26.6 C
Phnom Penh

អ្នកជំនាញ​ច្បាប់​និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ៖ នយោបាយ​ការទូត​មុខ​ពីរ​របស់​ថៃ កំពុង​បង្ក​បញ្ហា​ដល់​អ្នក​ជិតខាង​និង​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ លើកឡើង​ថា នយោបាយ​ការទូត​មុខ​ពីរ​របស់​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ កំពុង​បង្ក​បញ្ហា​ដល់​ប្រទេស​ក្បែរ​ខាង​ខ្លួន និង​ពិភពលោក​ផង​ដែរ​សម្រាប់​កិច្ចការ​បរទេស​នៃ​ប្រទេស​មួយ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DCCAM) លោក ឆាំង យុ លើកឡើង​កាលពី​ថ្ងៃទី​១៤ សីហា នេះ​ថា ទោះ​រដ្ឋាភិបាល​ថៃ និង​យោធា​ថៃ អះអាង​ថា​ខ្លួន​ឈរ​លើ​ជំហរ​រួបរួម​តែ​មួយ​ក៏ដោយ ក៏ប៉ុន្តែ​ការពិត​ជាក់ស្តែង ប្រទេស​នេះ​មាន​ទស្សនៈ​យល់​ឃើញ និង​ឥរិយាបថ ព្រមទាំង​សំឡេង​ពីរ​ខុស​ពី​គ្នា​ដាច់​ស្រឡះ​ទៅ​ហើយ។

លោក​បន្ត​ថា ប្រទេស​ថៃ កំពុង​ប្រឈម​គោលនយោបាយ​មុខ​ពីរ ដែល​មួយ​ផ្នែក​កើត​ចេញពី​ខាង​រដ្ឋាភិបាល និង​មួយ​ផ្នែក​កើត​ចេញពី​ខាង​យោធា ហើយ​បញ្ហា​នេះ​បាន​ស្តែង​ឱ្យ​ឃើញ​នូវ​ការ​បែងចែក​ជា​ពីរ​បក្ស​ផ្សេង​គ្នា​នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​របស់​ខ្លួន។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រូប​នេះ លើកឡើង​ថា ការ​បែកខ្ញែក​រវាង​រដ្ឋាភិបាល និង​យោធា​ថៃ បាន​ចោទ​ជា​បញ្ហា​ប្រឈម មិនមែន​ចំពោះ​តែ​ប្រទេស​ជិតខាង​ខ្លួន​ក្នុង​ការ​បកស្រាយ​អំពី​ចេតនា​ពិតប្រាកដ​របស់​ខ្លួន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ចំពោះ​ប្រទេស​លោកខាងលិច និង​ពិភពលោក​ថែម​ទៀត​ផង ក្នុង​ការ​ស្វែងយល់​អំពី​សកម្មភាព​របស់​ថៃ ដោយ​ផ្អែក​ទៅ​លើ​ទង្វើ​ដែល​ប្រទេស​នេះ​បាន​បង្ក​ឡើង​នោះ។

លោក​បន្ត​ថា វត្តមាន​ក្រុម​យោធា​ថៃ ប្រកាន់​ជំហរ​ជ្រុល​ហួសហេតុ​នៅ​ផ្នែក​ម្ខាង និង​រដ្ឋាភិបាល​ស៊ីវិល​ថៃ ដែល​ប្រកាន់​ជំហរ​ការទូត​នៅ​ផ្នែក​ម្ខាង​ទៀត គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​យល់​ដឹង​ថា តើ​ភាគី​មួយ​គ្រប់គ្រង​នៅ​ពេល​ណា​ខ្លាំង​ណាស់ ហើយ​ក៏​ពិបាក​ដឹង​ថា​តើ​ប្រតិកម្ម​តប​គួរ​ធ្វើឡើង​ចំពោះ​ភាគី​មួយ ឬ​យ៉ាង​ដូចម្តេច​ផង​ដែរ។

លោក ឆាំង យុ បញ្ជាក់​ថា សន្តិភាព​អាច​សម្រេច​ទៅ​បាន លុះត្រាតែ​មាន​ភាព​ស្មោះត្រង់ តម្លាភាព និង​ការ​ប្ដេជ្ញាចិត្ត ប៉ុន្តែ​បញ្ហា​ដែល​កំពុង​កើតមាន​ក្នុង​ប្រទេស​ថៃ នា​ពេលនេះ បាន​បង្ក​ជា​ការ​លំបាក​ក្នុង​ការ​សម្រេច​បាន​នូវ​សន្តិភាព នៅ​ពេល​ដែល​មាន​ភាគី​ទាំង​ពីរ​កំពុង​ប្រកួតប្រជែង​គ្នា​ដែល​ត្រូវ​បង្ហាញ​នូវ​តម្លៃ​រួម​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​មុខ​នោះ។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៥ ក្រោយ​ផ្ទុះ​ជម្លោះ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ថា ថៃ​កំពុង​ផ្ទេរ​ពី​ជម្លោះ​ផ្ទៃក្នុង​មក​ជា​ជម្លោះ​ជាមួយ​កម្ពុជា ហើយ​ជម្លោះ​ដណ្តើម​អំណាច​នេះ ទោះ​ប្រឹង​ដោះស្រាយ​កម្រិត​ណា ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ។

ជាក់ស្តែង សារព័ត៌មាន ខៅ​ស៊ុត (Khaosod) បាន​ចុះផ្សាយ​ពី​ការ​មិន​ពេញចិត្ត​របស់​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ លោក ភូមថាំ វេឆាយ៉ាឆៃ ចំពោះ​សកម្មភាព​មេបញ្ជាការ​ភូមិភាគ​២ លោក ប៊ុនស៊ីន ផាតក្លាង ដែល​បាន​ប្រកាស​រៃអង្គាស​ថវិកា​ពី​ប្រជាជន ដើម្បី​ទិញ​ខ្សែលួស​បន្លា​សម្រាប់​ព័ទ្ធ​ជា​របង​ជាមួយ​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែ​សីហា កន្លង​ទៅ​នោះ។

ជុំវិញ​បញ្ហា​នេះ អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​ផ្សាយ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក ម៉ែន គឹមសេង សរសេរ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា ការ​ប៉ះទង្គិច​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា នា​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​នយោបាយ​របស់​ប្រទេស​ថៃ មាន​ភាព​វឹកវរ និង​ជួយ​បង្កើន​អំណាច​ដ៏​ធំធេង​ដល់​មេដឹកនាំ​យោធា ខណៈ​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ទីក្រុង​បាងកក គឺជា​អ្នក​ខាតបង់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស