អ្នកឃ្លាំមើល លើកឡើងថា ការបង្កើតក្រុមសង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដ៏ឆាប់រហ័ស គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៤ សីហា នេះថា ការបង្កើតក្រុមសង្កេតការណ៍បណ្ដោះអាសន្នដែលមានសមាសភាពអនុព័ន្ធយោធានៃប្រទេសអាស៊ានប្រចាំទីក្រុងភ្នំពេញ មុនប្រទេសថៃ គឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះការអនុវត្តបទឈប់បាញ់ ខណៈប្រទេសថៃ នៅតែរំលោភបំពានបទឈប់បាញ់នេះឥតឈប់ឈរ។
លោក សេង វណ្ណលី បញ្ជាក់ថា ជំហានបន្ទាប់សម្រាប់កម្ពុជា គឺការជំរុញអាស៊ាន អាមេរិក និងចិន ពន្លឿនបង្កើតក្រុមសង្កេតការណ៍ពិតប្រាកដរបស់អាស៊ានឲ្យបានឆាប់ និងជំរុញឱ្យមានការដាក់សម្ពាធលើថៃ ឲ្យឯកភាពនូវគោលការណ៍ និងក្រុមប្រតិបត្តិរបស់ក្រុមសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុត។
នៅថ្ងៃទី១៤ សីហា នេះ ក្រសួងការពារជាតិកម្ពុជា អះអាងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទៅសង្កេតមើលទីតាំងជាក់ស្តែងដើម្បីពិនិត្យមើលស្ថានភាពសន្តិសុខតាមព្រំដែនដែលប៉ះពាល់ដោយផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រភពដដែល បញ្ជាក់ថា គោលដៅដែលក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះទៅត្រួតពិនិត្យ រួមមាន ខេត្តបាត់ដំបង ដើម្បីស្តាប់របាយការណ៍របស់មេបញ្ជាការភូមិភាគទី៥ លោក ឯក សំអូន ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ។ ចំណែកគោលដៅបន្ទាប់ គឺចុះទៅពិនិត្យនៅខេត្តបន្ទាយមានជ័យ ដូចជា ច្រកបឹងត្រកួន ស្រុកថ្មពួក ច្រកអូរបីជាន់ ស្ថិតក្នុងភូមិជោគជ័យ ស្រុកអូរជ្រៅ និងច្រកប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី មានតំណាង ៦ប្រទេសចូលរួម ដូចជា ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសវៀតណាម។
បេសកកម្មក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នេះ កើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ក្នុងប្រទេសម៉ាឡេស៊ី កន្លងទៅ។
កាលពីថ្ងៃទី៧ សីហា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) ត្រូវបានធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។ ជាលទ្ធផល ភាគីទាំងពីរបានព្រមព្រៀងគ្នាលើប្រការទី១២ ក្នុងចំណោមលក្ខខណ្ឌទាំង ១៣ចំណុច ដើម្បីធានាបទឈប់បាញ់ ត្រូវបង្កើតឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន (IOT) រួមមាន អនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ាន ដែលដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដោយឯករាជ្យ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

