​កងទ័ព​ទាំងអស់​អាច​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​ពី​គ្រប់​ទីកន្លែង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កងទ័ព​ថៃ បាន​រាយ​បន្លា​លួស​ក្នុង​ទឹកដី​ខ្មែរ​ជាបន្តបន្ទាប់ ក្រោយពី​មាន​បទ​ឈប់​បាញ់​នា​ពេលនេះ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា កងកម្លាំង​ប៉ារ៉ា​ថៃ និង​តម្រួត​ព្រំដែន​ថៃ ប្រដាប់​ដោយ​អាវុធ ធ្វើ​សកម្មភាព​ចូល​មក​ត្រួតពិនិត្យ​នៅ​ទល់​មុខ​ច្រក​ជោគជ័យ នៅ​ថ្ងៃទី​១២ និង​ទី​១៣ ខែ​សីហា នេះ ដោយ​ពួកគេ​បាន​រាយ​លួស​បន្លា ព្រមទាំង​ដាក់​កង់ឡាន​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ក្នុង​ទិស​ទី​១ នៃ​យោធភូមិភាគ​ទី​៥។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា រូប​នេះ អំពាវនាវ​ឱ្យ​ភាគី​ថៃ បញ្ឈប់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​រាល់​សកម្មភាព​ដែល​រំលោភ​បំពាន​បទ​ឈប់​បាញ់ ព្រមទាំង​ស្មារតី​នៃ​ការ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC)។

ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​រស់នៅ​ភូមិ​ព្រៃចាន់ បាន​និយាយ​ក្នុង​ឃ្លីប​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា កងទ័ព​ថៃ បាន​ចូល​មក​ហ៊ុមព័ទ្ធ​ផ្ទះ​ពួកគាត់​ដែល​ស្ថិត​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ម៉ោង ៣ និង ៣០​នាទី ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ នេះ។

ជុំវិញ​បញ្ហា​នេះ នៅ​ក្នុង​វេទិកា​ទិវា​ឯករាជ្យ​របស់​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី​១២ សីហា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក Edgard D. Kagan បាន​អំពាវនាវ​ឱ្យ​ថៃ និង​កម្ពុជា ចៀសវាង​ពី​ការ​ធ្វើ​សកម្មភាព​បង្ក​រឿង ឬ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដែល​អាច​បំផ្លាញ​ដល់​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ។

ឯកអគ្គរដ្ឋទូត​អាមេរិក​រូប​នេះ អះអាង​ថា លោក​មិន​ចង់​ជ្រើសរើស​ភាគី​ណា​ម្ខាង​ឡើយ ថា​តើ​ប្រទេស​ណា​ត្រូវ​ទទួល​ខុសត្រូវ ប៉ុន្តែ​លោក​អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ចាត់​វិធានការ​សមស្រប ដើម្បី​ធានា​ថា​យោធា និង​ស៊ីវិល​គោរព​បទ​ឈប់​បាញ់។

ក្រោយ​បទ​ឈប់​បាញ់​នៅ​ថ្ងៃទី​២៨ ខែ​កក្កដា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) បាន​ឯកភាព​លើ ១៣​ចំណុច ពាក់ព័ន្ធ​នឹង​ការ​មិន​ពង្រីក​ទំហំ​ទ័ព ច្បាប់​អន្តរជាតិ​លើ​អ្នកទោស​សង្គ្រាម ជំនួប​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ក្នុង​រយៈពេល ១​ខែ​ក្រោយ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) និង​ការ​កាត់បន្ថយ​ភាព​តានតឹង ជាដើម៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស